សហរដ្ឋអាមេរិក៖ បាន សម្រេច លុប ចោល ជា ស្ថាពរ ៥៨០០ កម្មវិធី ជំនួយ អភិវឌ្ឍន៍នៅ លើ ពិភពលោក ក្រោម ក្របខ័ណ្ឌ ជំនួយ របស់ ទី ភ្នាក់ងារ USAID

7News

 សហរដ្ឋអាមេរិក៖ បាន សម្រេច លុប ចោល ជា ស្ថាពរ ៥៨០០ កម្មវិធី ជំនួយ អភិវឌ្ឍន៍នៅ លើ ពិភពលោក ក្រោម ក្របខ័ណ្ឌ ជំនួយ របស់ ទី ភ្នាក់ងារ USAID 

ចេញផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥

សហរដ្ឋ អាមេរិក សម្រេចកាត់ ហិរញ្ញវត្ថុ យ៉ាង សម្បើម បំផុត ផ្នែក ជំនួយ អភិវឌ្ឍន៍ បរទេស។ នៅ ថ្ងៃ ទី ២៦ កុម្ភៈ ២០២៥ រដ្ឋមន្ត្រីក្រសួង ការបរទេស អាមេរិកលោក ម៉ារកូ រូប៊ីយ៉ូ  បានប្រកាសកាត់បន្ថយ ហិរញ្ញវត្ថុ សម្រាប់ កម្មវិធី អភិវឌ្ឍន៍ នៅ លើ ពិភពលោក ក្នុង កំរិត ៩២%នៃ ហិរញ្ញវត្ថុ របស់ទីភ្នាក់ងារ អាមេរិក សម្រាប់ ការ អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ ថា USAID និងជំនួយ សម្រាប់បរទេស រហូត ដល់ ៤១០០ជំនួយ។

អាមេរិក បន្ត យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង នឹង ចំណាយ សាធារណៈ ដោយ ប្រកាស នៅ ថ្ងៃ ពុធ ទី ២៦ កុម្ភៈ កាត់ច្រិបស្ទើរទាំង អស់ ជំនួយ អាមេរិក សម្រាប់បរទេស ។ ដោយ ផ្តាច់ ហិរញ្ញវត្ថុរបស់ ទី ភ្នាក់ងារ អាមេរិក សម្រាប់ការ អភិវឌ្ឍ អន្តរជាតិ ប្រមាណ ៩២% រដ្ឋបាល លោក ត្រាំ អាច សន្សំ ថវិកា បាន ជិត ៦០ពាន់ លាន ដុល្លារ អាមេរិក។

ជា លម្អិត ក្រោយ ពី បានសិក្សា ត្រួត ពិនិត្យកម្មវិធី ជំនួយ អាមេរិក សម្រាប់ បរទេស ឡើងវិញ លោក រដ្ឋមន្ត្រីការបរទេស ម៉ារកូ រូប៊ីយ៉ូ បាន សម្រេច លុប ចោល ជា ស្ថាពរ ៥៨០០ កម្មវិធី ជំនួយ អភិវឌ្ឍន៍នៅ លើ ពិភពលោក ក្រោម ក្របខ័ណ្ឌ ជំនួយ របស់ ទី ភ្នាក់ងារ USAID អាមេរិក ដោយ រក្សា ទុក តែប្រមាណ ៥០០ កម្មវិធី ដែល ត្រូវ ចំណាយអស់ ៥៤ ពាន់ លាន ដុល្លារ។ នេះ បើ តាម ក្រសួងការបរទេស អាមេរិក ដដែល។

ជាង នេះ ទៅ ទៀត នៅក្នុង គម្រោង ជំនួយអន្តរជាតិ របស់ ក្រសួង ការបរទេស ចំនួន ៩១០០គម្រោង ជិតពាក់កណ្តាល (៤១០០គម្រោង) ដែល មាន តម្លៃ ប្រមាណ ៤៤០០ លាន ដុល្លារ ត្រូវ លុប ចោល ដែរ។ ប៉ុន្តែ ក្រសួងការបរទេស អាមេរិក បាន បញ្ជាក់បន្ថែម ថា USAID នឹង បន្ត ធានារ៉ាប់ រងផ្តល់ ជំនួយ ចាំបាច់ខ្លាំង ដូច ជាការ ផ្តល់ ស្បៀង អាហារ និង ការ ព្យាបាល អ្នក ជំងឺ ស៊ីដា របេង និង គ្រុនចាញ់ ព្រមទាំង ជំនួយ សម្រាប់ ប្រទេស ដូច យ៉ាង លីបង់ ហៃទី វ៉េណេស៊ុយអេឡា និង គុយបា។

សម្ព័ន្ធ អង្គការ ក្រៅ រដ្ឋាភិបាល ចំនួន ១៦០ អង្គការ បាន បញ្ចេញ ប្រតិកម្ម សោកស្តាយ ចំពោះ សេចក្តី សម្រេចរបស់ ក្រសួងការបរទេស លុប ចោល ជំនួយអភិវឌ្ឍ អន្តរជាតិ ដែល ចូល ជា ធរមាន ភ្លាម ថា នឹង បង្ក ឱ្យ មាន សោក នាដកម្ម ថ្មី សម្រាប់ ស្ត្រី និង ក្មេង នៅលើ ពិភពលោក។ សម្ព័ន្ធអង្គការ បាន ទទូច ឱ្យ លោក ប្រមុខ ការទូត អាមេរិក ប្តូរ ចិត្ត ដកថយព្រោះ សេចក្តី សម្រេច ចិត្ត លុប ជំនួយ អន្តរជាតិ មិន បាន ធ្វើ ឱ្យ អាមេរិក ឡើង ខ្លាំង និង រុងរឿង ហើយសុខ លើស នេះ ទេ។

USAID ដែល មាន បុគ្គលិក ជាង មួយ ម៉ឺន នាក់ បានប្រកាស នៅថ្ងៃទី ២៣ កុម្ភៈ ២០២៥ បញ្ឈប់ បុគ្គលិក នៅ សហរដ្ឋ អាមេរិក ចំនួន ១៦០០ នាក់ ពីការងារ។ ចំណែក បុគ្គលិក មួយភាគធំ ផ្សេង ទៀត នៅ ទូទាំង ពិភពលោក ត្រូវបង្ខំ ចិត្ត ឈប់ សម្រាក ពោល គឺ ត្រូវ ព្យួរ ពីការ ងារ ដោយ គ្មាន ពេល កំណត់៕




Nº.0477

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top