រនាំងពន្ធ៖ ចិនបរិហាររិះគន់ប្រទេសដែលបន្ទន់ជង្គង់ យល់ព្រមចរចាតាមលក្ខខ័ណ្ឌរបស់រដ្ឋបាលលោកដូណាល់ ត្រាំ
ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥៖
ដោយឃើញប្រទេសឧស្សាហកម្មធំៗ ចាប់ផ្តើមដង្ហែគ្នា ទៅចរចា សុំ ការអនុគ្រោះពន្ធ ពី រដ្ឋបាលលោកដូណាល់ ត្រាំ ប្រទេស ចិន តាមរយៈ អ្នកនាំពាក្យ របស់ ក្រសួងការបរទេស នៅថ្ងៃចន្ទនេះ បាន ចេញសេចក្តីព្រមាន ដាស់តឿន កុំ ឲ្យ ប្រទេស ទាំងនោះ ប្រមាថ សុខចិត្ត កាត់បន្ថយ ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ដើម្បី បាន ទទួល ការអនុគ្រោះពន្ធ ពី រដ្ឋបាលអាមេរិក។ ពាក្យព្រមានរបស់ចិន ធ្វើឡើង នៅ ខណៈពេល កូរ៉េខាងត្បូង បញ្ជូន រដ្ឋមន្រ្តីពាណិជ្ជកម្ម ទៅចរចា ជាមួយភាគីអាមេរិក នៅ រដ្ឋធានីវ៉ាស៊ីនតោន ចំណែក អនុប្រធានាធិបតីអាមេរិក កំពុងធ្វើដំណើរ ទស្សនកិច្ច នៅ ទីក្រុង ញូវដេលី នៅថ្ងៃនេះ ដោយ ផ្តោតលើ ការចរចា ពាណិជ្ជកម្មជាមួយ ប្រទេស យក្សអាស៊ីមួយនេះ។
ទៅវ៉ាស៊ីនតោន ដើម្បីចរចា ស្នើសុំ ឲ្យ រដ្ឋបាលអាមេរិកផ្លាស់ប្តូរជំហរ នៅក្នុង រឿង ដាក់ពន្ធធ្ងន់ លើ ទំនិញនាំចូលទៅអាមេរិក ដល់ វេន កូរ៉េខាងត្បូង ដែលត្រូវ បញ្ជូន រដ្ឋមន្រ្តីសំខាន់ពីររូបទៅ ជួបចរចាទ្វេភាគីជាមួយ រដ្ឋបាលលោកដូណាល់ ត្រាំ។ យោងតាម ការប្រកាស របស់ ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង ហាន ដុកសូ នៅថ្ងៃចន្ទ ទី ២១ មេសា រដ្ឋមន្រ្តីហិរញ្ញវត្ថុ និង រដ្ឋមន្រ្តី ទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្មនឹង ធ្វើដំណើរទៅ រដ្ឋធានីវ៉ាស៊ីនតោន នៅសប្តាហ៍នេះ ដើម្បី បើកចរចា ព្រោះថា ការដំឡើងពន្ធ ២៥% របស់ រដ្ឋបាលលោកដូណាល់ ត្រាំ នឹង ប៉ះពាល់ ខ្លាំង ដល់ ឧស្សាហកម្ម ផលិតរថយន្ត និង សឺមីកុងឌុចទ័រ ដែល កូរ៉េខាងត្បូង ត្រូវនាំចូលទៅ ទឹកដីអាមេរិក។
បើតាម ប្រធានាធិបតីស្តីទី របស់ កូរ៉េខាងត្បូង ការពិភាក្សា រវាងភាគីទាំងពីរ នឹង ផ្តោត លើ ជញ្ជីងពាណិជ្ជកម្ម ការសាងសង់ កប៉ាល់ និង ឧស្ម័នធម្មជាតិរាវ។ នៅ ខែ មីនាមុន ពោលគឺនៅបន្ទាប់ពីប្រកាស ដំឡើងពន្ធ លើ ទំនិញ នាំចូល ពី គ្រប់ប្រទេស ដោយមិនលើកលែង សូម្បីប្រទេស សម្ព័ន្ធមិត្ត លោកដូណាល់ ត្រាំ ដែល ចង់ ប្រើវិធានការដំឡើង ពន្ធ ដើម្បី ទាក់ទាញ ក្រុមហ៊ុន បរទេស ឲ្យត្រលប់មក បោះទុនវិនិយោគ និង បង្កើតទីតាំងរោងចក្រ នៅទឹកដីអាមេរិក ធ្លាប់បានអះអាងថា ជប៉ុន ហើយនិង កូរ៉េខាងត្បូង បាន យល់ព្រម វិនិយោគ លើ អាជីវកម្មបូមឧស្ម័ន នៅ រដ្ឋអាឡាស្កា ដែលជា គម្រោង ដ៏ធំមហិមា។
