G20 ប្រជុំគ្នានៅអាហ្វ្រិកខាងត្បូង តែ គ្មានវត្តមានរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិក

7News

G20 ប្រជុំគ្នានៅអាហ្វ្រិកខាងត្បូង តែ គ្មានវត្តមានរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិក

រដ្ឋមន្រ្តី ការបរទេសនៃក្រុម ប្រទេសសេដ្ឋកិច្ចនាំមុខG20 បានជួបប្រជុំគ្នានៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពី ថ្ងៃព្រហស្បតិ៍ ទី ២០ កុម្ភៈ។ ជាកិច្ចប្រជុំដ៏ចាំបាច់មួយ ខណៈប្រទេសទាំងអស់ មានការព្រួយ បារម្ភកាន់តែខ្លាំងឡើង ស្តីអំពី ភាពតានតឹងបង្កឡើងដោយបញ្ហាតានតឹងភូមិសាស្ត្រនយោបាយ និង សង្គ្រាម ពាណិជ្ជកម្ម ដែល រដ្ឋបាល ថ្មី របស់ លោកដូណាល់ ត្រាំ បាន និងកំពុងតែបញ្ឆេះ ។ យ៉ាងណាមិញ លោករដ្ឋមន្ត្រីការបរទេសអាមេរិក មិនមានវត្តមាន ក្នុងការប្រជុំនេះ ទេ ។

នៅក្នុងសុន្ទរកថា បើក កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស នៃក្រុម ប្រទេសG20 ថ្ងៃទី ២០កុម្ភៈ នៅទីក្រុង Johannesburg លោក ប្រធានាធិបតី អាហ្វ្រិកខាងត្បូង Cyril Ramaphosa បានថ្លែងអំពាវនាវ ឲ្យ ពិភពលោក ត្រូវតែរួបរួម គ្នា រក្សាការពារឲ្យ បាននូវ គោលការគ្រិះ ដែល មានចែងក្នុង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ពោលគឺលទ្ធិ ពហុភាគីនិយម និង ច្បាប់អន្តរជាតិជាធំ ។ លោក Cyril Ramaphosa បានថ្លែងបន្តទៀតថា ពិភពលោក យើងបច្ចុប្បន្នកំពុងស្ថិតនៅក្នុងកាលៈទេសៈមួយ ដ៏ គ្រោះថ្នាក់ ប្រឈមនឹងវិបត្តិជាច្រើន ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ សង្គ្រាម អំពើហិង្សា គ្មានការយល់យោគអត់ឱនឲ្យ គ្នា វិបត្តិ អាកាសធាតុ ជម្ងឺឆ្លង អសន្តិសុខ ថាមពល និងកង្វះស្បៀងអាហារជាដើម។ បញ្ហាទាំងនេះ កំពុងតែគម្រាម ធ្វើ ឲ្យ មនុស្ស យើង លែងរស់នៅចុះ សម្រុងសុខសាន្តនឹងគ្នា ។

សមបញ្ជាក់ថា ក្រៅពី សង្គ្រាម នៅអ៊ុយក្រែន និង នៅតំបន់ដើម បូព៌ា ពិភពលោក កំពុងប្រឈមនឹង សង្គ្រាមពាណិជ្ជកម្ម ដោយសារតែរដ្ឋបាលថ្មី របស់អាមេរិក ដឹកនាំដោយ លោកដូណាល់ បានគំរាមដំឡើងពន្ធនាំចូលខ្ពស់ កប់ពពក លើទំនិញ សឹងតែពីគ្រប់ប្រទេស។ យ៉ាងណាមិញ កិច្ចប្រជុំក្របខណ្ឌរដ្ឋមន្ត្រីការបរទេស G20 ដឹក នាំដោយ អាហ្វ្រិក ខាងត្បូង គឺអាមេរិក តំណាងដោយ ត្រឹមតែ អគ្គរដ្ឋទូតខ្លួន ប្រចាំនៅ អាហ្វ្រិកខាងត្បូងតែ ប៉ុណ្ណោះ។ ពោល គឺ ពុំមាន វត្តមាន របស់ លោករដ្ឋមន្ត្រីការបរទេសអាមេរិកចូលរួមទេ។

