ពលរដ្ឋអាមេរិក បានជួបជុំគ្នាធ្វើបាតុកម្ម និងថ្កោលទោសចំពោះនយោបាយរបស់រដ្ឋបាលលោកត្រាំ ប្រឆាំងនឹងបញ្ហាអន្តោប្រវេសន៍
ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥៖
នៅថ្ងៃសៅរ៍ ទី១៩មេសា ប្រជាជនអាមេរិកបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ពលរដ្ឋអាមេរិក នាំគ្នាសម្តែងមតិជំទាស់នឹងនយោបាយដឹកនាំរបស់លោក ត្រាំ ជុំវិញបញ្ហាអន្តោប្រវេសន៍។
ប្រជាជនអាមេរិកនៅតាមបណ្តាទីក្រុងនិងរដ្ឋធំៗជាច្រើន ជាពិសេសនៅទីក្រុង New York បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងនយោបាយដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ បាតុកររាប់ពាន់នាក់បាននាំគ្នាលើកបដា ដោយសរសេរថា «គ្មានស្តេចទេនៅអាមេរិក» និង «ប្រឆាំងដាច់ខាតនឹងរបបផ្តាច់ការ» អមនឹងរូបលោកដូណាល់ ត្រាំ មានពុកមាត់ដូចនឹងអតីតមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ គឺលោក អាដុលហ្វ៍ ហ៊ីត្លែ (Adolf Hitler)។ ក្រុមបាតុករបានជួបជុំគ្នានៅមិនឆ្ងាយប៉ុន្មានពី សណ្ឋាគារ Trump Tower ដោយនាំគ្នាស្រែកថា «សូមស្វាគមន៍ជនអន្តោប្រវេសន៍មនៅលើទឹកអាមេរិក» និង ប្រមូលផ្តុំគ្នាខាងក្រៅសេតវិមានអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន។ នេះជាថ្ងៃទី២ ដែលពលរដ្ឋអាមេរិកបានជួបជុំគ្នាសម្តែងមតិជំទាស់ ប្រឆាំងនឹងនយោបាយរបស់លោកត្រាំ ផ្តោតសំខាន់លើបញ្ហាជនអន្តោប្រវេសន៍។
ចំណែកឯ នៅរដ្ឋតិចសាសវិញ ក្រុមបាតុករលើកឡើងថារដ្ឋបាលរបស់លោក ត្រាំ បានប្រើប្រាស់អំពើហិង្សាខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ក្រោមហេតុផលនយោបាយ និង បានចាត់ទុករដ្ឋបាលរបស់ត្រាំ ថាជាអង្គការភេវរនិយម។ សូមរម្លឹកថា សភានៅរដ្ឋតិចសាសបានបោះឆ្នោតអនុម័តច្បាប់កុំឲ្យរំលូតកូន និង ច្បាប់អន្តោប្រវេសន៍។
សូមជ្រាបថា ជនជាតិអាមេរិកឡាទីនមានកំណើតវ៉េណេស៊ុយអេឡា ជាសហគមន៍មួយដែលបានបោះឆ្នោតឲ្យលោកដូណាល់ ត្រាំ យ៉ាងច្រើនសន្ធឹកសន្ធាប់ បានសំដែងការខកចិត្តយ៉ាងខ្លាំង ពីព្រោះពួកគេនាំគ្នាទុកចិត្តចៅហ្វាយសេតវិមានរូបនេះ។ ក្រុមបាតុករបានថ្កោលទោសចំពោះនយោបាយរបស់រដ្ឋបាលលោកត្រាំ ប្រឆាំងនឹងជនអន្តោប្រវេសន៍ ជាពិសេសជនជាតិវ៉េណេស៊ុយអេឡា។ នៅថ្ងៃសៅរ៍ ទី១៩មេសា ដោយផ្អែកលើច្បាប់ឆ្នាំ១៩៧៨ ស្តីអំពី«សត្រូវជនបរទេស» តុលាការកំពូលអាមេរិកបានចេញសាលក្រម បង្គាប់បញ្ជាឲ្យរដ្ឋបាលរបស់លោកត្រាំ ផ្អាកការបណ្តេញជនអន្តប្រវេសន៍វ៉េណេស៊ុយអេឡា ចេញពីសហរដ្ឋអាមេរិក ដែលរងការសង្ស័យថាជាឧក្រិដ្ឋជន។ ជាក់ស្តែង នាពេលថ្មីៗនេះ រដ្ឋបាលលោកត្រាំ ធ្លាប់បានបណ្តេញជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡា ជាង ២០០នាក់ ចេញពីទឹកដីអាមេរិក ទៅកាន់ស្រុកកំណើតវិញ ក្រោមហេតុផលថា អ្នកទាំងនោះសុទ្ធសឹងជាជនល្មើសនិងឧក្រិដ្ឋជន។
សូមរម្លឹកថា ចាប់តាំងពីលោកដូណាល់ ត្រាំ ឡើងកាន់អំណាចសេតវិមាន ជិត៣ខែកន្លងមកនេះ ប្រជាជនអាមេរិក ក៏ធ្លាប់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាច្រើនលើកច្រើនសារ ប្រឆាំងនឹងនយោបាយរបស់លោកត្រាំ និង នយោបាយកំណែទម្រង់របស់លោក Elon Musk ដែល ដឹកនាំ ស្ថាប័ន ប្រសិទ្ធភាព រដ្ឋាភិបាល ឈាន ទៅ កាត់បន្ថយ បុគ្គលិក រដ្ឋ រាប់ពាន់ នាក់ និង បន្ថយឬលុប ចោល គម្រោង ជំនួយ អស់ ច្រើន សន្ធឹកសន្ធាប់។
Nº.0615