ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥
ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ពោលគឺ នៅមុនចូលឆ្នាំខ្មែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំខ្មែរផង និងដោះស្រាយការកកស្ទះចរាចរនៅទីតាំងនោះផងដែរ។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ថា ស្ពានអាកាស "មរតកតេជោ" នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលា ក្នុងការធ្វើដំណើរ សន្សំសំចៃសម្រួលលំហូរចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមក ជាពិសេសពេលរដូវបុណ្យជាតិធំៗ បុណ្យទានផ្សេងៗ ដូចជា បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ ជាដើម។
លោកស្រី ដោ សម្ផស្ស បានបន្តថា ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញ ផងដែរ។
សូមបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕
Nº.0561