មេដឹកនាំភូមា ទៅប្រទេសថៃ ចូលរួមកិច្ចប្រជុំ ពីបញ្ហាគ្រោះរញ្ជួយដី

7News

មេដឹកនាំភូមា ទៅប្រទេសថៃ ចូលរួមកិច្ចប្រជុំ ពីបញ្ហាគ្រោះរញ្ជួយដី

ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥៖

មេដឹកនាំរបបសឹកភូមា មីន អ៊ុងឡាំង បានធ្វើដំណើរទៅដល់ ទីក្រុង បាងកក នៅថ្ងៃព្រហស្បតិ៍ទី ៣មេសា ដើម្បី ចូលរួមជំនួបកំពូល ក្រុមប្រទេស ឈូងសមុទ្របង់ហ្កាល់ ហៅកាត់ថា Bimstec។ ផ្អែកតាម បណ្តាញព័ត៌មាន ភូមា លោក មីន អ៊ុងឡាំង នឹង ឆ្លៀតឱកាសនេះ និយាយជាមួយ ក្រុមប្រទេសជិតខាង ឈានទៅ ទទួលបាន ជំនួយ ឲ្យ បានលឿនរហ័ស ដើម្បីជួយប្រជាជនភូមាដែលរងគ្រោះដោយ គ្រោះរញ្ជួយដី ។ យោងតាមតួលេខចុងក្រោយ ចំនួន មនុស្សស្លាប់នៅភូមា បានឡើងដល់ជាង ៣០០០នាក់ ហើយ ។

នៅទីក្រុង បាងកក ក្រុម ប្រទេសសហប្រតិបត្តិការ ឈូងសមុទ្របង់ហ្កាល់ ហៅកាត់ថា Bimstec ដែលមានឥណ្ឌា ស្រីលង្ការ បង់ក្លាដែស ប៊ូតាន់ នេប៉ាល់ ភូមា និងថា នឹងបើកជំនួបកំពូលពិសេសមួយ ។ លោក មីន អ៊ុងឡាំង មេដឹកនាំរបបសឹកភូមា បានធ្វើដំណើរមកដល់បាងកក នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ៣មេសា ដើម្បីចូលរួមជំនួប កំពូលនេះ ។ ផ្អែកតាមបណ្តាញ ព័ត៌មានរដ្ឋ ភូមា គឺលោក មីន អ៊ុងឡាំង នឹងឆ្លៀត ឱកាសនេះ និយាយអំពី ការសម្របសម្រួល ប្រតិបត្តិការដឹកជំនួយមនុស្សធម៌ យកទៅជួយ ប្រជាជន ភូមា ដែលរងគ្រោះ ដោយ មហន្តរាយរញ្ជួយដី ។

នៅក្នុងក្រមខណ្ឌនៃជំនួបកំពូលនេះដែរ រដ្ឋាភិបាលថៃបាន ស្នើ ឲ្យ មាន សេចក្តីថ្លែងការណ៍ រួមមួយ ស្តីអំពី ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច សង្គមនិង មនុស្សធម៌ បណ្តាល មកពី គ្រោះមហន្តរាយរញ្ជួយដី កាលពីថ្ងៃសុក្រទី ២៨ មីនា ។

សូមបញ្ជាក់ថា គិតត្រឹមតួលេខចុងក្រោយ ព្រឹកថ្ងៃព្រហស្បតិ៍ទី ៣មេសា គ្រោះរញ្ជួយដី បានផ្តាច់ជីវិតមនុស្ស យ៉ាងហោច ២២នាក់នៅថៃ។ ក្រុមសង្រ្គោះកំពុងតែព្យាយា ម ស្វែងរក អ្នកបាត់ខ្លួន ជាង ៧០នាក់ នៅក្នុងគំនរអគារ៣០ជាន់ ដែលបានបាក់រលំ ស្ថិតនៅខាងជើង ក្រុងបាងកក ។ ដោយឡែកនៅភូមាវិញ ចំនួន មនុស្ស ស្លាប់ បាន កើនឡើងដល់ ៣០៨៥នាក់ របួសជិត ៥០០០នាក់ និងបាត់ខ្លួន ៣៤១នាក់ទៀត។

