ថ្នាក់ដឹកនាំ អឺរ៉ុប បង្ហាញស្មារតី សាមគ្គីភាព និង បញ្ចេញ សារ គាំទ្រ អ៊ុយក្រែន
បណ្តា ថ្នាក់ដឹកនាំ អឺរ៉ុប បង្ហាញស្មារតី សាមគ្គីភាព និង បញ្ចេញ សារ គាំទ្រ អ៊ុយក្រែនយ៉ាង ច្រើន ព្រោង ព្រាត ព្រមៗគ្នា បន្ទាប់ពីការ ប្រកែក ខ្វែង សម្តីគ្នា រវាង ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និងប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នៅ សេតវិមាន អាមេរិក ។ ក្នុងគ្រាដ៏ លំបាក នេះ តើ មាន មេដឹកនាំអឺរ៉ុប រូបណាខ្លះ ដែល មិនទុក លោក ហ្សេឡេនស្គី ឲ្យ នៅ ឯកា ?
ថ្នាក់ដឹកនាំអឺរ៉ុប បង្ហាញ ស្មារតី សាមគ្គី ភាពជាមួយ អ៊ុយក្រែន និងផ្ញើសារ លើកទឹកចិត្ត លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដោយ បង្ហាញថា ប្រទេស អឺរ៉ុប នៅ ជាមួយ អ៊ុយក្រែន និងគាំទ្រ អ៊ុយក្រែន ឥតងាករេ ។
ថ្នាក់ដឹកនាំ សហភាព អឺរ៉ុប ប្រកាស ថា អ៊ុយក្រែនមិនឯកា ឡើយ។ អ៊ុយក្រែន ត្រូវតែខ្លាំង ក្លាហាន និងកុំភ័យខ្លាច ។ សហភាព អឺរ៉ុប បន្ត ធ្វើកិច្ចការជាមួយ ភាគី ពាក់ព័ន្ធដើម្បី នាំមកនូវ សន្តិភាព ជានិរន្តរ៍ និង យុត្តិធម៌ សម្រាប់ អ៊ុយក្រែន។ នេះបើតាម សេចក្តីប្រកាស ព្រម ៗគ្នា របស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន និង ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អង់តូនីញ៉ូ កូស្តា។
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បាន ថ្លែងពី ប្រទេស ព័រទុយហ្កាស ដោយ ពន្យល់ ជាថ្មី ថា រុស្ស៊ី ជាអ្នក ឈ្លាន ពានទឹកដីអ៊ុយក្រែន ហើយ អ៊ុយក្រែន ជាជនរងគ្រោះ ។ លោក ម៉ាក្រុង សង្កត់ធ្ងន់ថា ពលរដ្ឋ អ៊ុយក្រែន ប្រយុទ្ធ តាំងពី ដើមដៃរហូត មក ដើម្បី ការពារកិត្តិយស ការពារ ឯករាជ្យភាព ពលីកម្ម ដើម្បី កូនចៅ និង សន្តិសុខ អឺរ៉ុប ។
ស្រដៀង គ្នានេះដែរ អនាគតអធិការបតី អាល្លឺម៉ង់ លោក ហ្វ្រីដ្រិក មែក្ស បាន ផ្ញើ សារត្រង់ ចំពោះ លោក ហ្សេឡេនស្គី ដោយ បញ្ជាក់ ថា អាល្លឺម៉ង់ គាំទ្រអ៊ុយក្រែន គ្រប់ កាលៈទេសៈ ទាំង ក្នុង ពេល សប្បាយរីកយ និង គ្រា ទុក្ខលំបាក។ លោក ហ្វ្រីដ្រិក មែក្ស គូស បញ្ជាក់ ទៀតថា គេ មិន ត្រូវ ច្រឡំសោះឡើយ រវាង អ្នក ឈ្លាន ពាន គេ និង ជន រងគ្រោះ ។ ជាមួយ គ្នា នេះ លោក អូឡាហ្វ ស្ហុលស៍ អធិការបតី អាល្លឺម៉ង់ដែល ជិត ផុតអាណត្តិ ឆ្លៀត បង្ហាញ ដែរថា គ្មាន នរណា ចង់ បាន សន្តិភាព ជាង អ៊ុយក្រែន និងពលរដ្ឋអ៊ុយក្រែននោះឡើយ។ លោក អូឡាហ្វ ស្ហុលស៍ ក៏ សូម ឲ្យ អ៊ុយក្រែនទុកចិត្ត លើ អាល្លឺម៉ង់ និង សម្ព័ន្ធមិត្តអឺរ៉ុប ។
