“សង្ក្រាន្តវត្តភ្នំ” នឹងត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា
ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥៖
ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឆ្នាំម្សាញ់ឆ្នាំ២០២៥នេះ ឱ្យបានល្អបំផុត ដោយសារថា “សង្ក្រាន” នេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយ។
ការណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០មីនា ខណៈលោកបានអញ្ជើញជាអធិបតីតំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ បានមានប្រសាសន៍ថា ថ្មីៗនេះមានបណ្តាញសង្គមមួយនោះបានចុះផ្សាយព័ត៌មានខុសពីការពិត ដោយថា «ភ្នំពេញដូនពេញក្លាយជាទីកន្លែងសក្ការៈរបស់យួនហើយ»។ការបង្ហោះនូវព័ត៌មានក្លែងក្លាយខុសពីការពិតនេះ ពួកគេធ្វើឡើងដើម្បីបំផ្លាញជាតិរបស់យើង។ លោកបញ្ជាក់ថា ពួកអគតិតែងតែប្រឆាំងនៅពេលដែលពួកគេបានដឹងថា រាជរដ្ឋាភិបាលបង្កើតបាននូវសមិទ្ធផលធំៗជូនជាតិ។
ជាក់ស្តែងពេលនេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំ “សង្ក្រាន” នេះដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយ ទើបពួកគេបង្កើតឱ្យមានជាព័ត៌មានក្លែងក្លាយខុសពីការពិតនេះឡើង។ ដូចច្នេះទេ សូមឱ្យទាំងអស់គ្នារៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះឱ្យបានល្អបំផុត។
សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ មានរយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ហើយក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ”នេះ បានលើកឡើងពី ការរៀបចំជាកន្លែងទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញឧបករណ៍តន្ត្រីបុរាណជាដើម។
បន្ថែមពីនេះ កិច្ចប្រជុំក៏បានលើកឡើងពីការគិតគូរលើការជួសជុលសួនកុមារ ជួសជុលនាឡិកា ជួសជុលរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តុបតែងភ្លើងបន្ថែមទាំងនៅខាងក្នុងនិងខាងក្រៅរមណីយដ្ឋានវត្តភ្នំ និងតំបន់ជុំវិញវត្តភ្នំ។ ហើយ “សង្ក្រាន្តវត្តភ្នំ” ក៏នឹងត្រូវភ្ជាប់ជាមួយ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញផងដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្តទៅដល់៥ថ្ងៃ រហូតបញ្ចប់បុណ្យចូលឆ្នាំថ្មី៕
Nº.0553