គួរកត់សំគាល់ថា របបសឹកភូមាបានរងនូវការរិះគន់ជា ខ្លាំង កាលពីថ្ងៃអង្គារ បន្ទាប់ពីបាន ប្រកាសថាខ្លួន នឹង បន្តប្រតិបត្តិការវាយ ប្រហារលើ ក្រុមឧទ្ទាម មិនផ្អាកឡើយ បើទោះបីប្រទេសកំពុងតែមានវិបត្តិគ្រោះរញ្ជួយដីក៏ដោយ ។ ក៏ប៉ុន្តែកាលពីថ្ងៃពុធទី ២មេសា បណ្តាញព័ត៌មានរដ្ឋភូមា បានផ្សាយ ថារបបសឹកបានសម្រេច ផ្អាក ការវាយប្រហារលើ ក្រុម ឧទ្ទាម ជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី ២២មេសា ដើម្បីសម្រួលដល់ ប្រតិបត្តិការមនុស្សធម៌ ។ តែយ៉ាងណា របបសឹក ភូមា បានគំរាមទៅកាន់ ក្រុម ប្រឆាំងនិង ក្រុមឧទ្ទាមទាំងអស់ ថាខ្លួននឹង វាយ ប្រហារឆ្លើយ តបមិនបង្អង់ដៃ ក្នុងករណី ដែលមាន ការជួបជុំ រៀបចំ សកម្មភាពប្រឆាំង ឬការឆ្លៀតឱកាសពង្រីកដែនដីគ្រប់គ្រង ដែលធ្វើ ឲ្យ ប៉ះពាល់ដល់សន្តិភាព។

សូមបញ្ជាក់ដែរ ថា ផ្អែកតាម អង្គការសុខភាពពិភពលោក នៅតំបន់ភាគកណ្តាលភូមា ១ភាគ៣នៃផ្ទះសំបែងប្រជាជនបានបាក់ ខ្ទេចខ្ទីរ ដោយសារគ្រោះរញ្ជួយដី ។ មនុស្ស ម្នាជាច្រើនពាន់ នាក់ ត្រូវបាត់បង់ជំរក ហើយ បាន មកតាំងទីសំរាក នៅទីវាលខាងក្រៅ តាមផ្លូវ ដោយខ្លាចក្រែងអគារបាក់បែករលំសង្កត់ ឬ មានករណីរញ្ជួយដីសារជាថ្មី ។ ឥណ្ឌូណេស៊ី បានត្រៀម បញ្ជូនក្រុម កម្លាំងសង្រ្គោះ ស្បៀងអាហារ សម្ភារៈប្រើប្រាស់និងគ្រឿងបរិក្ខាមួយចំនួនទៅកាន់ភូមា ។ ក្រៅពីការព្រួយបារម្ភខ្វះស្បៀងអាហារ ទឹកស្អាតបរិភោគ មនុស្ស របួសជាច្រើនពាន់នាក់កំពុង រងចាំការជួយ ព្យាបាល ស្របពេលដែលជំនួយ មនុស្ស ធម៌ពីបរទេស បានទៅដល់យ៉ាងតិច បំផុត គិតត្រឹមពេលនេះ ។

អង្គការក្រៅរដ្ឋាភិបាល បានអះអាងថា គេ ជួប ការលំបាក ខ្លាំងណាស់នៅភូមា ទាំងការទំនាក់ទំនង ប្រមូលព័ត៌មាន ហើយ ការដឹកជញ្ជូន ស្បៀងជំនួយមនុស្សធម៌ត្រូវជួបឧបសគ្គ ដោយសារតែ សង្គ្រាមស៊ីវីល ។ យ៉ាងណាមិញ ក្រុម ឧទ្ទាមបានអះអាងថា ក្រោយរញ្ជួយដី នៅថ្ងៃសុក្រ កងទ័ពរបបសឹកភូមា បានបើកការវាយប្រហារទំលាក់គ្រាប់បែក ជាច្រើនលើក ដែលបានធ្វើ ឲ្យស្ថានការណ៍ កាន់តែលំបាក សម្រាប់ប្រជាជនស៊ីវីល ។ យោង តាមអង្គការសហប្រជាជាតិ មុនមាន គ្រោះរញ្ជួយដី មាន ប្រជាជនភូមាប្រមាណ ៣លាន ៥សែននាក់ រួចទៅហើយ ដែលត្រូវបង្ខំចិត្តភៀសខ្លួន ចោល ផ្ទះសំបែងភូមិស្រុក ដោយសារតែសង្គ្រាម ស៊ីវីល ៕

Nº.0590

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top