ប្រជាពលរដ្ឋប្រមាណជាង ៧ម៉ឺននាក់ មកទទួលសេវាកម្មដោយជិះរថយន្តក្រុងទៅលេងស្រុកកំណើត
ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥
ភ្នំពេញ៖ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ កំណើនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីរោងចក្រ មកទទួលសេវាកម្មដោយជិះរថយន្តក្រុងទៅលេងស្រុកកំណើតមានកំណើនច្រើនជាងបណ្ដាលឆ្នាំមុនៗ ខណៈឆ្នាំ២០២៤ មានប្រមាណជាង ៧ម៉ឺននាក់ ហើយប្រជាពលរដ្ឋបានចំណេញពីការដឹកជញ្ជូនមិនគិតថ្លៃបានប្រមាណជាង ១លាន ២សែនដុល្លារ។
នេះបើតាមការឱ្យដឹងពី លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោក និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជូនដំណើរប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ នាព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
លោក ឃួង ស្រេង បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៥ មានកំណើនជាងឆ្នាំមុន។ ការកើនចំនួននេះដោយសារតែប្រជាពលរដ្ឋមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពល្អ។
សូមបញ្ជាក់ថា សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕
Nº.0604