ចិន សងសឹក អាមេរិកក្នុង ការ ដំឡើងពន្ធគយ ៣៤%វិញ
ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥៖
សង្គ្រាម ពាណិជ្ជកម្ម៖ ចិន សងសឹក អាមេរិកក្នុង ការ ដំឡើងពន្ធគយ និង ប្តឹងទៅ អង្គការ WTOសង្គ្រាម ពាណិជ្ជកម្ម រវាង មហាអំណាច សេដ្ឋកិច្ចលេខ ១ និងលេខ២ កាន់តែ រំជើបរំជួល ។ ក្រោយ សហរដ្ឋ អាមេរិក ប្រកាស ដាក់ពន្ធគយ ៣៤%បន្ថែមចំពោះ ទំនិញចិន រដ្ឋអំណាច ទីក្រុង ប៉េកាំង បាន ប្រកាស សងសឹកយ៉ាង ចាស់ដៃ និងថែមទាំងប្តឹង វ៉ាស៊ីនតោន ទៅកាន់ អង្គការពាណិជ្ជកម្មពិភពលោក ទៀត ផង។
លោក ប្រធានាធិបតី ដូណាល់ ត្រាំ បាន ដំឡើង ពន្ធ គយ ៣៤% ចំពោះ ទំនិញ ចិន ដែល នាំចូល សហរដ្ឋអាមេរិក។ ប្រឈមមុខ នឹងការដំឡើងពន្ធគយដ៏ខ្ពស់ របស់ អាមេរិកនេះ មហាអំណា ច ចិន បានចាត់វិធានការ វាយបកយ៉ាងចាស់ដៃ ដោយ សម្រេច ដំឡើងពន្ធគយ ៣៤% ចំពោះ ទំនិញ អាមេរិក វិញដែរ ។ វិធានការ របស់ចិន និង អាមេរិក នឹង ចូលជាធរមាន ក្នុងពេលតែមួយ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥។
កាលពីប៉ុន្មាន សប្តាហ៍មុន រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន បាន ដំឡើងពន្ធ ២០% ចំពោះ ទំនិញ ចិនរួច ម្តងហើយ ។ នៅពេលនោះ រដ្ឋអំណាច ចិន បានសងសឹកដោយដំឡើង ពន្ធគយ ចំពោះ ទំនិញអាមេរិក ក្នុង វិស័យ កសិកម្ម ដើម្បី សំដៅ សង្កត់ ក កសិករអាមេរិក ដែល បោះឆ្នោត គាំទ្រ លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ ចំពោះ ពេលនេះវិញ ការ ដំឡើងពន្ធដែល ជា យុទ្ធសាស្ត្រ សងសឹក របស់ ចិន គឺ ពុំ មែន កំណត់ តែ ក្នុង វិស័យ ណាតែមួយមុខ ទេ ពោល គឺ រាល់ តែ មុខ ទំនិញ អាមេរិកទាំងអស់ ត្រូវតែ ដំឡើង ៣៤%បន្ថែម ឲ្យ ដូច នឹង អ្វី ដែល អាមេរិក បាន ធ្វើ ចំពោះចិនដែរ ។ ម្ល៉ោះហើយ ទើប អ្នក ឆ្លើយ ព័ត៌មាន វិទ្យុ បារាំង RFIប្រចាំ ទីក្រុង ប៉េកាំង Clea Broadhurst បា នពិព័ណ៌នា ថា រដ្ឋអំណាចចិនវាយបកយ៉ាង ធ្ងន់ធ្ងរ ហើយ វិធានការ វាយបក របស់ចិន ពេលនេះ ពុំ មែន ជា ការ ឆ្លើយតប ល្មមៗទេ ប៉ុន្តែ ជាការ វាយ សម្រុក សងសឹក តែម្តង។
មហាយក្ស ចិន ក៏មួល ខ្មៅបន្តឹង បទដ្ឋាន ច្បាប់ ចំពោះ ក្រុមហ៊ុនអាមេរិក ដែល រក ស៊ី ខាង បច្ចេកវិទ្យា និង វិស័យ យោធា ។ មិនតែប៉ុណ្ណោះ ចិនបានដាក់ ក្រុមហ៊ុន នាំចេញ ទំនិញ របស់ អាមេរិក ចំនួន ១៦ ក្រុមហ៊ុន ឲ្យ ឋិតក្រោម ការ ត្រួត ពិនិត្យ ឃ្លាំមើល ហើយ ដាក់ស្ថាប័ន អាមេរិក ៦ អង្គភាព ឲ្យ ឋិត ក្នុង បញ្ជីខ្មៅ របស់ចិន ថា ជា ស្ថាប័ន មិនគួរ ឲ្យ ទុកចិត្ត ។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ចិន បាន ចេញ បញ្ជា យ៉ាង ម៉ឺងម៉ាត់ ឲ្យ គ្រប់ គ្រង ការនាំចេញ ដីកម្រនិងសារធាតុរ៉ែ សំខាន់ ៗ ប្រមាណ ៧ ប្រភេទ មិន ឲ្យ នាំចេញទៅសហរដ្ឋអាមេរិក នោះទេ តួយ៉ាង gadolinium, yttrium, terbium, dysprosium ជាដើម ។ រ៉ែ ទាំងនោះ សុទ្ធសឹងតែ ជា ធាតុ សំខាន់ សម្រាប់ វិស័យ អេឡិចត្រូនិក និង ឧស្សាហកម្ម យោធា។
ទន្ទឹម នឹង កំហិត ដាក់ពន្ធ ធ្ងន់ ចំពោះ ទំនិញ សហរដ្ឋអាមេរិក ដែល នាំចូល ស្រុក ចិន ចិន ក៏បាន ប្តឹង រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន ទៅ ប្រឈម មុខ គ្នា នៅ អង្គការពាណិជ្ជកម្មពិភពលោក ថែមទៀត ។ ក្រសួង ពាណិជ្ជកម្ម ចិន បញ្ជាក់ថាពាក្យ ប្តឹង នេះ បាន តម្គល់រួច ហើយ។
ការ ប៉ះទង្គិច គ្នា ក្នុង ជម្លោះ ពាណិជ្ជកម្ម រវាង មហាយក្សចិន និងមហាអំណាច អាមេរិក នៅពេលនេះ ច្បាស់ ជា នឹង ជះឥទ្ធិពលខ្លាំង ដល់ ចង្វាក់ ផលិត កម្មនិងចរន្ត វឌ្ឍនភាព សេដ្ឋកិច្ច ពិភពលោក ជាពុំខាន ហើយ វា អាច នឹង ធ្វើឲ្យ ប្រទេស ទាំង២ ខាតបង់សេដ្ឋកិច្ច ទាំង សងខាង៕
Nº.0592