តួកគី៖ សមត្ថកិច្ចបានចាប់ខ្លួន មនុស្ស ចំនួន ១៤១៨ នាក់ ដែលសុទ្ធតែជាអ្នកបានចូលរួមនៅក្នុងការជួបជុំធ្វើបាតុកម្ម
ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៥
ជាច្រើន អាជ្ញាធរបានចេញច្បាប់ ហាមឃាត់ការជួបជុំធ្វើបាតុកម្ម ។
៦ថ្ងៃក្រោយ ការចាប់ខ្លួនលោកអភិបាលទីក្រុងអ៊ីស្តង់ប៊ូល អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ (Ekrem Imamoglu) បាតុកម្ម របស់ ប្រជាជនតួកគី បាន ពុះកញ្ជ្រោល ផុសឡើងធំទៅៗ នៅតាមទីក្រុងធំៗ ដើម្បីប្រឆាំង នឹង អំណាចផ្តាច់ការ របស់ លោក ប្រធានាធិបតី អ៊ែរដូហ្កាន់ ។ ជាចលនាបាតុកម្ម ប្រជាជន ដ៏ធំបំផុត នៅតួកគី បើគិតរាប់ ចាប់ពីចលនា Gezi នៅទីលាន Taksim កណ្តាល ក្រុងអ៊ីស្តង់ប៊ូល កាលពីឆ្នាំ ២០១៣ ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី ១៩ មីនា នគរបាលតួកគី បានចុះទៅចាប់ខ្លួន មនុស្ស ៩២នាក់ ក្នុងនោះមាន លោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ អភិបាលក្រុងអ៊ីស្តង់ប៊ូលដែលជាអ្នកនយោបាយ ប្រឆាំង ដ៏មានប្រជាប្រិយភាពបំផុត ។ ស្របពេល ដែល តុលាការតួកគី សម្រេចឃុំខ្លួន លោកអ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ ប្រជាជនតួកគីអ្នក គាំទ្រគណបក្ស សាធារណរដ្ឋប្រជាជន CHP បានបោះឆ្នោតកាលពីថ្ងៃអាទិត្យទី ២៣មីនា តែងតាំង លោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូជាបេក្ខជនផ្លូវការ របស់ បក្ស ដើម្បីចូលរួម បោះឆ្នោតប្រធានាធិបតី ។ សម្រាប់ប្រជាជន តួកគីខ្លះ ការចាប់ខ្លួន លោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ វាគឺជារឿងនយោបាយ ព្រោះលោកអ៊ែរដូហ្កាន់ ចង់ កំចាយ គូរប្រជែងរបស់ខ្លួន ឲ្យ បាន មុន ថ្ងៃបោះឆ្នោត ។
គួរកត់សំគាល់ថា ចាប់តាំងពីថ្ងៃទី ១៩ មីនាមក បាតុកម្ម របស់ប្រជាជន បានរីកធំទៅ ៗ ដើម្បី ទាមទារឲ្យ ដោះលែង លោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ ហើយ ផ្តួលរំលំ រដ្ឋាភិបាល ផ្តាច់ការ ។ នៅរដ្ឋធានីអង់ការ៉ា អាជ្ញាធរ បានហាមឃាត់ការជួបជុំ រហូតដល់ ថ្ងៃទី ១មេសា។ រីឯនៅទីក្រុង អ៊ីសមៀរ ទីក្រុងធំទី ៣និងជា តំបន់ធំសំបូរទៅដោយ អ្នកគាំទ្របក្សប្រឆាំងវិញ អាជ្ញាធរបានចេញបំរាម ហាមជួបជុំគ្នា រហូតដល់ថ្ងៃទី ២៩ មីនា ។ នៅអ៊ីស្តង់ប៊ូល អាជ្ញាធរបានចេញ បំរាមហាមជួបជុំ តាំងតែពីថ្ងៃដំបូង តែបាតុករ កាន់តែច្រើនម៉ឺននាក់ បាន ចុះផ្លូវ ជួបជុំគ្នា បើទោះបីជារងនូវការបង្ក្រាបយ៉ាងហិង្សាពីសមត្ថកិច្ច ។
ពីទីក្រុងហ្សឺណែវ ថ្ងៃទី ២៥ មីនា លោកស្រី Liz Throssell អ្នកនាំពាក្យ ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បាន ថ្លែងការបារម្ភជាខ្លាំង អំពីស្ថានការណ៍ នៅតួកគី។ ក្នុងនាមអង្គការសហប្រជាជាតិ លោកស្រី បានអំពាវនាវ ឲ្យអាជ្ញាធរតួកគី បើកការស៊ើបអង្កេត ឲ្យ បានត្រឹមត្រូវនិងយុត្តិធម៌ ចំពោះពាក្យ ចោទប្រកាន់ ដែលថា សមត្ថកិច្ចនគរបាល បានប្រើ កម្លាំងជ្រុលហួសហេតុ និងដោយ ខុសច្បាប់ ក្នុងការបង្ក្រាប បាតុកម្ម ៕
Nº.0566