ពលរដ្ឋអាមេរិក ជួបជុំបាតុកម្មប្រឆាំងលោក ត្រាំ និងលោក Musk

7News

ពលរដ្ឋអាមេរិក ជួបជុំបាតុកម្មប្រឆាំងលោក ត្រាំ និងលោក Musk

ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥៖

ប្រជាពលរដ្ឋអាមេរិកបន្ត ជួបគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានក្រុមហ៊ុនរថយន្ត Tesla លោក Elon Musk។ ពលរដ្ឋអាមេរិកនៅបរទេស ក្នុងបណ្តាប្រទេសជាច្រើន ក៏ចូលរួមស្មារតីសម្តែងមតិជំទាស់នឹងនយោបាយ ដឹកនាំរបស់លោក ត្រាំ ព្រមទាំងអំពាវនាវឲ្យឈប់ទិញរថយន្ត Tesla ថែមទៀត ។ 

ប្រជា ពលរដ្ឋអាមេរិក ប្រមូលផ្តុំគ្នា តាម បណ្តាទីក្រុង និង រដ្ឋ យ៉ាងហោច ៥០ រដ្ឋ ដើម្បី ជួប ជុំ សម្តែង មតិ ប្រឆាំង នឹង នយោបាយ ដឹកនាំ ទាំងក្នុងស្រុក និងក្រៅស្រុក របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ បាតុកម្មគ្រានេះទៀត ក៏បន្ត ជំទាស់ នឹង នយោបាយ កំណែទម្រង់ របស់ ប្រធានក្រុមហ៊ុនរថយន្ត អគ្គិសនី Tesla លោក Elon Musk ដែល ដឹកនាំ ស្ថាប័ន ប្រសិទ្ធភាព រដ្ឋាភិបាល ឈាន ទៅ កាត់បន្ថយ បុគ្គលិក រដ្ឋ រាប់ពាន់ នាក់ និង បន្ថយឬលុប ចោល គម្រោង ជំនួយ អស់ ច្រើន សន្ធឹកសន្ធាប់ ។

បាតុក ម្ម នៅ មុខ រោងចក្រ ផលិត រថយន្ត Tesla និងនៅ ទី កន្លែង តាំង លក់ធំៗ រៀបចំ ឡើង ដើម្បី ឃោសនា កុំឲ្យ គេ ទិញ រថយន្ត ដើរដោយចរន្ត អគ្គិសនី ប្រភេទ Tesla នេះ តទៅទៀត ក្នុង គោល បំណង ដាក់ សម្ពាធ លើ លោក Elon Musk។ ការអំពាវនាវយ៉ាងដូច្នេះ មានជាហូរហែមកហើយ តាំងពីលោក ត្រាំ ឡើងកាន់អំណាចសេតវិមាន នៅថ្ងៃទី២០មករា តែអ្វីដែលគួរឲ្យសម្គាល់ គឺសកម្មភាពប្រឆាំងកាន់តែរីកធំឡើងៗជាលំដាប់។

ការជួប ជុំបាតុករ ដែល មាន មនុស្សជា ច្រើន ជាងគេ ធ្វើនៅ National Mall នៅក្រុង Washington។ នេះបើតាម Indivisible ជា ក្រុម អ្ន ករៀបចំ បាតុកម្ម ថ្ងៃសៅរ៍ ទី៥មេសា។ ក្នុង ចំណោម អ្ន ករៀបចំ បាតុកម្ម ក៏ មាន ការ ចូលរួម ពី សមាគម សហជីព និយោជិត អង្គការ សង្គមស៊ីវិលការពារសិទ្ធិមនុស្ស Humain Rights Campaign អង្គការ ការពារ បរិស្ថាន ធម្មជាតិ Greenpeace និង ក្រុម អ្នក ស្រឡាញ់ ភេទដូចគ្នា LGBTQ។

បាតុកម្ម ទូទាំង ប្រទេស គ្រា នេះបង្ហាញ សារ មួយ យ៉ាង ច្បាស់ ទៅកាន់ លោក ត្រាំ លោក Musk និងសមាជិក រដ្ឋសភាមកពី គណ បក្ស សាធារណរដ្ឋ ព្រ មទាំង បក្សពួក MAGA (Make America Great Again) ថាពលរដ្ឋអាមេរិក មិន បណ្តោយ ឲ្យ ពួក គេ ជាន់ឈ្លី ប្រជាធិបតេយ្យ ជិះជាន់ សហគមន៍ បំផ្លាញ សាលារៀន និងបំពាន មិត្តភក្តិ បង ប្អូន អាមេរិក នោះទេ។

មិនត្រឹមតែ ក្នុង ទឹកដី អាមេរិក នោះទេ បាតុកម្ម ប្រឆាំង នឹង លោក ដូណាល់ ត្រាំ និង លោក Elon Musk ក៏រៀបចំ ធ្វើ នៅ ប្រទេស កាណាដា អាល្លឺម៉ង់ អង់គ្លេស បារាំង ម៉ិកស៊ិក និង ព័រទុយហ្កាល់ ជាដើមដែរ ។ ក្នុង ចំណោម បាតុកម្ម នៅបរទេស តួយ៉ាង នៅក្រុង ប៉ារីស ជាដើម គេ សម្គាល់ ឃើញ មាន ក្រុម និស្សិត ក្រុម អ្នក ស្រាវជ្រាវ វិទ្យាសាស្ត្រ និង វេជ្ជសាស្ត្រ ក៏ បាន ប្រមូលគ្នាធ្វើ បាតុកម្ម ប្រឆាំង នៅ តាម បណ្តា សកលវិទ្យាល័យ ធំៗ។

បាតុកម្ម នៅអាមេរិក ក៏ សម្តែង មតិ ជំទាស់ នឹង គម្រោង ចង់ កាត់ បន្ថយ ជំនួយ គាំពា រ សង្គម ក្នុង កម្ម វិធីថែទំាំសុខភាព និងព្យាបាល ជំងឺ ដែល ក្រុម បាតុករ យល់ថា ចៅហ្វាយ សេតវិមាន ដូណាល់ ត្រាំ កំពុងតែ មានចេតនា ចង់ កាត់បន្ថយ កម្មវិធីនេះ។ ក៏ប៉ុន្តែ នៅថ្ងៃសៅរ៍ លោកស្រី Liz Huston មន្ត្រី ទំនាក់ទំនង ព័ត៌មាន របស់ សេតវិមាន អាមេរិក បាន ចេញ មុខ ការពារ ជំហរ ដឹកនាំ របស់ លោក ដូណាល់ ត្រាំ ថា ប្រធានាធិបតីអាមេរិក នឹងការពារប្រព័ន្ធ សន្តិសុខសង្គម ការ ថែទាំសុខភាពនិងព្យាបាល ជំងឺ ចំពោះ អ្នក ដែល មាន សិទ្ធិ ស្របច្បាប់ ត្រូវទទួលបាន សេវា នោះ ៕

Nº.0594

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top