ចិនជាប្រភពគំរាមកំហែងដ៏ចម្បងចំពោះសន្តិសុខនិងប្រយោជន៍អាមេរិក
ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥៖
រដ្ឋអំណាច ចិន ជាប្រភពនៃការគំរាមកំហែងដ៏ចម្បងបំផុត ចំពោះសន្តិសុខជាតិ សហរដ្ឋ អាមេរិក ។ នេះបើតាម ប្រមុខ ក្រុមស៊ើបការណ៍សម្ងាត់ ជាតិ អាមេរិក ដោយ ចោទប្រកាន់ ទៀត ថា រដ្ឋាភិបាល ក្រុង ប៉េកាំង បាន ពួត ដៃ សហការគ្នា ជាមួយបណ្តា ប្រទេស ជា សត្រូវ អាមេរិក ដើម្បី បំផ្លិច បំផ្លាញ ប្រយោជន៍ អាមេរិក និង ឃុបឃិត ជួយ គ្នា ឲ្យ គេចផុតពី ទណ្ឌកម្ម របស់ រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន ។
នៅចំពោះ មុខ ព្រឹទ្ធសភា អាមេរិក លោកស្រី ធុលស៊ី ហ្កាបាដ (Tulsi Gabbard) នាយិកាក្រុមស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ហៅកាត់ជាអង់គ្លេសថា DNI បាន បញ្ជាក់ថា រដ្ឋអំណាច ចិនកុម្មុយនិស្ត ជាប្រភព នៃការ គំរាម កំហែង ខាង យោធា និង សន្តិសុខ ដ៏មុត ស្រួចបំផុតចំពោះ សហរដ្ឋអាមេរិក ហើយ ចិនជា ចលករ ចម្បង ជាងគេ នៃការបំផ្លាញ ផលប្រយោ ជន៍ អាមេរិក។
ការ គំរាម កំហែង លេច តាមរយៈ ការ ពង្រីក ឥទ្ធិពល យោធា ជាលំដាប់ របស់រដ្ឋអំណាច ចិន ប៉េកាំង និងការ ដាក់ សម្ពាធ ខ្លាំងឡើងៗទៅលើ តៃវ៉ាន់ ព្រមទាំង ការ វាយប្រហារ តាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ជាប្រចាំ តែម្តង ដោយយក សហរដ្ឋ អាមេរិក ធ្វើ ជា ផ្ទាំង ស៊ីប។ ចិនជាគូប្រជែងយុទ្ធសាស្ត្រក៏ខ្លាំងក្លារបស់រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន ។ យោធាចិន មាន បំពាក់ ដោយ គ្រឿង សព្វាវុធដ៏ ទំនើបៗ ដូចជា មីស៊ីល អន្តរទ្វីប មីស៊ីលបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរ មីស៊ីល លឿនជាងសំឡេង អ៊ីពែរស៊ូនិក យន្តហោះបំបាំងកាយ នាវាចម្បាំង និងនាវា មុជទឹក ដ៏ ទំនើប ជឿនលឿន។ កងទ័ព ចិន ប្រឹង អភិវឌ្ឍសមត្ថភាព យោធា ជាប្រចាំ ដើម្បីគំរាម ឬ ធ្វើ វិទ្ធង្សនា និងធ្វើ ប្រតិបត្តិ ការ វាយ លុក។ នេះបើតាម លោកស្រី ធុលស៊ី ហ្កាបាដ នាយិកាក្រុម DNI ដោយ អះអាង បន្ថែម ថា សហគមន៍ ក្រុម អ្នក ស៊ើប ការណ៍ សម្ងាត់អាមេរិក បាន មើលឃើញជាក់ច្បាស់ ថា រដ្ឋអំណាច ចិន រុស្ស៊ី អ៊ីរ៉ង់ និង កូរ៉េ ខាងជើង បាន សហការគ្នា ប្រកួត ប្រជែង នឹង សហរដ្ឋអាមេរិក ជា ពិសេស ក្នុង ផ្នែក សន្តិសុខនិង សេដ្ឋកិច្ច ។ ករណីខ្លះ ក្រុម ប្រទេស ទាំងនោះ បាន ពួតដៃ គ្នា ដើម្បី បំផ្លាញ ផលប្រយោជន៍ អាមេរិក ហើយ ក៏ ការពារខ្លួន ឬ ជួយ គ្នា ដើម្បី បញ្ចៀសទណ្ឌកម្ម របស់ អាមេរិក។
គួរជ្រាបថា DNI ជាក្រុម ស៊ើបការណ៍សម្ងាត់ជាតិអាមេរិក បង្កើតឡើងដើម្បីជួយបំពេញកង្វះខាតរបស់ក្រុមប៉ូលិស ស៊ើបការណ៍ ផ្ទៃក្នុង FBI និងក្រុម ចារកម្មនៅបរទេស CIA។ DNI ជាទីភ្នាក់ថ្មី ដែលបង្កើតឡើងនៅឆ្នាំ២០០៥ ពោលគឺតែ ប៉ុន្មានឆ្នាំប៉ុណ្ណោះ ក្រោយពីអំពើភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
លោកស្រី ធុលស៊ី ហ្កាបាដ បានទទួល ការ តែងតាំងជានាយិកាក្រុមស៊ើបការណ៍សម្ងាត់ជាតិអាមេរិក (DNI) នៅខែវិច្ឆិកា ឆ្នាំ២០២៤។ មាន វ័យ ៤៣ឆ្នាំ លោកស្រីជា អតីត អ្ន កសមាជិកា រដ្ឋសភា តំណាងមណ្ឌល ហាវ៉ៃ ចន្លោះឆ្នាំ ២០១៣ ទៅ ២០២១។ លោកស្រី ជាអតីត សមាជិកាគណ បក្ស ប្រជាធិបតេយ្យ មុន នឹង ចូលរួមក្នុង ក្រុម នយោបាយ បក្ស សាធារណរដ្ឋ របស់ លោក ដូណាល់ ត្រាំ ។ ជា អតីត ទាហាន លោកស្រី ធុលស៊ី ហ្កាបាដ ធ្លាប់បាន ឃោសនា គាំទ្រ របប ដឹកនាំ របស់ អតីតប្រធានាធិបតី ស៊ីរី បាស្ហា អាល់អាសាដ និង សម្តែង សមានចិត្ត គាំទ្រ លោកចៅហ្វាយ វិមាន ក្រេមឡាំង វ្ល៉ាឌីមៀរ ពូទីន។
ជាការ កត់សម្គាល់ ក្រោយ បែកធ្លាយការ សម្ងាត់នៃ ប្រតិបត្តិ យោធាអាមេរិកទៅដល់ ដៃ អ្នក កាសែត ព្រឹទ្ធសភានិង រដ្ឋ សភាបាន ផ្តើម ជជីកសួរ ដេញដោល បណ្តាអ្ន កទទួល ខុស ត្រូវ ខាង ស៊ើបការណ៍ សម្ងាត់ អាមេរិក។ គណៈ កម្មាធិការ ព្រឹទ្ធសភាទទួល បន្ទុក កិច្ចការ ស៊ើប ការណ៍ សម្ងាត់ បាន បើក អង្គជំនុំ នៅថ្ងៃអង្គារ ទី២៥មីនា ហើយ នៅ ថ្ងៃពុធ ដល់វេន គណៈ កម្មាធិការ រដ្ឋសភា វិញ ម្តង។ ការ សួរ ដេញដោល នេះ ក៏ ឋិតក្នុង ឱកាសផ្សព្វផ្សាយរបាយការណ៍ អំពី «ស្ថានភាពគំរាមកំហែងសន្តិសុខពិភពលោក» ដែល ក្រុម ស៊ើប ការណ៍ អាមេរិក ត្រូវ វាយ តម្លៃ ជារៀងរាល់ឆ្នាំ៕
Nº.0570