លោក ម៉ាក្រុងប្រកាស ជំហរប្រឆាំងនឹងផែនការ “បណ្តេញ ជនប៉ាឡេស្ទីនចេញពីហ្កាហ្សា ”

7News

លោក ម៉ាក្រុងប្រកាស ជំហរប្រឆាំងនឹងផែនការ “បណ្តេញ ជនប៉ាឡេស្ទីនចេញពីហ្កាហ្សា ”

ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥៖

លោកម៉ាក្រុង ប្រធានាធិបតី បារាំង បានធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងគែរ ប្រទេសអេស្ប៊ីប កាលពីថ្ងៃចន្ទទី ៧មេសា ។ ក្នុងពេលជួបជាមួយ លោក អាល់ស៊ីស៊ី ប្រធានាធិបតីអេហ្ស៊ីប លោក ម៉ាក្រុងបានថ្លែងប្រកាសគោលជំហរ ថាមិនខុសពីក្រុម ប្រទេសអារ៉ាប់ គឺបារាំង ប្រឆាំងដាច់ខាត ចំពោះ ផែនការរបស់ លោកដូណាល់ ត្រាំ ដែល ចង់បណ្ដេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ដើម្បី យក តំបន់ នេះ អភិវឌ្ឍន៍ ធ្វើជាឋានសួគ៌អចលនទ្រព្យ។ លោកម៉ាក្រុងក៏បានអំពាវនាវផងដែរ ឲ្យ មានបទឈប់បាញ់នៅហ្កាហ្សា ដោះលែង ចំណាប់ខ្មាំងទាំងអស់ ហើយ ថាអនាគតហ្កាហ្សា ត្រូវតែ ផ្តាច់ឲ្យ បាន អំពីកណ្តាប់ដៃរបស់ ក្រុមហាម៉ាស។

ថ្ងៃទី ៧ មេសា លោក ម៉ាក្រុងប្រធានាធិបតីបារាំង ត្រូវបាន លោក ប្រធានាធិបតីអេហ្ស៊ីប ទទួលស្វាគមន៍ នៅទីក្រុងគែរ ក្នុង ឱកាសទស្សនកិច្ច ២ថ្ងៃ ដែល ផ្តោតអាទិភាពទៅលើសំណុំរឿងតំបន់ហ្កាហ្សា។ នៅក្នុង សន្និសីទកាសែតរួមគ្នា ជាមួយ លោក អាល់ស៊ីស៊ី លោក ម៉ាក្រុងបានថ្លែងថា បារាំងក៏មិនខុសពីអេហ្ស៊ីប គឺសូមថ្កោលទោស ចំពោះការចាប់ផ្តើម ឡើងវិញនូវ ការវាយប្រយុទ្ធនៅហ្កាហ្សា ចាប់ពីថ្ងៃទី ១៨ មីនាមក ដោយបំពានទៅនឹងបទឈប់បាញ់បណ្តោះអាសន្ន។

លោក ប្រធានាធិបតីបារាំងបានលើកឡើងទៀតថា បារាំងសូមប្រកាសគោលជំហរប្រឆាំងដាច់ខាត ចំពោះផែនការ ទាំងឡាយ ណា ដែលមានគោលបំណង ចង់បណ្តេញ ប្រជាជន ប៉ាឡេស្ទីន ទាំងអស់ចេញពីតំបន់ហ្កាហ្សា ក៏ដូចជា ផែនការ ចង់ ច្បាមគ្រប់គ្រងតំបន់ហ្កាហ្សានិងតំបន់ស៊ីហ្សកដានី ។ លោកម៉ាក្រុងអះអាងថា ទង្វើនេះ គឺជាការបំពាន យ៉ាងព្រហើន មកលើ ច្បាប់អន្តរជាតិ ជាការគំរាម មក លើសន្តិសុខតំបន់ និងទៅលើសន្តិសុខរបស់អ៊ីស្រាអែលខ្លួនឯងផងដែរ ។

