ក្រុមហ៊ុន ផលិតរថយន្ត អគ្គិសនី ចិន BYD បានបង្ហាញ ប្រាក់ចំណូល កើនឡើង ខ្ពស់ បំបែក ឯតទគ្គកម្ម នៅ ឆ្នាំ ២០២៤
ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥៖
ក្រុមហ៊ុន ផលិត រថយន្ត អគ្គិសនី នាំមុខគេ របស់ ប្រទេស ចិន BYD រកបាន ប្រាក់ចំណូល កប់ពពក កាលពី ឆ្នាំ ២០២៤ ក្នុងទំហំទឹកប្រាក់ ប្រមាណ ១០៧ពាន់លាន ដុល្លារ ពោលគឺ ច្រើនជាង ក្រុមហ៊ុន Tesla គូប្រជែង ដែលរក ប្រាក់ចំណូល បានតែ ជាង៩៧ពាន់លាន ដុល្លារ។ យោងតាម របាយការណ៍ ដែលក្រុមហ៊ុន បាន ចេញផ្សាយ នៅ ល្ងាច ថ្ងៃចន្ទ ទី ២៤មីនា នៅពេល បិទទីផ្សារភាគហ៊ុន នៅទីក្រុង ហុងកុង ក្រុមហ៊ុន BYD លក់ រថយន្ត អគ្គិសនី បាន ជាង ៤,៣លាន គ្រឿងនៅឆ្នាំ ២០២៤។ ការណ៍នេះ បាន ធ្វើ ឲ្យ BYD ដែលជាអក្សរកាត់ មកពី ភាសា អង់គ្លេស Build Your Dreams ឬ ”កសាង ក្តីស្រមៃ របស់អ្នក” ទទួល បាន ប្រាក់ចំណេញ ពីការលក់ រថយន្ត បាន ជាង ៥ពាន់លាន ដុល្លារ នៅ ឆ្នាំ មុន ពោលគឺ កើនឡើង ដល់ ទៅដល់ ៣៤% បើប្រៀបធៀប នឹង ឆ្នាំ ២០២៣។
ប្រាក់ចំណូលកើនឡើង ខ្ពស់ បំបែក ឯតទគ្គកម្ម ជា លទ្ធផល នៃយុទ្ធសាស្រ្ត របស់ ក្រុមហ៊ុន ដែល សម្រុក លក់រថយន្ត នៅទីផ្សារអន្តរជាតិ ជាពិសេស នៅទឹកដី អឺរ៉ុប តាមរយៈ ការផ្សព្វផ្សាយ ពាណិជ្ជកម្ម ដូចជា ការឧបត្ថម្ភ កម្មវិធី ប្រកួតកីឡា បាល់ទាត់អឺរ៉ូ ២០២៤ជាដើម។
សន្ទុះលក់ រថយន្តអគ្គិសនី របស់ ក្រុមហ៊ុន ចិន BYD កើនឡើង ទាំងនៅក្នុងប្រទេស ចិន និង នៅទីផ្សារ អន្តរជាតិ ដោយវ៉ាដាច់គូប្រជែង ក្រុមហ៊ុន Tesla របស់ មហាសេដ្ឋី អាមេរិក Elon Musk ដែល មាន ចំនួន លក់ រថយន្ត អគ្គិសនី ធ្លាក់ចុះ គួរ ឲ្យ កត់សំគាល់ នៅ ប្រទេស ចិន និង ជាពិសេស នៅ ទឹកដី អឺរ៉ុប។
នៅប៉ុន្មាន ថ្ងៃមកនេះ តម្លៃភាគហ៊ុន របស់ ក្រុមហ៊ុន ផលិតរថយន្ត អគ្គិសនី ចិន BYD បានឡើងមួយកម្រិត ថែមទៀត បន្ទាប់ពី ក្រុមហ៊ុន បង្ហាញ អាគុយ បច្ចេកវិទ្យាទំនើបថ្មី ដែល ជួយ ឲ្យរថយន្ត សាកក្នុងរយៈពេល ដ៏ខ្លី ដើម្បីរត់ចម្ងាយផ្លូវ ៤៧០គីឡូម៉ែត្រ។ យោងតាម ក្រុមហ៊ុន BYD បច្ចេកវិទ្យាដែលក្រុមហ៊ុន ទើប រកឃើញថ្មី អាច សាកអាគុយ រថយន្ត ប្រមាណ ១ពាន់ គីឡូវ៉ាត់ ក្នុងរយៈពេល ៥នាទី ស្មើនឹង ពេលវេលា ដែល រថយន្តចាក់សាំងធម្មតា។
