រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ៥៩៧គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ៥៩៧គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ការធ្វើបែបនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា បានបញ្ជាក់ថា រថយន្តក្រុងទាំង៥៩៧គ្រឿងនេះ នឹងបម្រើសេវាដឹកជញ្ជូនពលរដ្ឋរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា។
ក្នុងចំណោមរថយន្តក្រុង ៥៩៧គ្រឿងនេះ មាន១០០គ្រឿង នឹងដាក់ឱ្យប្រើប្រាស់សម្រាប់ប្រតិបត្តិការតម្រាយខ្សែរត់ក្នុងរាជធានីភ្នំពេញ។ ចំណែក ៤៩៧គ្រឿងទៀត នឹងដាក់ឱ្យបម្រើសេវាដឹកជញ្ជូនពលរដ្ឋ ចេញពីក្រុងភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្តាខេត្តត្រឡប់មកភ្នំពេញវិញ។ ក្នុងរថយន្តក្រុងនីមួយៗ ក៏មានរៀបចំទឹកបរិសុទ្ធ ដោយឥតបង់ថ្លៃផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យកម្មករ-និយោជិត និងពលរដ្ឋទាំងអស់ ងាកមកដំណើរតាមរយៈរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញវិញ ដើម្បីកាត់បន្ថយការចំណាយ៕
Nº.556