អង្គការ សហប្រជាជាតិបាន ទាញ សញ្ញា អាសន្ន នៅ ចំពោះ មុខ នយោបាយ ដឹកនាំ របស់ លោក ដូណាល់ត្រាំ
ចេញផ្សាយថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥៖
ឧត្តម ស្នង ការ សិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ បាន រិះគន់ដោយ ឥត សំចៃ និង ជា លើកដំបូងបង្អស់ រដ្ឋបាល អាមេរិក ថ្មី ដែលប្រធានាធិបតីត្រាំ បាន ប្តូរ ផ្លាស់ ជំហរ នយោបាយ និង របៀ ប ដឹកនាំ ទាំង ស្រុង។ ការ ប្តូរ ផ្លាស់នេះ បាន បង្ក ឱ្យ មានក្តី ព្រួយ បារម្ភ យ៉ាង ខ្លាំង ស្តី ពី បញ្ហា សិទ្ធិមនុស្ស នៅ លើ ពិភពលោក។
ក្នុង ឱកាស ថ្លែង សុន្ទរកថា ទៅ ក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ ដើម្បី លម្អិតអំពី ស្ថានភាព សិទ្ធិមនុស្ស នៅលើ ពិភពលោក ប្រមុខ ស្នង ការដ្ឋាន សិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ វ៉ុលក័រ តួក Volker Turk បានបង្ហាញ ក្តី ព្រួយ បារម្ភ យ៉ាង ខ្លាំង ចំពោះ ការ ប្តូរ ផ្លាស់ជំហរ នយោបាយ ក្នុង ស្រុក និង អន្តរជាតិ ជា មូលដ្ឋាន គ្រឹះ ប្រជាធិបតេយ្យ របស់ រដ្ឋបាល អាមេរិក ថ្មី។ មាន ប្រវត្តិ គាំទ្រ សិទ្ធិមនុស្ស តាំង ពី ជា ច្រើន ទសវត្សរ៍ មក ហើយ តែពេល នេះ អាមេរិក ដែល មាន នយោបាយ ការពារ ជន គ្រប់ រូប ពីការ រើសអើង កំពុង ក្លាយ ជា ប្រទេសអ្នក រើស អើង ។ វឌ្ឍនភាព ក្នុង ផ្នែក សមភាពយេនឌ័រ កំពុង រលាយ ស្ទើរអស់។ នេះ បើ តាម ប្រសាសន៍ រិះគន់ ដ៏ កម្រ មិនធ្លាប់ មានរបស់ លោក ឧត្តម ស្នង ការ ដោយ មិន ថ្លែង ឱ្យ ចំ ឈ្មោះ លោក ប្រធានាធិបតី ត្រាំ ទេ។ លោក ឧត្តម ស្នង ការ សិទ្ធិមនុស្ស បាន បន្ថែម ទៀត ថា ការផ្តល់ ព័ត៌មាន មិន ពិត ការ សំឡុត និង ការ គំរាម លើ អ្នក កាសែត លើ អ្នក រដ្ឋការ ប៉ះពាល់ ដល់ ភាព ឯករាជ្យ របស់ ប្រព័ន្ធផ្សព្វផ្សាយ និង ស្ថាប័ន រដ្ឋ។ សំដី បែប បញ្ឆេះ ដុត រោល ដើម្បី បំភាន់ និង បំបែក បំបាក់ នាំ មក នូវ ភាព ភ័យ ខ្លាច និង កង្វល់។
លោក វ៉ុលក័រ តួក បាន ទាញ សញ្ញា អាសន្ន មួយ ទៀត ស្តីពី ចេតនា ចង់គ្រប់ គ្រងនិង ប្រើ ឥទ្ធិពល របស់ ក្រុម មហាសេដ្ឋី ផ្នែក បច្ចេកវិទ្យា ដោយគ្មាន បញ្ចេញ ឈ្មោះទេ តែ គេ អាច យល់ បាន ថា ជា លោក Elon Musk ថៅកែ តេស្លា SpaceX ឬ Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta (Facebook Instagram WhatsApp) ឬ លោក Jeff Bezos ម្ចាស់ Amazon។
ក្រុម មហាសេដ្ឋីបច្ចេកវិទ្យាមួយ ក្តាប់ តូច ដែល គ្មាន នរណា បាន បោះឆ្នោត ឱ្យ កំពុង ក្តោប ទិន្នន័យ របស់ មនុស្ស លោក ដោយ ដឹងថា យើង រស់ នៅទីណា កំពុង ធ្វើ អ្វី ដឹង អំពី លក្ខខណ្ឌ សុខភាព ប្រភេទ ហ្សែន ការ គិត ចំណង់ និង ការភិត ភ័យ របស់ យើង គ្រប់ គ្នា ។ ពួក គេ ស្គាល់ យើង ជាង យើង ស្គាល់ ខ្លួន ឯង ទៅ ទៀត។ ដូច្នេះ គេ ដឹង ថា ត្រូវ ធ្វើ ដូចម្តេច ដើម្បី បង្វិល ខួរក្បាល យើង បាន។ បើ គ្មាន ច្បាប់ ច្បាស់លាស់ ទេ នោះ ពួកគេ នឹង អាច បង្ក្រាប បំភ័យ យើង បាន តាម ចិត្ត ។ នេះ ជាប្រសាសន៍ របស់ លោក ឧត្តម ស្នង ការ សិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ ដោយ អំពាវនាវឱ្យ គ្រប់ ប្រទេសរូត រះ សម្រប និងសហការ គ្នា ការ ពារ ប្រជាពលរដ្ឋ ឱ្យ បាន ឆាប់ រហ័ស។
ក្រៅ អំពី រិះគន់ ប្រជាធិបតេយ្យអាមេរិក អង្គការ សិទ្ធិមនុស្ស សហប្រជាជាតិ ក៏ បាន ថ្ងូច ថ្ងូរ អំពី ការរំលោភ សិទ្ធិមនុស្សធម៌ អន្តរជាតិ នៅ លើ ពិភពលោក ដែល មាន ជម្លោះ ប្រដាប់អាវុធ រីក រាលដាល ស្ទើរ គ្រប់ ទ្វីប តាំងពី ហ្កាហ្សា ទៅ អ៊ុយក្រែន ដល់ ស៊ូដង់ ឬ កុងហ្គោ ទៀត៕
Nº.0483