អង្គការសុខភាពពិភពលោក WHO កំពុងប្រឈមផលវិបាកស្ដីពីព័ត៌មាននៃជំងឺផ្ដាសាយបក្សី ក្រោយលោកត្រាំ ដកសហរដ្ឋអាម៉េរិកចេញពីទីភ្នាក់ងារនេះ
ចេញផ្សាយថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៥៖
សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO និយាយថា ការទំនាក់ទំនងគ្នាស្តីពីជំងឺផ្តាសាយបក្សី ឬ H5N1 បានក្លាយជាបញ្ហាប្រឈមមួយ ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសដកសហរដ្ឋអាម៉េរិក ចេញពីទីភ្នាក់ងារសុខភាពពិភពលោកមួយនេះ ។
ជុំវិញសំណួរអំពីរបៀបដែល WHO ទទួលបានព័ត៌មានពីទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងការផ្ទុះឡើងនៃមេរោគ H5N1 លោកគ្រីស្ទៀន ឡាញម៉ាយអ័រ (Christian Lindmeier) គ្រាន់តែពណ៌នាថា វាជាបញ្ហាប្រឈមមួយនៅខណៈនេះ ដោយសារតែបណ្ដាញទំនាក់ទំនងនាពេលកន្លងមករបស់ពួកយើង លែងមានតទៀតហើយ ។
ទោះជាបែបណាក្ដី អ្នកនាំពាក្យរបស់ WHO រូបនេះ បានធ្វើការបដិសេធ ដោយមិនបញ្ជាក់ព័ត៌មានលម្អិតនោះទេ ។
យោងតាមច្បាប់របស់អង្គការសុខភាពពិភពលោក (WHO) តម្រូវឱ្យបណ្ដាប្រទេសនានា មានកាតព្វកិច្ចរាយការណ៍អំពីព្រឹត្តិការណ៍សុខភាពសាធារណៈ ដែលអាចរីករាលដាល និងប៉ះពាល់ដល់ប្រទេសដទៃ។ ទាំងនេះ រួមបញ្ចូលទាំងការជូនដំណឹងដល់ WHO ភ្លាមៗ អំពីភាពអាសន្នផ្នែកសុខភាព នឹងវិធានការពាក់ព័ន្ធនានាដែលប៉ះពាល់ដល់ពាណិជ្ជកម្ម និងការធ្វើដំណើរ ។
ចាប់តាំងពីខែមេសា ឆ្នាំមុន ការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី ឬ H5N1 នៅសហរដ្ឋអាម៉េរិក នាពេលនេះ បានឆ្លងដល់មនុស្សជិត ៧០ នាក់ហើយ ដែលភាគច្រើនជាបុគ្គលិកកម្មករនៅក្នុងកសិដ្ឋាន។ កាលពីសប្ដាហ៍មុន ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានរាយការណ៍ជាលើកដំបូងថា ជំងឺគ្រុនផ្តាសាយបក្សីប្រភេទទីពីរ ត្រូវបានរកឃើញនៅក្នុងខ្លួនគោដែលគេចិញ្ចឹមយកទឹកដោះ នៅក្នុងរដ្ឋណេវ៉ាដា (Nevada) ដោយការរកឃើញនេះ បានបង្កើនក្ដីព្រួយបារម្ភអំពីការផ្ទុះឡើងវិញនៅសហរដ្ឋអាម៉េរិក ៕
Nº.0447