អាជ្ញាធរអូស្ត្រាលី ជម្លៀសប្រជាជនរាប់ពាន់នាក់ ចេញពីតំបន់រងគ្រោះទឹកជំនន់
ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥៖
នៅអូស្ត្រាលី គ្រោះមហន្តរាយទឹកជំនន់ដ៏កំណាច ដែលមិនធ្លាប់ជួបពីមុនមក បានជន់លិចរដ្ឋ Queensland នៅតំបន់ប៉ែកឦសានប្រទេស។ រដ្ឋ Queensland មានផ្ទៃដីធំជាងប្រទេសបារាំងនិងអាល្លឺម៉ង់បញ្ចូលគ្នា និងធំជាងរដ្ឋ Texas នៅអាមេរិក។ គ្រោះមហន្តរាយនេះ បណ្តាលមកពីភ្លៀងធំធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ហើយបានបំផ្លាញផ្ទះសម្បែងជ្រាច្រើនខ្នង និង បានសម្លាប់សត្វពាហនៈ ជាង ១ សែនក្បាល។ អាជ្ញាធរអូស្ត្រាលី បានជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីផ្ទះសម្បែង ទៅរកទីកន្លែងសុវត្ថិភាព។
នៅអូស្រ្តាលី ភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នាចាប់តាំងពីចុងខែមីនា បានជន់លិចផ្ទៃដីប្រមាណ ៥០ម៉ឺន គីឡូម៉ែត្រការ៉េ នៅប៉ែកខាងលិចរដ្ឋ Queensland ដែលមានកសិដ្ឋានចិញ្ចឹមសត្វច្រើនជាងគេក្នុងប្រទេស។ ក្នុងនោះកសិដ្ឋានចិញ្ចឹមគោត្រូវជន់លិចគ្មានសល់។ គិតមកត្រឹមថ្ងៃអាទិត្យ ទី៦ មេសា គ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នេះ បានសម្លាប់សត្វពាហនៈចំនួនប្រមាណ ១៥ម៉ឺនក្បាល។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្មអូស្ត្រាលី។ ផ្ទះសម្បែងប្រជាជនជាច្រើនខ្នងត្រូវបំផ្លិចបំផ្លាញ។ ចំណែកឯ មធ្យោបាយ ធ្វើដំណើរក៏ ជួបបញ្ហាខ្លាំងដែរ ព្រោះ តែហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ក៏ ខូច ខាត យ៉ាង ដំណំ ដោយសារតែ ភ្លៀង ធំ ទឹកជន់ និង បាក់ដី ដាច់ ផ្លូវ ។ ផ្លូវថ្នល់ប្រវែងជាង ៤ពាន់គីឡូម៉ែត្រ រងផលប៉ះពាល់យ៉ាងខ្លាំង។
ស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរឡើងៗ ដែលបង្កផលលំបាកក្នុងការជួយសង្គ្រោះ។ អាជ្ញាធរក្នុងតំបន់បានបញ្ជូនក្រុមជួយសង្រ្គោះ តាមរយៈឧទ្ថម្ភាគចក្រ ដើម្បីផ្តល់អាហារ និង ថ្នាំសង្កូវដល់ប្រជាជនជាប់ក្នុងផ្ទះ ព្រមទាំងជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីតំបន់ជួបគ្រោះទឹកជំនន់។ លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese បានប្រកាសនៅថ្ងៃសៅរ៍ ទី៥ មេសា អំពីការបញ្ចេញកញ្ចប់ថវិកាប្រមាណ ១០៥លានដុល្លារ ដើម្បីធ្វើរបងការពារសត្វចិញ្ចឹមនិងសត្វពាហនៈ។
ការិយាល័យឧត្តុនិយមអូស្រ្តាលីបានព្យាករណ៍ថា ទីក្រុងមួយចំនួននៅតំបន់រងគ្រោះទឹកជំនន់ មានកម្រិតទឹកភ្លៀងរហូតដល់ ៥០០ មីលីម៉ែត្រ ត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ដែលជាចំនួនមួយខ្ពស់ជាងកម្រិតទឹកភ្លៀងប្រចាំឆ្នាំ។ ការប្រែប្រួលអាកាសធាតុបានបង្កឲ្យមានគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដូចជា ភ្លើងឆេះព្រៃ ទឹកជំនន់ និងព្យុះស៊ីក្លូនជាដើម។
ទន្ទឹមនឹងគ្រោះទឹកជំនន់ គ្រានេះ ប្រទេសអូស្រ្តាលីក៏រងគ្រោះ ដោយសារការឡើងកម្តៅខ្លាំងខុសប្រក្រតី ក្នុងរយៈពេល ១២ខែចុងក្រោយ។ បើគិតចាប់ពីចន្លោះខែ មេសា ឆ្នាំ២០២៤ ដល់ ខែមីនា ឆ្នាំ២០២៥ សីតុណ្ហភាពនៅប្រទេសអូស្រ្តាលី បានកើនឡើងប្រមាណ ១,៦១អង្សា លើសពីសីតុណ្ហភាពធម្មតា ពោលគឺជាឆ្នាំដែលមានសីតុណ្ហភាពក្តៅខ្លាំងដែលមិនធ្លាប់ជួប នៅអំឡុងជាង១សតវត្សរ៍ចុងក្រោយនេះ៕
Nº.0596