ចិន និង រុស្ស៊ី បដិសេធ ថា គ្មាន ទាហាន ចិន នៅ ក្នុង សង្គ្រាម អ៊ុយក្រែនទេ
ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥៖
បន្ទាប់ ពី ប្រកាស ចាប់ ខ្លួន ឈ្លើយ សឹក ជនជាតិ ចិន បាន ពីរ នាក់ លោក ប្រធានាធិបតី អ៊ុយក្រែន ហ្សេឡេនស្គី បាន ផ្តល់ ព័ត៌មាន លម្អិត ទាក់ទង នឹង វត្តមាន ទាហាន ចិនក្នុង ជួរ កងទ័ព រុស្ស៊ី នៅ លើ សមរភូមិ អ៊ុយក្រែន ។ តែ នៅ ថ្ងៃព្រហស្បតិ៍ ទី ១០មេសា នេះ ប៉េកាំង បាន បញ្ចេញ ប្រតិកម្ម ដោយ បរិហារ លោ កហ្សេឡេនស្គី ថា បាន ប្រើ សម្តី ដែល គ្មាន ទំនួល ខុស ត្រូវ។
តប នឹង សំណួរ របស់ អ្នក សារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ នេះ អ្នក នាំពាក្យ ក្រសួងការ បរទេស ចិន បាន បញ្ចេញ ប្រតិកម្ម បរិហារប្រធានាធិបតី អ៊ុយក្រែនថា បាន ប្រើពាក្យ សម្តី ដែល គ្មាន ទំនួល ខុស ត្រូវ និងគ្មាន ទស្សនៈ វិស័យ វិជ្ជមាន ចំពោះ តួនាទី របស់ ចិន ក្នុង សង្គ្រាម អ៊ុយក្រែន។ ចិន មិនមែន ជាអ្នក ហេតុ បង្ក និង មិន បាន កាន់ ជើង ភាគី ណា ទេ។ ចិន មាន ជំហរ និង ជាអ្នក ជំរុញ ដ៏ សកម្ម ការ ស្វែង រក ដំណោះស្រាយ ដោយ សន្តិភាព។ នេះ ជា ប្រសាសន៍ របស់ អ្នក នាំពាក្យ ចិនដដែល ដោយ បញ្ជាក់ ថាប៉េកាំង តែង ណែនាំ ប្រជាពលរដ្ឋ ចិនមិន ឱ្យ ទៅ ក្បែរ តំបន់ មាន ជម្លោះ ទេ និងដាក់ កំហិត ជាពិសេស មិន ឱ្យពលរដ្ឋ ចិន ចូល រួម ក្នុង ប្រតិបត្តិការ យោធាណា មួយ ទេ។
ប្រតិកម្ម របស់ ចិន នេះ ធ្វើ ឡើង បន្ទាប់ ពី លោកប្រធានាធិបតី អ៊ុយក្រែន បាន ផ្តល់ ព័ត៌មានយ៉ាង លម្អិតកាលពី ថ្ងៃទី ៩មេសា ទាក់ទង នឹង អត្តសញ្ញាទាហាន ជនជាតិចិន ដែល អ៊ុយក្រែន ចាប់ ខ្លួន បាន កាលពី ថ្ងៃ អង្គារ ដោយ មាន វីដេអូ ព្រមទាំង លិខិត ឆ្លង ដែន ជា ភស្តុតាង បង្ហាញ ផង។ ទាហាន ទាំងពីរ មិន ធ្លាប់ កាន់ អាវុធ ទេ ពី មុន មក។ ជា សរុប បើ តាមលោក ប្រធានាធិបតី អ៊ុយក្រែន ដដែល មាន ទាហាន ចិន ចំនួនយ៉ាង ហោច ១៥០នាក់ កំពុងកាន់ អាវុធ ច្បាំង នៅ លើ សមរភូមិអ៊ុយក្រែន ក្នុង ជួរ យោធា រុស្ស៊ី ។ អត្តសញ្ញាណ និង ព័ត៌មាន ទាក់ទង នឹង ទាហាន ចិន ទាំងនោះ ត្រូវ បាន អ៊ុយក្រែន បញ្ជូន ទៅ ប៉េកាំង តាម ផ្លូវការ ទូត។
សម្រាប់ លោក ហ្សេឡេនស្គី រុស្ស៊ី បាន អូស ទាញ ប្រទេស ជា ច្រើន ឱ្យ មក ចូល ប្រលូក នឹង សង្គ្រាម ហើយ ពេល នេះ រុស្ស៊ី បាន អូស ចិន។ ហើយ អាជ្ញាធរ ប៉េកាំង ក៏ បាន ដឹងទាំងអស់ អំពី សកម្មភាព រុស្ស៊ី ជ្រើសរើស ទាហាន ចិន។ ការ ចូល រួម ដោយ ផ្ទាល់ របស់ពលរដ្ឋ ចិន ក្នុង សង្គ្រាម នៅអ៊ុយក្រែន ស បញ្ជាក់ថា សង្គ្រាម ឈ្លានពាន អ៊ុយក្រែនកំពុង ចាប់ រីក រុស្ស៊ី ចង់ បន្ត ការ ប្រយុទ្ធ។ ហេតុ ដូច្នេះហើយ បាន ជា លោកប្រធានាធិបតី ទទូច ឱ្យ សម្ព័ន្ធមិត្ត អ៊ុយក្រែន ផ្តល់ ការ គាំទ្រ ខ្លាំង បន្ថែម ទៀត មក អ៊ុយក្រែន ដើម្បី មាន មធ្យោបាយ ទប់ ទល់ នឹងការ ឈ្លានពាន របស់ រុស្ស៊ី ដែល មាន ប្រៀប កាន់ តែ ខ្លាំង ឡើងៗ បើ គិត អំពី ចំនួន ទាហាន កាន់ អាវុធ។
រុស្ស៊ីបាន ច្រាន ចោល ទាំង ស្រុង ថា គ្មាន ទាហាន ចិន កាន់ អាវុធ ច្បាំង នៅ អ៊ុយក្រែន ដូច ការ អះអាង របស់ ប្រធានាធិបតី ហ្សេឡេនស្គីទេ។ ចិន មាន ជំហរ នឹង ល្អ ជា មិត្ត ជា ដៃគូ យុទ្ធសាស្ត្រ ។ ប្រធានាធិបតី អ៊ុយក្រែន និយាយ កុហក៕
Nº.0610