លោក ដូណាល់ ត្រាំ ទាមទារថាត្រូវតែបិទអង្គការ USAID
ចេញផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥
នៅថ្ងៃសុក្រ ទី៧ កុម្ភៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូចឲ្យបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស USAID ចោលតែម្តង ដោយចោទអង្គការមួយនេះថាបានប្រព្រឹត្តអំពើពុករលួយ។ ក្នុងមួយឆ្នាំៗ អង្គការ USAID បានផ្តល់ជំនួយមនុស្សធម៌ និងជំនួយអភិវឌ្ឍន៍ រាប់ពាន់លានដុល្លារ សម្រាប់ប្រជាជនរាប់លាននាក់ នៅទូទាំងពិភពលោក។
បើយោងតាមកាសែតអាមេរិក New York Times រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ គ្រោងកាត់បន្ថយបុគ្គលិករបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID ពីជាង ១ម៉ឺននាក់ មកនៅត្រឹមជិត ៣០០នាក់។ នៅថ្ងៃសុកទី ៧កុម្ភៈ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា លោកចង់បិទទ្វារអង្គការ USAID នេះ ចោលតែម្តង និង និងបានចោទថាមានអំពើពុករលួយនៅក្នុងអង្គការ USAID។ ចំណែកឯមហាសេដ្ឋី អេឡុន ម៉ាសក៍ ទីប្រឹក្សា ជំនិតរបស់ លោកដូណាល់ ត្រាំ ទទួលបន្ទុកកិច្ចការចំណាយសាធារណៈ បានសរសេរសារភ្ជាប់នឹងសាររបស់លោក ដូណាល់ ត្រាំថា អង្គការ USAID គឺជា «សំបុកសត្វអាសិរ្ពិសកុម្មុយនិស្ត ដែលស្អប់អាមេរិក»។
ដោយឡែក អតីតប្រធានអង្គការ USAID លោកស្រី Samantha Power បានលើកឡើងថាការបិទទ្វារអង្គការ USAID គឺជាកំហុសនយោបាយដ៏ធ្ងន់ធ្ងរ និងអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក។ លោកស្រី បានបន្តទៀតថា ទង្វើនេះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ប៉ះពាល់ដល់ការងាររាប់ពាន់កន្លែងនៅអាមេរិក ព្រមទាំងធ្វើឲ្យអាមេរិកចុះខ្សោយឥទ្ធិពលនៅលើឆាកអន្តរជាតិ។ មិនត្រឹមតែបណ្ណោះទេ លោកស្រី លើកឡើងថា ការបិទអង្គការ USAID នឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក ដែលពឹងផ្អែកលើជំនួយ។ ដូចគ្នាដែរ លោករដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Lammy បានសម្តែងការព្រួយបារម្ភថា ការសម្រេចរបស់លោកលោកដូណាល់ ត្រាំ នឹងហុចឱកាស ល្អ ដល់ ចិន ឬ ប្រទេសណាមួយផ្សេងទៀត ដែលចង់ចូលដណ្តើម កន្លែងរបស់អាមេរិក ក្នុងនាមជា ប្រទេស ដ៏មាន ឥទ្ធិពល ក្នុងពិភពលោក។
គួរបញ្ជាក់ថា នៅថ្ងៃសុក ទី ៧កុម្ភៈដែរ លោកចៅក្រម Carl Nichols ប្រចាំនៅតុលាការរដ្ឋសហព័ន្ធ District of Columbia បានចេញសាលក្រមព្យួរជាបណ្តោះអាសន្ន នូវគម្រោងបញ្ឈរជើងបុគ្គលិកអង្គការ USAID ចំនួនប្រមាណ ២២០០នាក់។ សាលក្រមនេះនឹងបន្តមានសុពលភាព រហូតដល់ថ្ងៃសុក្រ ទី១៤ កុម្ភៈ ហើយក៏តម្រូវឲ្យបុគ្គលិកអង្គការ USAID ចំនួន ៥០០នាក់ទៀត ដែលត្រូវដាក់ឲ្យឈប់ពីការងារ ត្រឡប់មកធ្វើការវិញ ជាធម្មតា។
សូមរំឭកថា លោក ដូណាល់ ត្រាំ បានចូលមកកាន់អំណាចជាមួយនឹងគោលនយោបាយ ចង់កាត់បន្ថយការចំណាយរបស់រដ្ឋ ដែលលោកតែងតែស្រែកក្តែងថា អាមេរិកចាយខ្ជះខ្ជាយ។ គោលនយោបាយនេះត្រូវជំរុញពីក្រោយយ៉ាងសកម្មពី លោកអេឡុន ម៉ាសក៍ ដែលក្នុងរដ្ឋមានបាលថ្មីរបស់លោកត្រាំមានមុខងារ ទទួលបន្ទុកនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ។
Nº.0433