ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ចុងខែមេសានេះ
ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥៖
ប្រសិនជាពុំមានការប្រែប្រួលទេ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងជាង២០០គីឡូម៉ែត្រ សាងសង់ ក្រោមឥណទានសម្បទានពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅចុងខែមេសា ។នេះបើយោងតាមស្មារតីកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ។
កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការ អញ្ជើញចូល រួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញ បច្ចេក ទេស ពាក់ព័ន្ធក្រោមឱវាទ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសផងដែរ ។
ប្រភពក្រសួងសាធារណការបញ្ជាក់ថា កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យទៅលើវឌ្ឈនភាពនៃការរៀបចំរបស់ អនុគណៈកម្មការ ទទួល បន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន សំដៅធានាឱ្យដំណើរការរៀបចំពិធីសម្ពោធ ប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុកថ្ងៃទី២៩ ខែមេសាខាងមុខនេះ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ មានប្រវែងសរុប ២០១,៣៨ គីឡូម៉ែត្រ ៕
Nº.0618