លោកដូណាល់ ត្រាំ អួតថាការតម្លើងពន្ធធ្វើឲ្យ អាមេរិក ប្រមូល ប្រាក់បាន២ពាន់លានដុល្លារក្នុងមួយថ្ងៃ

7News

លោកដូណាល់ ត្រាំ អួតថាការតម្លើងពន្ធធ្វើឲ្យ អាមេរិក ប្រមូល ប្រាក់បាន២ពាន់លានដុល្លារក្នុងមួយថ្ងៃ

ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥៖

អត្រាពន្ធ នាំចូលដ៏សែនធ្ងន់ដែល លោក ដូណាល់ ត្រាំ បានសម្រេច បានចូលជាធរមានហើយ សម្រាប់ប្រទេស ជាង ៦ ០ប្រទេស ចាប់ពីថ្ងៃទី ៩មេសានេះ ។ ទំនិញ ចិនរងគ្រោះធ្ងន់ជាងគេ ជាមួយនឹងអត្រាពន្ធកប់ពពក ដល់ទៅ ១០៤%។ ព្រឹកថ្ងៃពុធនេះ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ បន្តភ័យជ្រួលច្របល់ ហើយបានធ្លាក់តម្លៃភាគហ៊ុន បន្តបន្ទាប់គ្នា បន្ថែមទៀត។ តែទោះជាយ៉ាងណា កាលពីល្ងាចថ្ងៃអង្គារទី ៨មេសាលោក ដូណាល់ ត្រាំ បាន និយាយអួតអំពីវិធានការដ៏អស្ចារ្យរបស់លោក ហើយថា មាន ប្រទេសជាច្រើន កំពុងតែបន្តកន្ទុយគ្នា លូន ក្រាបមកសុំអង្វរចរចាជាមួយ លោក ។

ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ មិនថានៅអាមេរិក អឺរ៉ុបនិងអាស៊ី បន្តភ័យរំជើបរំជួលខ្លាំងនៅព្រឹកថ្ងៃពុធ ទី ៩ មេសានេះ បន្ទាប់ពី អត្រាពន្ធថ្មី សម្រេចដោយរដ្ឋបាល លោកដូណាល់ ត្រាំ បានចូលជាធរមាន នៅតាម ប្រទេស ជាង៦០។ រី ឯតម្លៃប្រេងឆៅវិញ បានធ្លាក់ មកត្រឹមតែខ្ទង់ ៦០ដុល្លារក្នុងមួយធុងបារីល។

នៅអាស៊ី ដែលពឹងផ្អែកខ្លាំង លើការនាំទំនិញចេញទៅ សហរដ្ឋអាមេរិក កំពុងភ័យបារម្ភជាងគេ។ ផ្សារមូលបត្រ Nikkei នៅតូក្យូ បានធ្លាក់ថ្ងៃជាមធ្យម ចំនួន ៤,៤ ៣% នៅតៃប៉ិវិញ ធ្លាក់ជាង ៥%។ តម្លៃ ប្រាក់វុនរបស់កូរ៉េខាងត្បូង បាន ធ្លាក់ថ្លៃយ៉ាងគំហុក មិនធ្លាប់មាន បើគិតចាប់ពីឆ្នាំ ២០០៩មក ។ កូរ៉េខាងត្បូងដែលជាប់ពន្ធដល់ទៅ ២៥% ពឹងផ្អែកខ្លាំងណាស់ ទៅលើទីផ្សារអាមេរិក តួយ៉ាងដូចជា រថយន្តកូរ៉េខាងត្បូង និងឧបករណ៍ អេឡិកត្រូនិក គ្រប់ធុន។ នៅថ្ងៃចូលជាធរមាន នៃអត្រាពន្ធថ្មីនេះ រដ្ឋាភិបាល កូរ៉េខាងត្បូង បានប្រកាសបញ្ចេញ កញ្ចប់ប្រាក់ ចំនួន ២ពាន់លានដុល្លារ ដើម្បីជួយវិស័យ ផលិត រថយន្ត របស់ខ្លួន ។

