ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រទេសចរណ៍របស់ទីក្រុងញូវយ៉កបណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់
ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥
សហរដ្ឋអាម៉េរិក៖ ក្រុមមន្ត្រី បានរាយការណ៍ថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រទេសចរណ៍របស់ទីក្រុងញូវយ៉កសម្រាប់ទស្សនាទិដ្ឋភាពទីក្រុងពីលើអាកាស កាលពីប្រហែលម៉ោង ៣៖១៨នាទីរសៀលថ្ងៃព្រហស្បតិ៍ (ព្រឹកព្រលឹមថ្ងៃសុក្រនៅកម្ពុជា) បានឆក់យកអាយុជីវិតអ្នកបើកបរម្នាក់ និងមនុស្សមួយគ្រួសារមានសមាជិក៥នាក់ទៀតដែលជាអ្នកទេសចរជនជាតិអេស្ប៉ាញ ដោយ ២នាក់ជាឪពុកម្ដាយ និងកុមារ៣នាក់ទៀតជាកូនៗរបស់ពួកគេ ។
ឧទ្ធម្ភាគចក្រដែលដំណើរការដោយក្រុមហ៊ុន New York Helicopters បានធ្លាក់ចូលក្នុងទន្លេហាត់សុន (Hudson) ក្នុងទីក្រុងចេស៊ី (Jersey) រដ្ឋញូវចេស៊ី (New Jersey) នៅចន្លោះរដ្ឋញូវយ៉ក បន្ទាប់ពីហោះហើរតិចជាង ១៨នាទី ពីកណ្ដាលសង្កាត់ម៉ានហាតាន់ (Manhattan) ឆ្ពោះទៅកាន់រូបសំណាក់សេរីភាព ។
យោងតាមសាក្សីខ្លះដែលឃើញហេតុការណ៍នោះ បានរៀបរាប់ថា ពួកគេហាក់ឃើញផ្នែកខ្លះរបស់ឧទ្ធម្ភាគចក្រទេសចរណ៍បានដាច់ចេញពីគ្នាតាំងពីកំពុងហោះនៅលើអាកាសមកម្លេះ ខណៈអ្នកខ្លះទៀត និយាយថា ពួកគេបានលឺសូរសំឡេងដូចជាផ្ទុះគ្រាប់កាំភ្លើង មុនពេលឧទ្ធម្ភាគចក្ររងគ្រោះ ធ្លាក់ចូលទៅក្នុងទឹកទន្លេ ។
ជុំវិញហេតុការណ៍នេះ ក្រុមជួយសង្គ្រោះបានចេញប្រតិបត្តិការភ្លាមៗរហូតដល់ម៉ោង៨យប់ ប៉ុន្តែជាអកុសលមិនមាននរណាម្នាក់ក្នុងឧទ្ធម្ភាគចក្រនៅរស់រានមានជីវិតឡើយ ស្របពេលការស៊ើបអង្កេតស្វែងរកមូលហេតុកំពុងតែដំណើរការ ៕
Nº.0608