លោកពូទីនសុខចិត្ត ផ្អាកការវាយប្រហារ តែទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល អ៊ុយក្រែន

7News

 លោកពូទីនសុខចិត្ត ផ្អាកការវាយប្រហារ តែទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល អ៊ុយក្រែន

ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៖

លោកដូណាល់ ត្រាំ និង លោកពូទីន បាន និយាយទូរស័ព្ទជាមួយ គ្នា កាលពីរសៀលថ្ងៃអង្គារទី ១៨ មីនា ស្តីអំពីគម្រោង បទឈប់ បាញ់នៅអ៊ុយក្រែន ។ ជាកិច្ចសន្ទនាដែលគេឃើញថា លោកពូទីនជាអ្នកនិយាយសង្កត់ដាក់លក្ខខណ្ឌ រីឯលោកដូណាល់ ត្រាំ ចាំតែស្តាប់និងយល់ព្រម។ ខុសពីអ្វីដែល ភាគីអាមេរិក បានស្នើ ឲ្យ មានបទឈប់បាញ់ទាំងស្រុង រយៈពេល៣០ថ្ងៃនោះ លោកពូទីន បានយល់ព្រម ក៏ប៉ុន្តែគឺឈប់វាយប្រហារ ត្រឹម តែទៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលចរន្តអគ្គីសនីរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកពូទីនបានទាមទារទៀតថា ក្រុមប្រទេសលោកខាងលិច ត្រូវតែឈប់ផ្តល់ជំនួយយោធាទាំងស្រុងទៅឲ្យអ៊ុយក្រែន ទើបអាចចាប់ផ្តើមនិយាយពី បទឈប់បាញ់ទាំងស្រុង បាន ។

សេតវិមានបាន ចេញលិខិតប្រកាស ថា កិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល ៩០នាទី រវាងលោកដូណាល់ ត្រាំ និង លោក ពូទីន កាលពីថ្ងៃទី ១៨ មីនា គឺមានលទ្ធផល វិជ្ជមានខ្លាំងណាស់ ទាក់ទិននឹងសំណុំរឿងអ៊ុយក្រែន។ តែធាតុពិតទៅ អ្នកវិភាគជាច្រើនបាន លើកឡើងថា ការពិត លោកដូណាល់ ត្រាំ ទន់ខ្សោយ ហើយ ត្រូវលោកពូទីនសង្កត់ជាប់ក្នុងពេលសន្ទនាគ្នា ។ ភាគីអាមេរិក បាន ស្នើ ឲ្យ មានបទឈប់បាញ់បណ្តោះអាសន្នទាំងស្រុង រយៈពេល៣០ថ្ងៃ ពោលគឺជាអ្វីដែល ភាគីអ៊ុយក្រែនបានទទួលយល់ព្រមនៅទីក្រុងចេដដា។ តែទីបំផុត ក្រោយ ការសន្ទនាគ្នាជាមួយ លោកដូណាល់ ត្រាំ លោក ពូទីនបានបញ្ជាក់ថា រុស្ស៊ីយល់ព្រមសុខចិត្ត ផ្អាកការ ប្រយុទ្ធ តែទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពល ចរន្តអគ្គីសនីរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។

បន្ថែមពីនេះ រុស្ស៊ី យល់ព្រមឲ្យ មានការដោះដូរឈ្លើយសឹក គ្នាទៅវិញទៅមក ចំនួន ១៧៥នាក់។ តែទាក់ទិននឹង បទឈប់បាញ់ទាំងស្រុងវិញ គឺលោកពូទីន មិនព្រមសន្យាអ្វី ទាំងអស់។ ជាងនេះទៀត លោកពូទីន បានគូសបញ្ជាក់នូវការទាមទារដ៏ធំមួយរបស់រុស្ស៊ី គឺ ក្រុមប្រទេសលោកខាងលិច ត្រូវតែឈប់ផ្តល់គ្រឿងសព្វាវុធ និងជំនួយផ្នែក យោធាគ្រប់រូបភាពទៅ ឲ្យ អ៊ុយក្រែន ។ នេះបើផ្អែកតាមលិខិតប្រកាសរបស់វិមានក្រេមឡាំង។ តែដោយឡែក ត្រង់ចំណុចនេះ នៅក្នុងបទសម្ភាសន៍ មួយ ឲ្យ ទូរទស្សន៍ Fox News លោកដូណាល់ ត្រាំ បានអះអាង ក្នុងពេលនិយាយគ្នាគឺ លោកនិងលោកពូទីន មិនបាន និយាយអ្វីទាំងអស់រឿងជំនួយ យោធាឲ្យ អ៊ុយក្រែន ។