នៅក្នុង ឱកាសលៀងសាយភោគមួយ របស់ គណបក្សសាធារណរដ្ឋ កាលពីល្ងាចថ្ងៃទី៨មេសា លោកដូណាល់ ត្រាំ បាន ឡើងនិយាយអួតថា វិធានការអត្រាពន្ធរបស់ លោក កំពុងតែធ្វើ ឲ្យ អាមេរិក ប្រមូល ប្រាក់បាន ២ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ក្នុងទឹកមុខធ្វើត្រាប់បែបចំអក លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បាន និយាយថា មានប្រទេសជាច្រើន ណាស់ ដែលកំពុងតែខំលៀនអណ្តាតលិឌគូទរបស់លោក។ ពួកប្រទេសទាំងនេះ កំពុងតែសុំទទូចអង្វរលោក ចង់ ឲ្យ ធ្វើ អ្វីក៏ព្រមដែរ សុំឲ្យតែអាមេរិកព្រមចរចាជាមួយទាក់ទិននឹងអត្រាពន្ធ ។

សូមបញ្ជាក់ថា ពិតជាមានប្រទេសមួយចំនួនពិត មែន ដែលបាន ទាក់ទងទៅវ៉ាស៊ីងតោន ដើម្បីសុំចរចា។ លោកដូណាល់ ត្រាំ បានអះអាងថាការចរចា នឹងត្រូវធ្វើ មួយករណីម្តង ទៅតាមប្រទេសខុសៗគ្នា ។ ពោលគឺវាស៊ីងតោន នឹងចាប់ផ្តើមចរចា ជាមួយ ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកមុនគេ ដូចជា ជប៉ុន និង កូរ៉េខាងត្បូង។ ដោយឡែក ចិនដែលរងគ្រោះធ្ងន់ជាងគេ ជាមួយនឹងអត្រាពន្ធដល់ទៅ ១០៤% បាន ប្រកាសជំហរយ៉ាងរឹងមាំ ថានឹង វាយ សងសឹកវិញទៅលើទំនិញ អាមេរិក មិនចុះចាញ់ជាដាច់ខាត តស៊ូប្រយុទ្ធដល់ដង្ហើមចុងក្រោយ ។

ចំណែក សហភាពអឺរ៉ុបវិញ គេកំពុងតែពិចារណា ដើម្បី ដាក់វិធានការ ឆ្លើយតបទៅ លើសេដ្ឋកិច្ចអាមេរិក តែដោយថ្លឹងថ្លែងបំផុត ដើម្បីបញ្ចៀសកុំ ឲ្យ ប៉ះពាល់ដល់ជីវភាព របស់ប្រជាជនអឺរ៉ុបខ្លួន ឯង។ លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បានទូរស័ព្ទទៅនិយាយជាមួយលោកនាយករដ្ឋមន្ត្រីចិន លី ឈាំង ដោយលោកស្រីលើកឡើងថា ត្រូវតែរកដំណោះស្រាយ តាមការចរចា តែ ទន្ទឹមនឹងនេះ ត្រូវតែបញ្ចៀសឲ្យ បាន នូវការប្រឈមមុខដាក់គ្នា។

គួរបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្ម របស់ រដ្ឋបាលលោកដូណាល់ កំពុងតែធ្វើ ឲ្យសេដ្ឋកិច្ចពិភពលោក ត្រូវរំជើបរំជួលភ័យជ្រួលច្របល់ ជាពិសេសនៅតាមបណ្តាប្រទេស ក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ នៅអាស៊ី និងនៅអាហ្វ្រិក ។ អ្នកវិភាគសេដ្ឋកិច្ច បានថ្លែងការបារម្ភថា សេដ្ឋកិច្ចពិភពលោក នឹងធ្លាក់ចុះជាខ្លាំង ជាមួយនឹងហានិភ័យអតិផរណាខ្ពស់ ប្រជាជនអត់ការងារធ្វើ ។ លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន លើកឡើងថា លោក ព្រួយបារម្ភណាស់ ព្រោះគឺប្រជាជននៅតាមប្រទេសក្រីក្រ ដែលប្រឈមខ្លាំងបំផុត ទៅនឹងផលប៉ះពាល់អវិជ្ជមានទាំងអស់នេះ៕

Nº.0606





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top