អង់គ្លេសគ្រោង កាត់បន្ថយ ចំណាយ សាធារណៈ ឲ្យ បាន ១៥% ចាប់ពីពេល នេះ រហូត ដល់ ៤ ឆ្នាំទៀត
ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥៖
រដ្ឋាភិបាល អង់គ្លេស ប្រកាស ថា នឹង កាត់ បន្ថយ ចំណាយ សាធារណៈ ឲ្យ បាន ១៥% ចាប់ពីពេល នេះ រហូត ដល់ ៤ ឆ្នាំទៀត ។ នេះជា វិធានការ ថ្មី របស់ រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុអង់ គ្លេស ដែល ទើបតែប្រកាស ចេញ នៅថ្ងៃ អាទិត្យ ទី ២៣មីនា។ ដើម្បីសម្រេចចំណាត់ ការកាត់បន្ថយ ចំណាយរដ្ឋដូច តាម គម្រោង រដ្ឋាភិបាល ទីក្រុង ឡុងដ្រ៍ នឹង ត្រូវ ជម្រុះ មន្ត្រី រដ្ឋបាល ស៊ីវិល ជាច្រើន ពាន់នាក់ ។
ប្រឈម មុខ នឹង វិបត្តិ ថវិកា សេដ្ឋកិច្ច ជាតិ មិន សូវ ស្ទុះបោះពួយ លឿន ខ្លាំង និង វិបត្តិ អតិផរណា ទំនិញផង រដ្ឋាភិបាល អង់គ្លេស ត្រូវតែ ធ្វើ កំណែទម្រង់ ជា ចាំបាច់។ វិធានការ ថ្មីរបស់ រដ្ឋអំណាច អង់គ្លេស គឺត្រូវ កាត់បន្ថយ ចំនួន មន្ត្រីបុគ្គលដែល កាន់តួនាទី ផ្នែក រដ្ឋបាល និងផ្នែក ការិយាធិបតេយ្យ ។ រដ្ឋមន្ត្រី ក្រសួង ហិរញ្ញវត្ថុ អង់គ្លេស លោកស្រី Rachel Reeves បាន ប្រកាស អំពីគម្រោង កែសម្រួល ថវិកាជាតិ ដែល តម្រូវ កាត់បន្ថយ ចំណាយ រដ្ឋាភិបាល ឲ្យបាន ចំនួន ១៥% ចាប់ពីពេល នេះ រហូតដល់ដាច់អាណត្តិដឹកនាំ ឆ្នាំ២០២៩។ នេះបើតាម បណ្តាប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន អង់គ្លេស BBC នៅថ្ងៃអាទិត្យ ទី២៣មីនា ដោយ បញ្ជាក់ទៀត ថា លោកស្រីរដ្ឋមន្ត្រីនឹងត្រូវ បង្ហាញ ផែនការ លម្អិតនៅ ចំពោះ សភា អង់គ្លេស នាថ្ងៃ ពុធ ទី ២៦មីនា ខាងមុខ នេះ។ ផែនការនោះ ត្រូវគេ ប្រសិទ្ធនាម យ៉ាងល្អឆើត ថា «សេចក្តីប្រកាស នៃរដូវផ្ការីក»។
រដ្ឋាភិបាល អង់គ្លេស មាន បុគ្គលិក ក្របខ័ណ្ឌ រដ្ឋ ប្រមាណ ៥០០ ០០០ នាក់ ។ បើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយ BBC លោកស្រីរដ្ឋមន្ត្រី ហិរញ្ញវត្ថុ អង់គ្លេស មាន ជំនឿជាក់ថា នឹង អាច កាត់បន្ថយ ចំនួន មន្ត្រី រដ្ឋបាល ឲ្យ បាន យ៉ាងហោច ១ ម៉ឺននាក់ ។ ការ ធ្វើ ដូច្នេះនឹង ធ្វើ ឲ្យ រដ្ឋាភិបាល អង់គ្លេស អាច សន្សំ សំចៃ ថវិកា ជាតិ ចំនួន ២,២ ពាន់លាន លីវ្រស្ទែរលីង (ប្រហែល ជា ស្មើនឹង ២,៦ ពាន់ លាន អឺរ៉ូ)។
នៅតាម កញ្ចក់ ទូរទស្សន៍ Sky News លោកស្រីរដ្ឋមន្ត្រី Rachel Reeves ក៏ លាតត្រដាង ថា លោកស្រី សុទ្ធចិត្ត ផ្តល់ ឱកាសការងារ ឲ្យ មន្ត្រីបុគ្គលិក រដ្ឋ ជួរមុខ នៅ សាលារៀន មន្ទីរពេទ្យ និង ប៉ុស្តិ៍ នគរបាល ជាជាង ទុកមនុស្ស ឲ្យធ្វើ ការងារ ផ្នែករដ្ឋបាលស៊ីវិល ។
កាលពី ពាក់កណ្តាលខែមីនានេះ រដ្ឋាភិបាលអង់គ្លេស បានសម្រេច លុបចោលទីភ្នាក់ងារ NHS England ដែល គ្រប់គ្រងសេវាកម្មប្រព័ន្ធ សុខាភិបាល អង់គ្លេស និង បណ្តាល ឲ្យ បុគ្គលរាប់ពាន់នាក់ បាត់បង់ ការងារធ្វើ។ រដ្ឋាភិបាលអង់គ្លេស ដឹកនាំដោយ គណ បក្ស ពលករ ក៏បាន កាត់ផ្តាច់ជំនួយ ចំពោះ ជនពិការ ដែល រងគ្រោះ ព្រោះជំងឺ រ៉ាំរ៉ៃ រយៈ ពេលយូរ ហើយ កាត់ផ្តាច់ ជំនួយ បង់ថ្លៃ ភ្លើងអគ្គិសនី ម៉ាស៊ីន កម្តៅសម្រាប់ មនុស្ស ចាស់ចូលនិវត្តន៍ ។ ចំណាត់ ការទាំងនេះ បានត្រូវរងការរិះគន់ ជាខ្លាំង និងធ្វើឲ្យ ប្រឡាក់ ប្រឡូកប្រជាប្រិយភាព រដ្ឋាភិបាល មិន តិចឡើយ ។
នាយករដ្ឋមន្ត្រី អង់គ្លេស លោក គៀរ ស្តារមឺ បាន ឡើង កាន់អំណាច នៅខែ កក្កដា ឆ្នាំ២០២៤ ក្នុងស្ថានភាព សេដ្ឋកិច្ច ជាតិ ជួប វិបត្តិ ។ សន្ទុះវឌ្ឍនភាព សេដ្ឋកិច្ច ទាបខ្លាំង និងចុះថយ ០,១% រួម នឹង អតិផរណា ៣% នៅ ខែ មករា។ ទោះបីជាម្តេចក្តី ប្រឈមមុខ នឹង បរិបទសង្គ្រាម នៅអ៊ុយក្រែន ប្រមុខដឹកនាំអង់គ្លេស រូបនេះ បាន ប្តេជ្ញា ចិត្ត ជំរុញ កំណើន ថវិកា វិស័យ ការពារជាតិ ជាលំដាប់៕
Nº.0560