សមត្ថកិច្ចថៃ រំដោះបាន ជនជាតិឥណ្ឌូណេស៊ី ជាង៥០០ ពីទីតាំងបណ្តាញឆបោកអនឡាញនៅភូមា
ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥៖
អាជ្ញាធរថៃ ដោយសហការជាមួយ អាជ្ញាធរឥណ្ឌូណេស៊ី បានចាប់ផ្តើម បញ្ជូន ខ្លួនជនជាតិឥណ្ឌូណេស៊ី ចំនួន ជាង ៥០០នាក់ ឲ្យ ត្រលប់ទៅ ស្រុកវិញ បន្ទាប់ពី ពួកគេត្រូវបាន សមត្ថកិច្ច ថៃ រំដោះបាន ពី ទីតាំង បណ្តាញឆបោកអនឡាញនៅភូមា ។ នៅព្រឹកថ្ងៃអង្គារ ទី ១៨ មីនា យន្តហោះទី មួយ ដឹក មនុស្ស ប្រមាណ ២០០នាក់ បានទៅដល់ទីក្រុងចាកាតាហើយ ។
យ៉ាងហោចណាស់ មាន ជនជាតិឥណ្ឌូណេស៊ីចំនួនសរុប ៥៥៤នាក់ ដែលគេគ្រោងនឹងបញ្ជូន ខ្លួន ពីប្រទេសថៃ ទៅកាន់ ឥណ្ឌូណេស៊ីវិញ។ ពួកគេសុទ្ធសឹងតែជាជនរងគ្រោះចាញ់បោកមេខ្យល់ ល្បួងយកទៅធ្វើការនៅតាមទីតាំងឆបោកអនឡាញ នៅភូមា។ នេះបើផ្អែក តាមការអះអាង របស់ លោក Budi Gunawan រដ្ឋមន្ត្រី ក្រសួង សហប្រតិបត្តិការកិច្ចការនយោបាយ និងសន្តិសុខឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារ ទី ១៨ មីនា ដែលអះអាងអំពីការសហការគ្នា រវាងរដ្ឋាភិបាលថៃ ចិន និងឥណ្ឌូណេស៊ី នៅក្នុងប្រតិបត្តិការនេះ ។
ផ្អែក តាមមន្ត្រីឥណ្ឌូណេស៊ីរូបនេះ ក្នុងចំណោម ជនរងគ្រោះឥណ្ឌូណេស៊ីទាំងជាង ៥០០នាក់នេះ គឺមាន ៤៤៩នាក់ភេទប្រុស ១០៥នាក់ភេទស្រី ដែលត្រូវបាន អាជ្ញាធរភូមា និងថៃ បាន រំដោះយកចេញពីទីតាំងឆបោក អនឡាញ ស្ថិតនៅ ទីក្រុង Myawaddy ជាប់ព្រំដែនមេសត ខេត្តតាក ខាងលិចប្រទេសថៃ។ ផ្អែកតាមការគ្រោងទុក គេនឹងប្រើប្រាស់យន្តហោះ ៣ជើង ដឹកចំនួន ៤០០នាក់នៅថ្ងៃទី ១៨មីនា និង ១៥៤នាក់ទៀត នៅថ្ងៃពុធ។ យ៉ាងណាមិញ យន្តហោះជើងទី១ ដឹកមនុស្ស ប្រមាណ ២០០នាក់ បានចេញពីបាងកកទៅដល់ ប្រលានយន្តហោះ ក្រុងចាកាតាហើយ នៅព្រឹកថ្ងៃអង្គារ ១៨មីនា ។
សូមបញ្ជាក់ថា បណ្តាញ ឧក្រិដ្ឋកម្ម ឆបោកអនឡាញ បានរីកដុះដាលយ៉ាងខ្លាំងនៅភូមា តាមតំបន់ព្រំដែន ជាប់ប្រទេសថៃ ដោយសារតែ ពួកឧក្រិដ្ឋជនបាន ឆក់ឱកាស ដែល ភូមាបាន ធ្លាក់ចូលទៅក្នុងភាពវឹកវរនយោបាយ និងអសន្តិសុខចាប់ពីឆ្នាំ ២០២១មក និងដោយសារតែអំពើពុករលួយ របស់អាជ្ញាធរភូមា ។ យោងតាម អង្គការសហប្រជាជាតិ នៅភូមា យ៉ាងហោចណាស់ គឺមានមនុស្ស ប្រមាណ ១២ម៉ឺននាក់ ភាគច្រើនជាជនជាតិចិន ដែលត្រូវបណ្តាញ ទុច្ចរិតនេះប្រើប្រាស់ ក្នុងលក្ខខណ្ឌប្រៀបបាននឹងទាសករ ដើម្បី ឲ្យ ឆបោក តាមអនឡាញ ។ យោងតាមអង្គការសហប្រជាជាតិដដែល ទីតាំងឆបោក អនឡាញប្រភេទនេះ ក៏រីកដុះដាលផងដែរ នៅកម្ពុជា និងនៅឡាវផងដែរ។ បណ្តាញឧក្រិដ្ឋកម្ម នេះ រកចំណូលបាន រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។
ភាគច្រើន មកពីចិន ឥណ្ឌូណេស៊ី ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែសជាដើម ពួកគេភាគច្រើនសុទ្ធតែ ត្រូវ គេ បោកប្រាស់ កុហក ថាយកមកធ្វើការបានប្រាក់ខែច្រើន តែទីបំផុតត្រូវ គេ យកមកបង្ឃាំងទុក ក្នុងមណ្ឌលដើម្បី ឲ្យ ឆបោកតាម អនឡាញ ទៅលើ ជនរួមជាតិគេនៅឯក្នុងស្រុក ។ សក្សីខ្លះបានអះអាងថា ពួកគេត្រូវក្រុមបណ្តាញទុច្ចរិតដកហូតលិខិតឆ្លងដែន ធ្វើទារុណកម្មវាយដំ បង្អត់អាហារ និងខ្លះទៀត ត្រូវគេគំរាម វះកាត់យកក្រលាន ឬបូមឈាមយកទៅលក់ថែមទៀត។
គួរកត់សម្គាល់ថា ប្រមាណ ២ខែមកនេះ ដោយរងសំពាធពីចិន របបសិក ភូមាបានសហការជាមួយអាជ្ញាធរថៃ ចុះទៅបំបែកទីតាំងឧក្រិដ្ឋកម្ម ទាំងនេះ ជាច្រើនកន្លែង នៅតំបន់ Myawaddy ដោយ បានរំដោះបានមនុស្ស ច្រើនពាន់នាក់។ ជាក់ស្តែង កាលពីខែកុម្ភៈ គេបានរំដោះបានជនរងគ្រោះចំនួន ជាង ៧០០០នាក់ ក្នុងនោះមានជនជាតិចិន ចំនួន ៤៨០០នាក់។ បច្ចុប្បន្ន ជនរងគ្រោះជាច្រើនពាន់នាក់ មកពីប្រទេសច្រើនផ្សេងគ្នា ដែលត្រូវ គេរំដោះមកបាន កំពុងស្នាក់នៅបណ្តោះអាសន្ន ចង្អៀតណែន នៅក្នុងមណ្ឌល ដែលអាជ្ញាធរថៃបានរៀបចំ រងចាំថ្ងៃដែលអាចត្រលប់ទៅកាន់ស្រុកកំណើត វិញ ៕
Nº.0547