១ពាន់ វ៉ាត់ ជា សមត្ថភាព ទ្វេដង បើប្រៀបធៀប នឹង កន្លែងបញ្ចូលអាគុយ របស់ ក្រុមហ៊ុន Tesla ដែលអាច បញ្ចូល បាន តែ ៥០០គីឡូវ៉ាត់តែប៉ុណ្ណោះ។ បច្ចេកវិទ្យាបញ្ចូលថាមពលអាគុយ ជារឿងមួយ ដែល នឹង អាច ធ្វើ ឲ្យ ក្រុមហ៊ុន Tesla លក់ ចាញ់ប្រៀប ក្រុមហ៊ុន រថយន្តចិន BYD។ នេះជា ដំណឹង មិន ល្អទាល់តែសោះ ចំពោះ ក្រុមហ៊ុន Tesla ដែលកំពុង ធ្លាក់ ប្រជាប្រិយភាព មាន បញ្ហា លក់ រថយន្ត អគ្គិសនី ទាំងនៅ ទឹកដីអាមេរិក និង នៅទីផ្សារ អឺរ៉ុប ចាប់តាំង ពីម្ចាស់ក្រុមហ៊ុន គឺ លោកមហាសេដ្ឋី Elon Musk ចូលធ្វើការជាមួយ រដ្ឋបាល លោកដូណាល់ ត្រាំ។ បាតុកម្ម និង ការដុតរថយន្ត អគ្គិសនី Tesla របស់ លោក Elon Musk បានកើតឡើង ជាបន្តបន្ទាប់ នៅទូទាំងសហរដ្ឋអាមេរិក និង នៅ ប្រទេសមួយចំនួននៅអឺរ៉ុប ដើម្បី ប្រឆាំង នឹង លោក Elon Musk ដែលលោក ដូណាល់ ត្រាំ តែងតាំង ជាមនុស្ស ជំនិត ទទួលបន្ទុក កាត់បន្ថយយ៉ាងចាស់ដៃ ខ្ទង់ ចំណាយ របស់ រដ្ឋាភិបាល។
នៅតាម បណ្តាប្រទេស នៅអឺរ៉ុប ដោយសារតែ លោក Elon Musk ចេញមុខ គាំទ្រ ក្រុមស្តាំនិយមជ្រុល ដូចជា នៅប្រទេស អាល្លឺម៉ង់ គេ ធ្វើពហិការម៉ាករថយន្ត Tesla រហូត ធ្វើ ឲ្យ ការលក់រថយន្ត Tesla ធ្លាក់ថយចុះ ពី ៥០ទៅ ៦០%។ ម្យ៉ាង គេជឿថា មហាសេដ្ឋីរូបនេះ ដែលជា អ្នកធ្លាប់រិះគន់ នយោបាយ ពាណិជ្ជកម្ម របស់អឺរ៉ុប បាន ផ្លុំត្រចៀក ឲ្យ លោកដូណាល់ ត្រាំប្រកាន់ ជំហរ តឹងរ៉ឹង ដាក់អឺរ៉ុប។ នៅអឺរ៉ុប រថយន្តTesla ធ្លាក់ប្រជាប្រិយភាព មិនមែនដោយសារតែ ជំហរ ញុះញង់ របស់ ម្ចាស់ក្រុមហ៊ុន Tesla តែមួយមុខទេ។ ហេតុផលមួយទៀត ដែលធ្វើ ឲ្យក្រុមហ៊ុន Tesla ចាញ់គូប្រកួតប្រជែង ដូចជា ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី ចិន គឺ រថយន្ត Tesla លក់នៅអឺរ៉ុប ជា ប្រភេទ ម៉ូឌែលចាស់ មានតម្លៃថ្លៃ ជាង រថយន្តអគ្គិសនីចិន ដែល មានបច្ចេកវិទ្យា ទំនើបថ្មី ទាន់សម័យ៕
Nº.0562