តុលាការ ចេញលិខិតបង្គាប់ឲ្យលោក ដួង ឆាយ ប្រគល់កូនស្រីឲ្យទៅអ្នកស្រី ដេត ម៉ាលីណា

7News

តុលាការ ចេញលិខិតបង្គាប់ឲ្យលោក ដួង ឆាយ ប្រគល់កូនស្រីឲ្យទៅអ្នកស្រី ដេត ម៉ាលីណា

ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥៖

នៅថ្ងៃទី២៦ ខែមីនា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យលោក ឌួង ឆាយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជទៅឲ្យឈ្មោះដេត ម៉ាលីណាដែលត្រូវជាម្តាយ ឬប្រគល់មកឲ្យអាជ្ញាសាលាតាមអំណាចនៃដីកាសម្រេចរបស់សាលាឧទ្ធរណ៍ឲ្យបានមុនថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ ការបញ្ជារបស់អាជ្ញាសាលាធ្វើឡើង ក្រោយលោក ឌួង ឆាយមិនព្រមអនុវត្តតាមដីកាសម្រេចរបស់តុលាការ ខណៈអាជ្ញាសាលាក៏បានចុះអនុវត្តដីការបស់តុលាការម្តងរួចមកហើយកាលពីថ្ងៃទី១៧ ខែមីនា តែមិនបានសម្រេច។ ជុំវិញករណីនេះ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទបានបញ្ជាក់ថា លោក ឌួង ឆាយអាចនឹងមានទោស បើមិនអនុវត្តតាមដីការបស់តុលាការ។

យោងតាមលិខិតជូនដំណឹងរបស់អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ ប្រសិនបើលោក ឌួង ឆាយ មិនព្រមអនុវត្តដោយស្ម័គ្រចិត្ត និងមិនអនុវត្តមានអំណាចនៃដីកាសម្រេចនោះទេ អាជ្ញាសាលានឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ ត្រង់ចំណុចនេះត្រូវបានលោកមេធាវី សុខ សំអឿនបញ្ជាក់ថា អាជ្ញាសាលាមានសិទ្ធិប្រើកម្លាំងដើម្បីចុះអនុវត្ត ប្រសិនបើលោក ឌួង ឆាយ នៅតែមិនព្រមអនុវត្ត។ លោកមេធាវីបន្តទៀតថា បើក្នុងករណីលោក ឌួង ឆាយយល់ព្រមប្រគល់កូនឲ្យភាគីម្តាយរួចហើយ តែបែរជាមកដណ្តើមកូននៅពេលក្រោយវិញនោះ គឺជាបទល្មើសព្រហ្មទណ្ឌ។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឲ្យលោក ឌួង ឆាយ ប្រគល់ផ្ទះចំនួន ២កន្លែងឲ្យអ្នកស្រី ដេត ម៉ាលីណា រួមនឹងការប្រគល់សិទិ្ធគ្រប់គ្រងផ្តាច់មុខលើភាគហ៊ុននៃមុខជំនួញចំនួន៥។ បន្ថែមពីនេះ តុលាការក៏បានតម្រូវឲ្យលោក ឌួង ឆាយប្រគល់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារឲ្យទៅឈ្មោះ ដេត ម៉ាលីណា និងត្រូវបង់សងបំណុលចំនួន ៣លាន៥សែនដុល្លារតែម្នាក់ឯង រួមទាំងប្រគល់កូន៣នាក់ទៅឲ្យភាគីដេត ម៉ាលីណា៕

Nº.0569




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top