លោក ម៉ាក្រុងបានប្រកាសថា បារាំងគាំទ្រចំពោះគោលគំនិត ផ្តួចផ្តើមឡើងដោយ ក្រុមប្រទេសអារ៉ាប់ ដោយ មានអេសហ្ស៊ីប ជាកម្លាំងចលករ ដែល បានស្នើឲ្យ មានបទឈប់បាញ់នៅហ្កាហ្សា ឲ្យ ជនភៀសខ្លួន ប៉ាឡេស្ទីនទាំង ជាង ២លាននាក់ អាច ត្រលប់ទៅផ្ទះសំបែងវិញ។ តែទន្ទឹមគ្នានេះ លោក ម៉ាក្រុង បានបញ្ជាក់ថាត្រូវពង្រឹងបន្ថែមទៀត ទៅលើផែនការសន្តិភាព នេះ ទាក់ទិននឹង ផ្នែកសន្តិសុខ និង ការគ្រប់គ្រងនយោបាយ និងរដ្ឋបាលនៅហ្កាហ្សា ដើម្បី ធ្វើយ៉ាងណា ឲ្យ ភាគីអាមេរិក អាចមានទំនុកចិត្ត ។ លោក ម៉ាក្រុងអះអាងថា ទៅថ្ងៃអនាគត ក្រុមហាម៉ាស មិនអាច មានចំណែក នៅក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាជាដាច់ខាត ហើយក៏ មិនអាចឈានទៅគំរាម សន្តិសុខរបស់អ៊ីស្រាអែល ទៅថ្ងៃខាងមុខបានឡើយ ។

សូមបញ្ជាក់ថា ក្រុមប្រទេសអារ៉ាប់ បាន រួមរួមគ្នា ស្នើផែនការ សន្តិភាពមួយនៅហ្កាហ្សា ដោយ លើកជាសំណើថា អាជ្ញាធរ ប៉ាឡេស្ទីន នឹងត្រូវត្រលប់ទៅគ្រប់គ្រងនៅហ្កាហ្សាម្តងបន្តិចៗ ហើយ ចំណែក ក្រុមហាម៉ាសវិញ ត្រូវតែ ដកខ្លួនចេញឈប់មានតួនាទីឬឥទ្ធិពលនៅហ្កាហ្សា ។ ផែនការ របស់ក្រុមប្រទេសអារ៉ាប់នេះ គឺជាការឆ្លើយតបទៅនឹងគម្រោង របស់ លោកដូណាល់ ត្រាំ ដែលចង់យកតំបន់ហ្កាហ្សា អភិវឌ្ឍន៍ធ្វើជាឋានសួគ៌អចលនទ្រព្យ ហើយ ចំណែក ជនប៉ាឡេស្ទីនវិញ ត្រូវបណ្តេញ ចេញ យកទៅ ឲ្យ នៅតាមប្រទេសអារ៉ាប់ក្បែរខាង ដូចជាអេហ្ស៊ីប និងហ្សកដានីជាដើម ។

គួរបញ្ជាក់ដែរថា ព្រះចៅ អាប់ដាឡាទី២នៃប្រទេសហ្សកដានី ក៏បានមកជួប លោក ម៉ាក្រុងដែរ នៅទីក្រុងគែរ ថ្ងៃទី ៧មេសា ដើម្បីនិយាយអំពីបញ្ហាតំបន់ ហ្កាហ្សា ។ ការប្រកាសគោលជំហររបស់បារាំង គាំទ្រសហការជាមួយ ក្រុមប្រទេសអារ៉ាប់ នាពេលនេះ គឺវាជួនចំពេល ដែល លោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទៅជួបលោកដូណាល់ ត្រាំ នៅឯវ៉ាស៊ីនតោន ។ នៅខែមិថុនាខាងមុខនេះ លោក ម៉ាក្រុង សហការជាមួយ ព្រះអង្គម្ចាស់បេនសាល់ម៉ាន់ នឹងរៀបចំជំនួបកំពូលពិសេសមួយនៅ អង្គការសហប្រជាជាតិ ដើម្បីនិយាយអំពី ដំណោះស្រាយ សន្តិភាពយូរអង្វែងជូន ប៉ាឡេស្ទីន តាមរយៈការ បង្កើតរដ្ឋប៉ាឡេស្ទីន ៕

Nº.0599



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top