UNODC៖ ឧក្រិដ្ឋកម្មឆ្លងដែនអាស៊ីអាគ្នេយ៍កំពុងវិវឌ្ឍលឿនជាងពេលណាទាំងអស់
ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥
របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ជាភាសាអង់គ្លេសថា UNODC បានបង្ហាញថា ឧក្រិដ្ឋកម្មឆ្លងដែននៅអាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផង កំពុងវិវឌ្ឍលឿនជាងពេលណាទាំងអស់ និងកំពុងរាលនៅទូទាំងពិភពលោក។ បើតាម UNODC ទោះរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្កើតកិច្ចសហការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែនរួមគ្នា ប៉ុន្តែស្ថាប័នរបស់អង្គការសហប្រជាជាតិមួយនេះនៅតែកត់សម្គាល់ឃើញ ការរីកសាយភាយនៃមជ្ឍមណ្ឌលបោកប្រាស់តាមអ៊ីនធ័រនែត ទំហំឧស្សាហកម្មដែលបាន និងកំពុងជំរុញឱ្យមានការកើនឡើងនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែនសម័យទំនើប បណ្តាញលាងលុយកខ្វក់ ការជួញដូរមនុស្ស ឬការលួចប្លន់យកទិន្នន័យជាដើម។
យោងតាមរបាយការណ៍ថ្មីដែលការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC ទើបចេញផ្សាយនៅខែមេសា ឆ្នាំ២០២៥ ការវិវឌ្ឍនៃឧក្រិដ្ឋកម្មឆ្លងដែននៅអាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ឡាវ ភូមា និងហ្វីលីពីនបានឈានដល់ចំណុចខ្ពស់មិនធ្លាប់មាន។ UNODC បានទទួលស្គាល់ថា រដ្ឋាភិបាលនៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានប្រឹងប្រែងរួមគ្នាបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈ បង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ និងពង្រឹងការអនុវត្តច្បាប់ក្នុងប្រទេសរៀងៗខ្លួន ក៏ប៉ុន្តែវិធានការនេះត្រូវបានចាត់ទុកថា គ្មានប្រសិទ្ធភាពនោះទេ។
លោក Benedikt Hofmann តំណាង UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកនិយាយថា ឧក្រិដ្ឋកម្មឆ្លងដែនប្រៀបបាននឹងជំងឺមហារីកដែលរីករាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត ព្រោះឬសគល់នៃឧក្រិដ្ឋកម្មអនឡាញមិនត្រូវបានគេដោះស្រាយលុបបំបាត់ចោល ដោយសារអំពើពុករលួយ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាអស្ថិរភាព សង្រ្គាមស៊ីវិលនៅក្នុងប្រទេស ដូចជាករណីប្រទេសភូមាជាដើម។
ចំពោះប្រទេសកម្ពុជា UNODC នៅតែមើលឃើញថា កម្ពុជាសំបូរទៅដោយមជ្ឈមណ្ឌលឆបោកអនឡាញ ក្នុងចំណោមប្រទេសអាស៊ាន។ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ កម្ពុជាមានទីតាំងនៃមជ្ឈមណ្ឌលបោកប្រាស់អនឡាញដែលគេបានស្គាល់ ឬរាយការណ៍ដូចជា នៅ ខេត្តព្រះសីហនុ ភ្នំពេញ ប៉ោយប៉ែត បាវិត កោះកុង និងពោធិ៍សាត់។ តែទន្ទឹមនេះ UNODC បានរកឃើញដែរថា បណ្តាញឧក្រិដ្ឋជនអនឡាញបានងាកទៅពង្រីកទីតាំងបើកប្រតិបត្តិការរបស់ខ្លួនក្នុងតំបន់មួយចំនួននៅក្នុងខេត្តពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។
ការពង្រីកប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជនបោកប្រាស់អនឡាញទៅកាន់តំបន់ថ្មីៗទៀត មិនមែនមានកើតឡើងតែនៅប្រទេសកម្ពុជាមួយទេ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតក៏ជួបបញ្ហាដូចគ្នានេះដែរ។ បើតាម UNODC បន្ទាប់ពីត្រូវបានបង្ក្រាបនៅអាស៊ីអាគ្នេយ៍ បណ្តាញក្រុមឧក្រិដ្ឋកម្មអនឡាញកំពុងពង្រីកប្រតិបត្តិការនៅទូទាំងពិភពលោក ទៅក្នុងតំបន់ដែលមានប្រព័ន្ធច្បាប់ទន់ខ្សោយដូចជា ទ្វីបអាហ្រ្វិក អាស៊ីខាងត្បូង មជ្ឈិមបូព៌ា និងកោះប៉ាស៊ីហ្វិក។ តាមការប៉ាន់ប្រមាណរបស់ UNODC មជ្ឈមណ្ឌលបោកប្រាស់ទ្រង់ទ្រាយធំរាប់រយកន្លែងនៅទូទាំងពិភពលោកភាគច្រើនដំណើរការដោយមជ្ឈមណ្ឌលឧក្រិដ្ឋកម្មនៅអាស៊ី និងរកបានចំណូលជិត ៤០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ទាក់ទងនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិ មិនទាន់អាចសុំការអត្ថាធិប្បាយពីក្រសួងមហាផ្ទៃកម្ពុជាបាននៅឡើយទេ ក៏ប៉ុន្តែលោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃធ្លាប់បានអះអាងកាលពីខែមីនាថា អាជ្ញាធរកម្ពុជាតែងចុះបង្ក្រាបបទល្មើសឆបោកតាមអនឡាញជាបន្តបន្ទាប់។ ប៉ុន្តែ ករណីឆបោកតាមអនឡាញមានភាពស្មុគស្មាញ និងពិបាកទប់ស្កាត់ ដោយហេតុថា សមត្ថកិច្ចពិបាកនឹងកំណត់មុខសញ្ញា ពិសេសការកំណត់ថា មួយណាជាជនល្មើស ឬមួយណាជានរងគ្រោះ។ ទោះយ៉ាងណា លោកស្រី ជូ ប៊ុនអេង ថា អាជ្ញាធរនៅតែបន្តស្រាវជ្រាវរកទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ដើម្បីទប់ស្កាត់កុំឱ្យរីករាលដាលកាន់តែខ្លាំង។
ក្រៅពីទាញសញ្ញាអាសន្ន របាយការណ៍ថ្មីរបស់ UNODC បានដាក់ចេញអនុសាសន៍មួយចំនួនសម្រាប់រដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីកំណត់យុទ្ធសាស្ត្រឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃឧក្រិដ្ឋកម្មឆ្លងដែ នរួមមាន ការបង្កើតវិធានការគ្រប់គ្រង និងស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុតឹងតែងបំផុត តាមរយៈកិច្ចសហការក្នុងតំបន់ និងអន្តរជាតិ និងការកសាងផែនទីបង្ហាញផ្លូវ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្សដែលមានទំនាក់ទំនងជាមួយបនល្បែង ព្រមទាំងប្រតិបត្តិការឆបោកនានាក្នុងតំបន់អាស៊ីអាគ្នេយ៍៕
Nº.0626