ឥណ្ឌារងការ បាញ់ ប្រហារ បណ្តាល ឱ្យ ស្លាប់ជនស៊ីវិល យ៉ាងហោច ២៦នាក់

7News

ឥណ្ឌារងការ បាញ់ ប្រហារ បណ្តាល ឱ្យ ស្លាប់ជនស៊ីវិល យ៉ាងហោច ២៦នាក់

ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥៖

មាន ស្លាប់ យ៉ាង ហោច ណាស់ ទេសចរ ចំនួន ២៦ នាក់ នៅក្នុង ការ បាញ់ ប្រហារ ពី សំណាក់ ទ័ព ព្រៃ មួយ ក្រុម នៅ តំបន់ កាស្មៀរឥណ្ឌា។ ប៉ូលិស ឥណ្ឌា កំពុង បើក ប្រតិបត្តិការ ទ្រង់ទ្រាយ ធំ នៅថ្ងៃពុធ ទី ២៣ មេសា នេះ តាម ចាប់ ក្រុម ដៃដល់ ។ នាយករដ្ឋមន្ត្រី ឥណ្ឌា ដែល កំពុង បំពេញ ទស្សនកិច្ច នៅ ប្រទេស អារ៉ាប៊ីសាអូឌីត បាន រួសរាន់ ត្រលប់ ចូល ប្រទេស វិញ និង សន្យា ចាប់ ខ្លួន ខ្មាន់ កាំភ្លើង ទៅ ដាក់ ទោស។ នេះ ជា ហេតុការណ៍ ហិង្សា សម្លាប់ ជនស៊ីវិល ក្នុង តំបន់ដ៏ ធ្ងន់ធ្ងរ មិនធ្លាប់ មាន ទេ គិត ចាប់ តាំងពី ឆ្នាំ ២០០០មក។

ហេតុការណ៍ បាញ់ សម្លាប់ ជន ស៊ីវិល ជា ទេសចរ បាន កើត ឡើង នៅ ប្រមាណ ៩០គីឡូម៉ែត្រ ពី ក្រុងSrinagar រដ្ឋធានី នៃ តំបន់ កាស្មៀរឥណ្ឌា។ បើ តាម សំដី សាក្សី ចុះ ផ្សាយ ក្នុង កាសែត The Indian Express ខ្មាន់ កាំភ្លើងប្រដាប់ ដោយ អាវុធ ស្វ័យប្រវត្តិ បាន ស្ទុះ ចេញ ពី ព្រៃ មក បាញ់ រះ លើ ក្រុម ទេសចរ បណ្តាល ឱ្យដួល ស្លាប់ យ៉ាង ហោច ២៦នាក់ និង របួស ជាងដប់ នាក់។ ជនរងគ្រោះ បាត់ បង់ ជីវិត ដែលសុទ្ធ សឹង ជា ទេសចរក្នុង ស្រុក ជាតិ ឥណ្ឌា និងម្នាក់ជា បរទេស មក ពី នេប៉ាល់ មាន ភេទ ជា បុរស ទាំងអស់។ ជន ដៃ ដល់ ទំនង ជា ចៀស មិន បាញ់ សម្លាប់ ស្ត្រីភេទ។ នេះ បើ តាម កាសែត ក្នុង ស្រុកដដែល។

អាជ្ញាធរ ឥណ្ឌា បាន បើក ប្រតិបត្តិការ ទ្រង់ទ្រាយ ធំ តាម ប្រមាញ់ ក្រុម ខ្មាន់ កាំភ្លើង ដោយ ពង្រាយ កង កម្លាំងសន្តិសុខជា ច្រើន នាក់ និង ឧទ្ធម្ភាចក្រ យោធា ជាច្រើន គ្រឿង ហោះ ឆ្វែល លើ តំបន់ កើត ហេតុ ដែល ជា តំបន់ ភ្នំ និង ព្រៃ ស្រោង។ យោធា ឥណ្ឌា បាន ប្រកាស កម្ចាត់ បាន ខ្មាន់ កាំភ្លើង ជាប់ សង្ស័យ ពីរ នាក់ នៅក្នុង ពេលពើប ប្រទះ គ្នា ។ “ត្រូវ ចាប់ ឱ្យ បាន ជន ដៃដល់ យក មក កាត់ ទោស តាម ផ្លូវ ច្បាប់” នេះ បើ តាម សេចក្តី ថ្លែងការណ៍ របស់ លោក នាយករដ្ឋមន្ត្រី ឥណ្ឌា ណារិនដ្រា ម៉ូឌី ដែលបាន បង្រួញ ទស្សនកិច្ច នៅ ប្រទេស អារ៉ាប៊ីសាអូឌីត ហើយ រួស រាន់ ត្រលប់ចូល ស្រុក វិញមុន កាល កំណត់ ដើម្បី ដឹកនាំ ប្រតិបត្តិការ តាម ចាប់ ខ្លួន ក្រុម ភេរវជន។ ចំណែក រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និង ទេសចរណ៍ឥណ្ឌា បាន ចុះ ទៅ ពិនិត្យ ស្ថានការណ៍ ដល់ ផ្ទាល់ កន្លែង។

