កម្ពុជា៖ នឹងមិនមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦
ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥
តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤មីនានេះ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មិនមានភ្លៀងធ្លាក់នោះទេ ខណៈសីតុណ្ហភាពមានចន្លោះពី ២៣ ទៅ ៣៥°C។ ករណីនេះ គឺដោយសាររបបខ្យល់មូសុងឦសានជាមួយសម្ពាធខ្ពស់ គ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។
តាមការប្រកាស ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម៣ម៉ែត្រ វិនាទី។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕
Nº558