អាមេរិក ចង់ដំឡើង ពន្ធដល់ ជាង ៣ពាន់ភាគរយ ចំពោះ ផ្ទាំង សូឡាផលិត នៅអាស៊ីអាគ្នេយ៍
ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥៖
ក្នុង បរិបទ សង្គ្រាម ពាណិជ្ជកម្ម ជាមួយ ចិន រដ្ឋាភិបា លក្រុង វ៉ាស៊ីនតោន ចង់ ដំឡើង រនាំងពន្ធគយ បន្ថែមទៀត ពី ជាង ៣០% រហូត ដល់ ជាង ៣ ០០០% ចំពោះ ផ្ទាំង កញ្ចក់ សូឡា ស្រូប ពន្លឺ ព្រះអាទិត្យ ដែល បាន ផលិតក្នុង ប្រទេស អាស៊ីអាគ្នេយ៍ និង ដែល នាំចូល ទៅសហរដ្ឋអាមេរិក។ រដ្ឋបាលលោក ដូណាល់ ត្រាំ ចង់ប្រើវិធានការ នេះ ដើម្បី តាម ដាក់ សម្ពាធ លើ ក្រុមហ៊ុន ចិន ។
ជល់គ្នា ងាប់ស្រមោច ស្រអា។ ជាក់ស្តែង សង្គ្រាម ពាណិជ្ជកម្ម រវាង មហាអំណាច អាមេរិក ជាមួយ មហាយក្ស ចិន បាន ជះឥទ្ធិពល ដល់ ប្រទេស តូច តាច នៅ តំបន់ អាស៊ីអាគ្នេយ៍ ។ ដើម្បីបន្ត ដាក់ សម្ពាធ លើ រដ្ឋអំណាច ក្រុង ប៉េកាំង រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោនចង់ ដាក់ រនាំងពន្ធគយ ចាប់ពី ៣៤% រហូត ដល់ ៣ ៥២១ % ចំពោះ ផ្ទាំង កញ្ចក់ សូឡាស្រូបពន្លឺព្រះអាទិត្យផលិតថាមពល អគ្គិសនី ដែល ផលិតក្នុង បណ្តាប្រទេស អាស៊ី អាគ្នេយ៍ និង នាំចូល ទឹកដីអាមេរិក។ វិធានការរបស់ វ៉ាស៊ីនតោននេះ ប៉ះពាល់ ក្នុងកម្រិត ផ្សេងៗគ្នា នៅតាមប្រទេស វៀតណាម ថៃ ម៉ាឡេស៊ី និង កម្ពុជា។ នេះបើ តាម អគ្គនាយកដ្ឋាន ពាណិជ្ជកម្ម អន្តរជាតិ ចំណុះ ឲ្យ ក្រសួង ពាណិជ្ជកម្ម អាមេរិក ដែល បា នប្រកាស នៅ ថ្ងៃ ចន្ទ ទី ២១ ខែមេសា ឆ្នាំ២០២៥។
ចំណាត់ការ របស់ ក្រសួង ពាណិជ្ជកម្ម អាមេរិក បាន ធ្វើឡើង ក្រោយ ពី សម្ព័ន្ធសហគ្រាសឧស្សាហកម្មផលិតសូឡាអាមេរិក បានដាក់ពាក្យស្នើសុំអន្តរាគមន៍ ពី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឲ្យបើកការស៊ើបអង្កេត កាលពីខែ មេសា ឆ្នាំ ២០២៤។ ពាក្យ ប្តឹងនេះ ពាក់ព័ន្ធ នឹង ការ ប្រកួត ប្រជែង មិន ស្មោះត្រង់តាមរយៈការឧបត្ថម្ភធនរបស់រដ្ឋអំណាចចិនប៉េកាំងចំពោះ ក្រុម ហ៊ុនសហគ្រាស ចិន ផលិត សូឡា ក្នុង ប្រទេស អាស៊ី អាគ្នេយ៍ ដែល រាយឈ្មោះ ទាំង បួន ខាងលើ។ ជា សេចក្តីសន្និដ្ឋាន បឋម របស់ ក្រុម អ្នក ស៊ើបអង្កេត អាមេរិក គឺ ក្រុមហ៊ុន ចិន ទាំងនោះ ពិតជា បាន ទទួល ឧបត្ថម្ភធន ពី ប៉េកាំង ពិតមែន។
អាស្រ័យ ហេតុនេះ ជា មធ្យម ផ្ទាំងសូឡា ផលិត នៅ ប្រទេស ម៉ាឡេស៊ី ដែល នាំចូល អាមេរិក អាច នឹង ត្រូវជាប់ពន្ធបន្ថែម ៣៤,៤១% ហើយផ្ទាំងសូឡា ផលិត នៅកម្ពុជា អាច ត្រូវ ជាប់ ពន្ធដ៏ធ្ងន់ធ្ងរ រហូត ដល់ ៣ ៥២១ % ឯណោះ។ ពោល គឺ គុណ នឹង ចំនួន ៣៥ ដង លើស តម្លៃធម្មតា ។ នេះបើតាម ការ ផ្សាយ របស់ ទីភ្នាក់ងារ ព័ត៌មា នបារាំង AFP ដោយ បញ្ជាក់ថា យ៉ាងហោច មា នសហគ្រាស ក្រុមហ៊ុន ចិន ២ នៅស្រុក ខ្មែរ គឺ Hounen Solar និង Solar Long PV-Tech ដែល នឹង ត្រូវ ជាប់ឈ្មោះ ក្នុង បញ្ជី ប្រសិន បើ នាំទំនិញ ប្រភេទ នេះ ចូលទៅ អាមេរិក ។
ទិន្នន័យ ផ្លូវ ការ របស់ អាមេរិក បាន បង្ហាញថា នៅឆ្នាំ២០២៣ អាមេរិក នាំចូល ផ្ទាំង សូឡាពីបរទេស ស្មើនឹងទំហំ ទឹកប្រាក់ ១២ ពាន់ លាន ដុល្លារ។
ទោះជាម្តេចក្តី គណៈ កម្មាការពាណិជ្ជកម្ម ដែល ចំណុះ ឲ្យ ក្រសួង ពាណិជ្ជកម្ម អាមេរិក បាន ប្រកាស ទុក ពេលរហូត ដល់ ថ្ងៃទី ២ មិថុនា ខាងមុខ ដើម្បីពិចារណា និង ពិនិត្យ មើលលម្អិត ថា តើ ការ ឧបត្ថម្ភធន របស់ រដ្ឋអំណាច ចិន ប៉េកាំង ចំពោះ ក្រុម ហ៊ុន ចិន នៅប្រទេស អាស៊ី អាគ្នេយ៍ ពិត ជាការប្រកួត ប្រជែង មិន ស្មោះត្រង់ និង ពិត ជា ប៉ះពាល់ ទៅដល់ ក្រុម ហ៊ុនអាមេរិក មែន ឬក៏យ៉ាងណា។
ប្រសិន បើ គណៈកម្មាការពាណិជ្ជកម្មអាមេរិក សម្រេច ឲ្យ អនុវត្ត ពន្ធ ដូច រៀបរាប់ខាងលើ មែននោះ គឺ នឹង បន្ថែម ទៅលើ ពន្ធ ១០% ដែល បាន ប្រកាសពីថ្ងៃទី ២ មេសា កន្លងទៅ៕
Nº.0620