រហូត មក ទល់ នឹង រសៀល ថ្ងៃ ពុធ ទី ២៣ មេសានេះ ពុំ ទាន់ មាន ក្រុម ឬ ចលនា ណា ចេញ មុខ បញ្ជាក់ អំពី ទង្វើ របស់ ពួកគេ ទេ។

ជាទិសដៅ ទេសចរណ៍ ដោយ ទទួល ភ្ញៀវ ប្រមាណ ៣លាន នាក់ កន្លះ នៅ ឆ្នាំ ២០២៤ និង ធ្លាប់ ទទួល រៀប ចំ ជំនួប កំពូល ហ្សេ ២០ កាលពី ឆ្នាំ ២០២៣ផង តំបន់ កាស្មៀរឥណ្ឌា នេះ ជា ប្រភព ជម្លោះ រ៉ាំរ៉ៃជាមួយ ប៉ាគីស្ថាន ដោយ មាន កម្លាំង ទ័ព ឈរ ជើង ជាអចិន្ត្រៃយ៍ ប្រមាណ ៥ សែន នាក់ នៅ តំបន់ កាស្មៀរឥណ្ឌា។ តំបន់ហាក់ ទើប បាន ស្គាល់ ភាព ស្ងប់ ស្ងាត់ខ្លាំង តាំងពី រដ្ឋាភិបាល លោក ណារិនដ្រាម៉ូឌី បាន ដក ស្វ័យភាព ដែន ដី នេះហើយ ដាក់ ឱ្យ ស្ថិត នៅក្រោម ការ គ្រប់គ្រងរដ្ឋបាល របស់ ញូវដេលី ដោយ ផ្ទាល់មក។ អំពើហិង្សា វាយប្រហារ លើ ជន ស៊ីវិល លើក ចុងក្រោយ បាន កើត ឡើង នៅ ខែ មីនា ឆ្នាំ ២០០០ ពេល ប្រធានាធិបតី អាមេរិក ប៊ីល គ្លីនតុន មក បំពេញ ទស្សនកិច្ច នៅ ឥណ្ឌា។

ឯលើក នេះ ក៏អំពើ ហិង្សា បាន ផ្ទុះ ឡើងចំ ពេលអនុប្រធានាធិបតី អាមេរិកបំពេញ ទស្សនកិច្ច ផ្លូវការ នៅ ឥណ្ឌា និង តែ មួយ ថ្ងៃ ក្រោយ ជំនួប រវាងJD Vance និង លោកនាយករដ្ឋមន្ត្រី ម៉ូឌី នៅ ទីក្រុង ញូវដេលី ។ ភ្លាម មួយ រំពេច លោក អនុប្រធានាធិបតី អាមេរិក បាន ថ្លែង សារ រំលែក ទុក្ខនិង សាមគ្គីភាពជាមួយ ជន រងគ្រោះ ។ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ ប្រមុខ ដឹកនាំ អឺរ៉ុប ចិន សុទ្ធ តែ បានបង្ហាញ សមានចិត្តជាមួយ ឥណ្ឌា ដោយ ថ្កោលទោស ទង្វើ វាយប្រហារ លើជនស៊ីវិល ទេសចរថា អាក្រក់ មិនអាច ទទួល យក បាន ទេ៕

Nº.0623

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top