ថ្នាក់ដឹកនាំ ប៉ូឡូញ ថា អ៊ុយក្រែន មិនកំព្រា ឯកានោះឡើយ។ អេស្បាញ៉ ថា នៅ ជាមួយ អ៊ុយក្រែន ជានិច្ច។ ចំណែក អ៊ីតាលីវិញ លោកស្រីនាយករដ្ឋមន្ត្រី ចរចា មេឡូនី ចង់ កោះ ឲ្យ ប្រជុំ បន្ទាន់ រវាង សម្ព័ន្ធ មិត្ត អ៊ុយក្រែន ទាំងអស់ ទាំង អាមេរិក និង អឺរ៉ុប ដើម្បី ឲ្យ ជជែកគ្នា ជាថ្មី ដោយ ត្រង់ទៅត្រង់មក។ហូឡង់ ស៊ុយអែត ដាណឺម៉ាក អៀរឡង់ ។ល។ ក៏ បង្ហាញ ជំហរ គាំទ្រ និង ថា នៅពី ក្រោយ អ៊ុយក្រែនជានិច្ច។ រីឯ ប្រទេសអំណាច ធំៗ ក្រៅ រង្វង់ សហភាព អឺរ៉ុប ក៏ បង្ហាញ ស្មារតី គាំទ្រ អ៊ុយក្រែន ដែរ ។ ប្រទេស ស្វីសថ្កោលទោសរុស្ស៊ី ដែល បំពាន អ៊ុយក្រែន និង អំពាវនាវឲ្យ បង្កើន សន្តិភាព ជានិរន្តរ៍ ។ នា ឱកាស នេះ នាយករដ្ឋមន្ត្រី កាណាដា ហ្សូសស្តាំង ទ្រុយដូ សង្កត់ធ្ងន់ថា អ៊ុយក្រែន តស៊ូប្រយុទ្ធ ដើម្បី សិទ្ធិសេរីភាព ដែល សេរីភាព នេះ ក៏ ជា តម្លៃរួម របស់ កាដាណា ដែរ។ អូស្ត្រាលី និង នូវែលសេឡង់ ដែល ជា សម្ព័ន្ធមិត្ត របស់ ទីក្រុង វ៉ាស៊ីនតោន ប្រកាសសាមគ្គីភាពជាមួយ អ៊ុយក្រែន ដោយ អាច មិនរង្គោះរង្គើសោះឡើយ ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បានីស៊ី ថា ប្រកៀកស្មាជាមួយ អ៊ុយក្រែន និងបាន ថ្កោលទោស ចរិត ចក្រពត្តិនិយម របស់ លោក វ្ល៉ាឌីមៀរ ពូទីន។
ដោយឡែក នាយករដ្ឋមន្ត្រីអង់គ្លេសគៀរ ស្តារមឺ បាន ធានា គាំទ្រ ក្រុង កៀវ ឥត ងាករេ ហើយ ទីក្រុង ឡុង ដ៍ នឹង រៀបចំ កិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំអឺរ៉ុប ដើម្បី ពិភាក្សា សំណុំរឿង សង្គ្រាម អ៊ុយក្រែន និង សន្តិសុខ អឺរ៉ុប នៅថ្ងៃ អាទិត្យ ទី ២ ខែ មីនា ឆ្នាំ២០២៥ និង អញ្ជើញ ប្រមុខ រដ្ឋអ៊ុយក្រែន លោក ហ្សេឡេនស្គី ឲ្យ ចូលរួម ដែរ។
ប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែល បាន ដើរ ចេញ ពីសេតវិមាន អាមេរិក ទាំង ក្តីអស់សង្ឃឹម បាន សរសេរសារខ្លីតាម បណ្តញសង្គម ដោយ ថ្លែង អរគុណ សម្ព័ន្ធមិត្ត ទាំងឡាយ ដែល បន្ត គាំទ្រ អ៊ុយក្រែន និង មិន ទុក អ៊ុយក្រែន ចោល ៕
Nº.0479