រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក»
ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដាក់ចេញផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលនឹងអនុវត្តនៅតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេស ដោយផ្តោតលើកំណាត់ខ្សែផ្លូវជាតិសំខាន់ៗ ចំនួន ១២៦ខ្សែ ដែលប្រវែងសរុប ៦.៣០៩,៥៧គីឡូម៉ែត្រ។
សកម្មភាពទាំងនេះ រួមមាន
ទី ១. ការបន្តការផ្សព្វផ្សាយ និងបំផុសចលនាសម្អាតនៅផ្លូវជាតិជាប្រចាំ និងចូលរួមសម្អាតមុខគេហដ្ឋាន ឬទីតាំងរបស់ខ្លួន ជាមួយនឹងកម្លាំងភូមិ ឃុំ សង្កាត់ ឱ្យបានយ៉ាងតិច ២ដង ក្នុងមួយសប្តាហ៍
ទី២. ការចូលរួមបេ្តជ្ញាចិត្តពីសំណាក់សិស្សានុសិស្ស កម្មករ កម្មការិនី បុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស និងរដ្ឋបាលថ្នាក់ក្រោម ជាកត្តាសំខាន់ ដើម្បីភាពស្អាតនៅប្រទេសកម្ពុជា
ទី៣. រៀបចំផែនសកម្មភាពសម្អាតជាប្រចាំ និងជំរុញការទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ និងញែកសំរាម សំណល់រឹងនៅនឹងប្រភព
ទី៤. ក្រសួង បរិស្ថាននឹងផ្តល់ការលើកសរសើរចំពោះរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធ ដែលអនុវត្តផែនការសកម្មភាពនេះបានល្អ។ លោក អ៊ាង សុផល្លែត បានលេីកឡេីងដូចនេះ ក្នុងពិធីផ្សព្វផ្សាយស្តីពីផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ លោកបានលេីកឡេីងថា ក្រសួងបរិស្ថានបើកយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នេះឡើង ដើម្បីបំពេញឱ្យយុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ដែលជំរុញឱ្យទៅជា សកម្មភាពរួមគ្នាក្នុងពេលតែមួយ សម្អាតបរិស្ថាន បរិវេណជុំវិញភូមិដ្ឋាន សាលារៀន វត្តអារាម និងនៅតាមទីសាធារណៈ។
ក្រសួងបរិស្ថានក៏បានកំណត់ យុទ្ធនាការសម្អាតផ្លូវជាតិនេះ ដោយជំរុញឱ្យមានសកម្មភាពសម្អាត រើសសំរាម នៅតាមដងផ្លូវនានា ជាពិសេសនៅតាមផ្លូវជាតិ ដែលអ្នកពាក់ព័ន្ធទាំងអស់ សហការគ្នា ដើម្បីធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ នៅចុងឆ្នាំ២០២៥។ លោក អ៊ាង សុផល្លែត ក៏បានលើកឡើងពីការគាំទ្រ និងការលើកទឹកចិត្ត ដល់ការផ្តល់ការគាំទ្រជាធនធាន សម្ភារ ក្នុងនោះគ្រោងផ្តល់ធុងសំរាមចំនួន ៣ធុង សម្រាប់សាលារៀន មណ្ឌលសុខភាព វត្តអារាម នីមួយៗ ទូទាំងប្រទេស ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្តង់ដានៅទូទាំងប្រទេស ដោយផ្តោតលើ ការញែក និងកែច្នៃសំណល់ ដែលអាចកាត់ បន្ថយការបំពុលបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់ និងការបង្កើនចំណូលបន្ថែមនៅក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់។
ជាមួយគ្នានេះដែរ ក្រសួងនឹងយកចិត្តទុកដាក់កម្រិតខ្ពស់លើការ ញែកសំរាម និងការសាងសង់ទីលានទុកដាក់សំរាម ដែលស្របតាមស្តង់ដាបច្ចេកទេស និងប្រកបដោយអនាម័យ។ ក្រៅពីនេះធ្វើយ៉ាងណាការញែកសំរាមប្លាស្ទិក សំណល់គ្រោះថ្នាក់ និងសំរាមធម្មតា និងទុកដាក់ឱ្យបានត្រឹមត្រូវ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងជំរុញ ភាពស្អាត ក្នុងសង្គមកម្ពុជា និងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈ ការអនុវត្តនូវ «ភាពស្អាតក្នុងផ្នត់គំនិត» «ភាពស្អាតបរិស្ថានជុំវិញខ្លួន» ក្នុងនោះ មាន «ភាពស្អាតលើមេឃ» «ភាពស្អាតលើដី» និង «ភាពស្អាតក្នុងទឹក» និង «ភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិ» និងបន្តដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗទៀតផងដែរ៕
Nº.0572