លោក Marco Rubio បានប្រកាសមិនទៅចូលរួម ដោយ លើកហេតុផលថា កិច្ចប្រជុំនេះមាន កម្មវិធី ជជែក គ្នា លើតែរឿងគ្មានបានការ ដូចជា “ចម្រុះ និយម” “សមភាព” និង “ការ រាប់បញ្ចូល” ជាដើម ។ មិនត្រឹមប៉ុណ្ណោះទេ លោករដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុអាមេរិក Scott Bessent ទើបបានបង្ហោះសារថាលោក ក៏ នឹងមិនទៅចូលរួម ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី ហិរញ្ញវត្ថុ G20ដែរ ដែលគ្រោងធ្វើ នៅថ្ងៃពុធសប្តាហ៍ ក្រោយ នៅអាហ្វ្រិក ខាងត្បូង ។

គួរកត់សំគាល់ដែរថា ទំនាក់ទំនង រវាងអាហ្វ្រិក ខាងត្បូង និងសហរដ្ឋអាមេរិក បាន ល្អក់កករជាខ្លាំង បន្ទាប់ពី លោកដូណាល់ ត្រាំ បានចូលកាន់អំណាចអាណត្តិថ្មីៗនេះ ។ បញ្ហា ដែល ត្រូវគេសង្ស័ យថា កើតចេញពី លោក Elon Musk ដែលមានដើមកំណើតជាអាហ្វ្រិកខាងត្បូង ហើយ ដែល តែងតែបានរិះគន់ មិនសំចៃមាត់ទៅលើរដ្ឋាភិបាល ប្រទេសនេះ ។ ថ្មីៗនេះ លោក ដូណាល់ ត្រាំ បាន ចោទ រដ្ឋាភិបាល អាហ្វ្រិក ខាងត្បូង ថាបានប្រើគោលនយោបាយ រើសអើសពូជសាសន៍ ទៅ លើ សហគមជនស្បែកស តាមរយៈ ការ ប្រើច្បាប់រឹបអូសដីធ្លី ។ បន្ថែមពីនេះ លោកដូណាល់ ត្រាំ បានប្រកាសផ្តាច់ជំនួយ ទាំងអស់ពីអាហ្វ្រិក ខាងត្បូង ដើម្បីដាក់ពិន័យប្រទេសនេះ ដែលថ្លើមធំហ៊ាន ដាក់ពាក្យ ប្តឹងចោទអ៊ីស្រាអែល នៅ តុលាការ យុត្តិធម៌អន្តរជាតិក្រុងឡាអេ ថាបាន ធ្វើឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ នៅតំបន់ហ្កាហ្សា ។

សូមបញ្ជាក់ថា អាហ្វ្រិកខាងត្បូង នឹង ត្រូវធ្វើជាម្ចាស់ផ្ទះ នៃជំនួប កំពូល G20 នៅខែវិច្ឆិកាខាងមុខ ។ ហើយ វា ក៏ជាលើកទី ១ដែរ សម្រាប់ទ្វីបអាហ្រ្វិកទាំងមូល ។ លោក William Gumede សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យ Witwatersrand បាន លើកឡើងថា អវត្តមានរបស់រដ្ឋមន្ត្រីអាមេរិកនៅក្នុងកិច្ចប្រជុំG20នៅអាហ្រ្វិកខាងត្បូងក្នុងពេលនេះ វាគឺ សារបញ្ជាក់ថា អាមេរិក មើលងាយ ទ្វីបអាហ្វ្រិកខ្លាំងណាស់ មិន ចាត់ទុក ទ្វីបអាហ្វ្រិក ក្នុង ក្រសែភ្នែកឡើយ ។ ផ្ទុយទៅវិញ អវត្តមានរបស់អាមេរិកនេះ នឹងទុក បរិវេណ ឲ្យចំហ ដើម្បីឲ្យ ចិនពង្រីក ឥទ្ធិពល កាន់តែខ្លាំង ទៅវិញទេ៕


Nº.0466


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top