អ៊ុយក្រែន អះអាងថា ចាប់ បាន ឈ្លើយសឹក ជនជាតិ ចិន ២នាក់ ដែល ជួយ ច្បាំង ខាង ទ័ព រុស្ស៊ី

7News

អ៊ុយក្រែន អះអាងថា ចាប់ បាន ឈ្លើយសឹក ជនជាតិ ចិន ២នាក់ ដែល ជួយ ច្បាំង ខាង ទ័ព រុស្ស៊ី

ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥៖

នៅ រសៀលថ្ងៃអង្គារទី ៨មេសា លោកហ្សេឡេនស្គី បាន ប្រកាសដំណឹងថា កងទ័ពអ៊ុយក្រែន នៅសមរភូមិខាងកើត បានចាប់ខ្លួន ជនជាតិចិន ២នាក់ ដែលជាទាហានជួយ ច្បាំងឲ្យខាងកងទ័ពរុស្ស៊ី ។ លោក ប្រធានាធិបតីអ៊ុយក្រែន បានទាមទារ សុំឲ្យ មានការបំភ្លឺ ជាបន្ទាន់ ពីសំណាក់ រដ្ឋាភិបាលចិន ថាបើចិន ជា ប្រទេសអព្យាក្រិត្យ ចុះហេតុអ្វី បាន ជាមានជនជាតិចិន ជួយ ប្រយុទ្ធនៅក្នុងកង ទ័ពរុស្ស៊ី ដែលជាចោរឈ្លានពានទឹកដីអ៊ុយក្រែន បែបនេះ ?

ទាហានរបស់យើង បានចាប់បាន ជនជាតិចិន ២នាក់ ដែលជាកងកម្លាំងជួយ ច្បាំងខាងពួកកងទ័ពរុស្ស៊ី នៅក្នុងទឹកដីអ៊ុយក្រែនតំបន់ដូណែតស៍ ។ នេះ គឺជាសំដី ប្រកាសដំណឹង របស់លោក ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សឡេនស្គី កាលពីរសៀល ថ្ងៃទី ៨មេសា នៅក្នុង សន្និសីទកាសែតរួមគ្នា ជាមួយលោក នាយករដ្ឋមន្រ្តីប៊ែលហ្ស៊ិក Bart De Wever នៅឯទីក្រុងកៀវ។ លោកហ្សេឡេនស្គី បាន លើកឡើងទៀតថា គេបានរកឃើញ លិខិតស្នាម បញ្ជាក់អត្តសញ្ញាណ ដែលបញ្ជាក់ថាជនទាំង២នាក់នោះ គឺជាជនជាតិចិន ។


លោក ហ្សេឡេនស្គី បានឆ្លៀតឱកាសប្រកាសដំណឹងនេះ ផ្ញើសារទៅកាន់រដ្ឋាភិបាល លោកដូណាល់ ត្រាំ ថាសូមសហរដ្ឋអាមេរិក មេត្តាប្រុងប្រយ័ត្ន តាមដាន ឲ្យច្បាស់ នូវអ្វីដែលកំពុងតែកើតឡើងនៅអ៊ុយក្រែន ។ បន្ទាប់ពី អ៊ីរ៉ង់ និងកូរ៉េខាងជើង គឺ ពេលនេះ មានភស្តុតាងបញ្ជាក់ថា មាន ប្រទេសថ្មីមួយទៀតហើយ ដែល ចូលរួមជួយ ខាងរុស្ស៊ី ដើម្បីធ្វើសង្គ្រាម ឈ្លានពានទឹកដីនិងសម្លាប់ប្រជាជនអ៊ុយក្រែន ។ លោកហ្សេឡេនស្គី អះអាងថា លោកនឹងបញ្ជូន រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ជួបជាមួយសមភាគី ចិន ដើម្បីទទួលបាន ការបំភ្លឺឲ្យ បានឆាប់ បំផុត។

សូមបញ្ជាក់ដែរថា ផ្អែកតាមប្រភពអ៊ុយក្រែន គឺប្រហែលជាអាចមាន ជនជាតិចិនច្រើននាក់ ដែលកំពុងជួយប្រយុទ្ធ ក្នុងកងទ័ពរុស្ស៊ី។ ក្នុងទឹកមុខស្រងូតស្រងាត់ លោក ហ្សេឡេនស្គីលើកឡើងថា អ៊ុយក្រែនជាប្រទេសរឹងមាំតស៊ូប្តេជ្ញាប្រយុទ្ធការពារទឹកដីមែនហើយ តែអ៊ុយក្រែនមិនអាចមានកម្លាំង ប្រយុទ្ធគ្រប់ទិស ជាមួយកម្លាំងទាហាន ប្រទេសជាច្រើន ក្នុងពេលតែមួយនោះទេ ។ លោក ហ្សេឡេនស្គី បាន អះអាងជាថ្មីថា នេះគឺជាភស្តុតាងបញ្ជាក់ថា ពូទីន មែនដែលចង់ឈប់ធ្វើសង្គ្រាម នោះទេ ទោះអស់ទាហានខ្លួនក៏នៅបន្តទៅរក កម្លាំងពី ប្រទេសផ្សេងមួយជួយ ។ នៅក្នុងសារវីដេអូមួយ ផ្សាយតាមបណ្តាញសង្គម នៅថ្ងៃទី ៨មេសាដែរ លោក ហ្សេឡេនស្គី បានទាមទារ ឲ្យសហរដ្ឋអាមេរិក ក្រុម ប្រទេសអឺរ៉ុប និង ប្រទេសណាៗទាំង ដែលស្រលាញ់និងចង់បាន សន្តិភាព ត្រូវតែប្រតិកម្ម សួរនាំរកហេតុផល ពីចិននិង ពីរុស្ស៊ី ៕


គួររំលឹកថា កន្លងមកប៉េកាំងតែងតែបានប្រកាសជានិច្ច ថាខ្លួនគឺជាភាគីអព្យាក្រិត្យ មិន កាន់ជើងនរណាទាំងអស់ នៅក្នុងវិបត្តិ សង្គ្រាមនៅអ៊ុយក្រែន។ តែទន្ទឹមគ្នានេះ មានប្រភព ជាច្រើន បាន អះអាងថា ចិន បានសហការជួយខាងរុស្ស៊ី ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដើម្បី ឲ្យ រុស្ស៊ីបន្តធ្វើសង្គ្រាម នៅអ៊ុយក្រែន ។ ក្រោយ ដំណឹងចាប់បានជនជាតិចិន ២នាក់នៅ ភាគខាងកើតអ៊ុយក្រែន នេះ លោក Andriï Sybiga រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបង្ហោះសារតាមបណ្តាញ សង្គម X ថាសំដីអះអាងរបស់ភាគីចិន ដែលតែងតែ ប្រកាស ថា ខ្លួន ជាអ្នកសន្តិភាពនិយមនោះ គឺវាលែងមានន័យ អ្វីទៀតហើយ ព្រោះ មានជនជាតិចិន ជួយប្រយុទ្ធខាងកងទ័ពរុស្ស៊ី ដែលជាចោរឈ្លានពានអ៊ុយក្រែន៕

Nº.0603




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top