របបសឹក ភូមាបន្ត វាយប្រហារលើក្រុមឧទ្ទាម ដោយ មិនគោរបទឈប់បាញ់ ក្រោយរញ្ជួយដី
ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥៖
របបសឹកភូមាដែលបាន សន្យា ផ្អាក ការវាយប្រហារបណ្តោះអាសន្ន ទៅលើក្រុមឧទ្ទាម បន្ទាប់ពីប្រទេស បានជួប គ្រោះរញ្ជួយដីនោះ គឺនៅតែ បន្តការវាយ ប្រហារដដែលទេ ។ នេះ បើផ្អែកតាម ព័ត៌មាន ប្រមូល បានដោយ ទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយ កាលពីថ្ងៃទី ២៥មេសា។ គ្រោះរញ្ជួយដីកាលពីថ្ងៃទី ២៨មីនា បាន ផ្តាច់ជីវិតមនុស្ស ប្រមាណ ៣៧០០នាក់នៅភូមា ហើយ បច្ចុប្បន្ន ប្រជាជនភូមា ប្រមាណ ៦ម៉ឺននាក់ ត្រូវរស់នៅក្នុងជំរកបណ្ដោះអាសន្ន ដោយសារផ្ទះសម្បែង ត្រូវបាក់បែកអស់ ។
កាលពីថ្ងៃទី ២ មេសា ពោលគឺ ៥ថ្ងៃ ក្រោយរញ្ជួយដី របបសឹកភូមាបានប្រកាស ផ្អាកការវាយប្រហារជាបណ្តោះអាសន្ន ទៅលើ ក្រុមឧទ្ទាម រយៈពេល ២០ថ្ងៃ ដើម្បី សម្រួល ដល់ ការ ជួយសង្គ្រោះ ក៏ដូចជាការ ដឹកជញ្ជូនជំនួយ មនុស្ស ធម៌ ដល់ជនរងគ្រោះ ដោយមហន្តរាយរញ្ជួយដី។ ហើយ បន្ទាប់ពី មាន អន្តរាគមន៍ ពីលោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី របបសឹកភូមា បានសុខចិត្ត ពន្យារការ ផ្អាក ការវាយប្រហារនេះ ដល់ថ្ងៃទី ៣០មេសា ។
ក៏ប៉ុន្តែ ផ្អែកតាម ព័ត៌មានប្រមូលបានដោយ ទីផ្នាក់ងារព័ត៌មានReuters ដោយ ផ្អែក លើ ការទិន្នន័យ ផ្តល់ ឲ្យ ដោយ Armed Conflict Location & Event Data Project (ACLED) គឺរបបសឹកភូមាបានបន្តវាយ ប្រហារ លើ ក្រុមឧទ្ទាមដដែល ដោយ មិនគោរពការសន្យារបស់ខ្លួនទេ ។ ទីភ្នាក់ងារព័ត៌មានReuters បានព្យាយាមទាក់ទងទៅកាន់ អ្នកនាំពាក្យ របបសឹកភូមា ដើម្បីសុំការបំភ្លឺទៅនឹង បញ្ហានេះ តែមិន បានទទួលការឆ្លើយតបអ្វីទាំងអស់ ។
របាយការណ៍ របស់ ACLED បានបង្ហាញថា រវាងពីថ្ងៃទី ២៨មីនា ថ្ងៃ ដែលមានគ្រោះរញ្ជួយដី រហូតដល់ថ្ងៃទី ២៤មេសា គឺកងទ័ពនៃរបបសឹកភូមា បានបើកការវាយប្រហារ ចំនួន យ៉ាងហោច ២០៧លើក ដែលក្នុងនោះ មាន ១៤០លើកជាការវាយប្រហារបាញ់ប្លោងគ្រាប់ពីលើអាកាស និង ២៤លើក ជាការវាយប្រហារ ដោយ គ្រាប់កាំភ្លើងធំ។ ដោយឡែក ចន្លោះពីថ្ងៃទី ២ដល់ថ្ងៃ ១៨ មេសា គឺកងទ័ពជាតិភូមាបានបើកការវាយប្រហារជាមធ្យម ៩,៧ដង ហើយសម្លាប់ជីវិតមនុស្ស ជាមធ្យម ៦នាក់ ក្នុងមួយថ្ងៃ ។ ចំណែក ក្រុមឧទ្ទាម ប្រឆាំងរបបសឹកវិញ បានវាយប្រហារតមវិញចំនួន ៣លើក តាមរយៈការប្រើដ្រូន ដោយសារតែគ្មានមធ្យោបាយធំដុំដូចកងទ័ពរបបសឹក ដូចជាយន្តហោះចម្បាំង ឬកាំភ្លើងធំជាដើម ។ ភាគច្រើននៃការវាយប្រហាររបស់ របបសឹកភូមា គឺកើតមាននៅ តំបន់ Sagaing នៅ រដ្ឋស្ហាន រដ្ឋរ៉ាឃីន និង កាឈីនជាដើម ។ នេះបើផ្អែកតាម លោក Su Mon អ្នកវិភាគនៅ ក្រុមការងារ ACLED។
យ៉ាងហោចណាស់ ការវាយប្រហារចំនួន ១៧២លើក បាន កើតឡើងបន្ទាប់ពី បទឈប់បាញ់ បណ្តោះអាសន្នចូលជាធរមាន ក្នុងនោះមាន ៧៣លើក ដែល កងទ័ពរបបសឹកភូមាបានវាយប្រហារទៅលើតំបន់ដែលរងគ្រោះ ដោយមហន្តរាយរញ្ជួយដី ។ លោក James Rodehaver មន្ត្រីទទួលបន្ទុក ការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិប្រចាំភូមា បាន លើកឡើងថា របបសឹកភូមា គ្មានធម៌មេត្តា បន្តវាយប្រហារ ធ្វើ ដូចជាគ្មានរឿងអ្វីកើតឡើង ទាំងដែលប្រជាជនខ្លួន កំពុងរងទុក្ខវេទនា ដោយសារគ្រោះរញ្ជួយដី។
សូមរំលឹកថា គ្រោះរញ្ជួយដី កម្រិត៧,៧នៃកម្រិត រិឆទឺ បានផ្តាច់ជីវិតប្រជាជន ភូមា ប្រមាណ ៣៧០០នាក់ និងរបួសជាច្រើនពាន់នាក់ទៀត។ គិតត្រឹមថ្ងៃទី២៥មេសា មាន មនុស្សយ៉ាងហោច ៦ម៉ឺននាក់ ដែល រស់នៅក្រោមជំរកបណ្តោះអាសន្ន ខណៈរដូវភ្លៀងបានចាប់ផ្តើម មកដល់ ។ អង្គការសហប្រជាជាតិ បានអំពាវនាវប្រមូលប្រាក់ ចំនួន ២៧៥លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ប្រជាជនភូមា។ អង្គការសហប្រជាជាតិអះអាងថា មុនមានគ្រោះរញ្ជួយដី ប្រជាជនភូមាប្រមាណ ៤លាន៣សែននាក់ ដែលត្រូវ ការ ជំនួយឧបត្ថម្ភបន្ទាន់ ដោយសារតែ សង្គ្រាមស៊ីវីល។ តែចំនួននេះ បានកើនឡើង ២លាននាក់បន្ថែមទៀត បន្ទាប់មានគ្រោះរញ្ជួយដី ៕
Nº.0629