ក្រៅជប៉ុន កូរ៉េខាងត្បូង រដ្ឋបាលលោកដូណាល់ ត្រាំ បាន អួតថា នៅមានប្រទេស ជាច្រើនដែលបាន បន្តកន្ទុយគ្នា ទាក់ទង សុំចរចា ដើម្បី អាច ជៀសផុត ពី ការដំឡើងពន្ធ ធ្ងន់ ក របស់អាមេរិក។ នៅសប្តាហ៍មុននេះ លោកដូណាល់ ត្រាំ បានទទួល នាយករដ្ឋមន្រ្តីអ៊ីតាលី នៅ សេតវិមាន។ នៅថ្ងៃចន្ទនេះ លោកអនុប្រធានាធិបតី អាមេរិក JD Vance ផ្តើមទស្សនកិច្ច រយៈពេល៤ថ្ងៃ នៅប្រទេស ឥណ្ឌា ដោយផ្តោតលើទំនាក់ទំនងពាណិជ្ជកម្ម រវាង ប្រទេស ទាំងពីរ។ គួរដឹងថា អាមេរិក ជា ដៃគូពាណិជ្ជកម្ម ធំជាងគេ របស់ឥណ្ឌា ជាមួយការដោះដូរពាណិជ្ជកម្ម ក្នុងទំហំទឹកប្រាក់ ១២៩ពាន់លាន ដុល្លារ នៅ ឆ្នាំ ២០២៤។ ប៉ុន្តែ យោងតាម ទិន្នន័យ របស់ រដ្ឋាភិបាលអាមេរិក អាមេរិកមានអតិរេកពាណិជ្ជកម្ម ជាមួយ ឥណ្ឌា ដល់ទៅជាង ៤៥ពាន់លាន ដុល្លារ។ ញូវដេលី សង្ឃឹម យកពេល ៩០ថ្ងៃ ដែល លោកដូណាល់ ត្រាំ ផ្អាក ព្យួរមិនទាន់អនុវត្តអត្រាពន្ធក្នុងកម្រិតមួយដ៏ខ្ពស់មិនធ្លាប់មាន ដើម្បីបើកការចរចា ស្វែងរកកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ថ្មី ជាមួយ អាមេរិក នៅក្នុងគោលដៅ គេចផុតពី រនាំងពន្ធធ្ងន់របស់អាមេរិក។
ចិនវិញ ដែលប្រកាស ធ្វើសង្រ្គាមពាណិជ្ជកម្ម រហូតដល់ទីបញ្ចប់ ជាមួយ អាមេរិក ជាមួយ ការដំឡើង ពន្ធសងសឹកគ្នាទៅវិញ ទៅមក ក្នុងកម្រិត ១២៥% បាន បរិហាររិះគន់ បណ្តាប្រទេស ដែលចុះញ៉ម យល់ព្រម តាម ការដាក់ លក្ខខណ្ឌ របស់ រដ្ឋបាលលោកដូណាល់ ត្រាំ ជាថ្នូរ នឹង ការបន្ធូរបន្ថយ ពន្ធ របស់ អាមេរិក។ នៅក្នុង សេចក្តីប្រកាសព័ត៌មាននៅថ្ងៃចន្ទនេះ អ្នកនាំពាក្យ របស់ក្រសួងការបរទេស ចិន បាន ព្រមានពីផលវិបាក ប្រសិនបើប្រទេសទាំងឡាយណា បើកការចរចា ជាមួយអាមេរិក រហូត ធ្វើ ឲ្យប៉ះពាល់ ដល់ ផលប្រយោជន៍ របស់ ចិន។ ប៉េកាំង បាន ចោទ រដ្ឋបាលអាមេរិក ថា ប្រើ នយោបាយចរចាទ្វេភាគី ដើម្បីដាក់សម្ពាធ ឲ្យ គេ កាត់បន្ថយ ការធ្វើជំនួញ ជាមួយប្រទេស ចិន៕
Nº.0617