ភ្លាម ៗក្រោយ ចប់កិច្ចសន្ទនារវាងលោកពូទីន និង លោកដូណាល់ ត្រាំ លោក ហ្សេឡេនស្គី បាន លើកឡើងថា អ៊ុយក្រែន មិនជំទាស់ឡើយ ទៅនឹង ការសន្យារបស់រុស្ស៊ី ក្នុងការ ផ្អាកការប្រយុទ្ធ ថ្វីបើ តែទៅលើ ទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ។ តែយ៉ាងណាក៏ដោយ លោកហ្សេឡេនស្គីបញ្ជាក់ថា លោក កំពុងរងចាំពិនិត្យ មើលលម្អិត ថាតើក្នុងពេលសន្ទនា គ្នានេះ លោកពូទីននិង លោកដូណាល់ ត្រាំ បានសុខចិត្តធ្វើសម្បទានអ្វីខ្លះឲ្យគ្នាទៅវិញទៅមក ។ ទាក់ទិននឹងការទាមទារ ពីលោក ពូទីន ថា ឲ្យ ក្រុមប្រទេសលោកខាងលិចឈប់ផ្តល់ជំនួយ ផ្នែក យោធាមក ឲ្យ អ៊ុយក្រែន លោកហ្សេឡេនស្គីបាន បរិហារថា វាគឺជាសារជាតិពិត របស់លោកពូទីន ដែលចង់ធ្វើឲ្យអ៊ុយក្រែនទន់ខ្សោយ គ្មានអាវុធនិងគ្មានព័ត៌មានគ្រប់គ្រាន់ ដើម្បីការពារខ្លួន ។ ហើយ វាក៏បញ្ជាក់ដែរថា លោកពូទីន គ្មានចេតនា ចង់ឈប់ធ្វើសង្គ្រាមនោះឡើយ ។

គួរកត់សម្គាល់ថា នៅក្នុង របាយការណ៍ ស្តីពីលទ្ធផល សន្ទនា គ្នា ទាំងពីភាគីអាមេរិក និងរុស្ស៊ី គឺពុំមានលើកឡើងទាល់តែសោះ ស្តីពី ទឹកដី អ៊ុយក្រែន ប្រមាណ ២០% ដែលបច្ចុប្បន្នស្ថិតក្នុងការគ្រប់គ្រងរបស់រុស្ស៊ី។ កន្លងមក លោកពូទីន ធ្លាប់បានបង្ហាញជំហរជាក់ច្បាស់ ថាគ្មានថ្ងៃដែលរុស្ស៊ីសុខចិត្តឲ្យអ៊ុយក្រែនវិញឡើយ ។ ចំណែក លោក ដូណាល់ ត្រាំ វិញធ្លាប់បានបង្ហើបថា អាមេរិក ត្រៀមសុខចិត្ត ឲ្យរុស្ស៊ីនិង អ៊ុយក្រែន “បែងចែកគ្នា”។ សេតវិមានបានបញ្ជាក់ ឲ្យដឹងផងដែរ ថាការចរចាគ្នាលម្អិត រវាងភាគីអាមេរិក និង រុស្ស៊ីនឹងចាប់ផ្តើម នៅថ្ងៃទីក្រុងចេដដាប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ២៣មីនា ។ ផ្អែកតាមការ វិភាគ គឺ រដ្ឋបាល របស់ លោកត្រាំ អាចនឹងយល់ព្រមសុខចិត្តច្រើន ទៅតាម ការទាមទាររបស់រុស្ស៊ី មិនថារឿងជំនួយយោធា និង រឿងទឹកដី អ៊ុយក្រែន ។

សូមបញ្ជាក់ដែរថា គ្រាន់តែលោកដូណាល់ ត្រាំ និងលោកពូទីនទំលាក់ទូរស័ព្ទចុះ មិនបានប៉ុន្មានម៉ោងផង នៅយប់ថ្ងៃអង្គារ អ៊ុយក្រែន បានអះអាងថា រុស្ស៊ីបាន បាញ់មីស៊ីល ៦គ្រាប់ និង បញ្ជាយានដ្រូន១៤៥គ្រឿង មកវាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលរបស់ អ៊ុយក្រែន ។ ប្រតិកម្មទៅនឹង ការវាយ ប្រហាររបស់រុស្ស៊ីភ្លាមៗក្រោយ លោកពូទីនទើបតែសន្យាជាមួយ លោកដូណាល់ត្រាំនេះ លោក រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានលើកឡើងថា “ពូទីនកំពុងតែលេងល្បិចដ៏ពិសពុល”។

គួរកត់សម្គាល់ ដែរថា បណ្តាប្រទេសអឺរ៉ុបបានតាមដាន ការសន្ទនារវាងលោកដូណាល់ ត្រាំ និង លោកពូទីន យ៉ាងយកចិត្ត ទុកដាក់បំផុត។ បារាំងនិង អាល្លឺម៉ង់បានប្រតិកម្ម យ៉ាងប្រុងប្រយ័ត្ន ដោយ លោក ម៉ាក្រុង និងលោកអូឡាហ្វ ស្ហុលស៍ បាន អះអាងសាជាថ្មីនៅថ្ងៃអង្គារថា បារាំងនិងអាល្លឺម៉ង់ នៅតែបន្ត ផ្តល់ជំនួយយោធាទៅឲ្យ អ៊ុយក្រែនជានិច្ច ។ ចំណែក លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer អះអាងថា អង់គ្លេសនឹងបន្តឈរនៅខាងអ៊ុយក្រែន បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីធានាថារុស្ស៊ីនឹងមិនមកឈ្លានពាន អ៊ុយក្រែនម្តងទៀត៕

Nº.0552

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top