ចៅក្រមអាមេរិក ហាមឃាត់ លោក Elon Musk ប្រើប្រាស់ទិន្នន័យរសើបៗរបស់រតនាគារជាតិ

7News

ចៅក្រមអាមេរិក ហាមឃាត់ លោក Elon Musk ប្រើប្រាស់ទិន្នន័យរសើបៗរបស់រតនាគារជាតិ

ចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥៖

ចៅក្រមសហព័ន្ធអាមេរិកបានចេញដីកា នៅថ្ងៃសៅរ៍ ទី៨ កុម្ភៈ ហាមឃាត់ជាបណ្តោះអាសន្ន មិនឲ្យនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលដឹកនាំដោយ លោក Elon Musk ចូលប្រើប្រាស់ទិន្នន័យនៃប្រព័ន្ធទូទាត់ប្រាក់របស់រតនាគារជាតិអាមេរិក។ ប្រព័ន្ធទូទាត់ប្រាក់នេះ ផ្ទុកទិន្នន័យរសើបៗខ្លាំង ពាក់ព័ន្ធនឹងការបង់ពន្ធរបស់ប្រជាជនអាមេរិក អត្ថប្រយោជន៍សន្តិសុខសង្គម ការទូទាត់ប្រាក់ពិការភាព និងប្រាក់ខែរបស់មន្រ្តីសហព័ន្ធ។

លោកចៅក្រម ផូល អេនហ្គេលម៉ៃយឺ Paul Engelmayer ប្រចាំនៅតុលាការសហព័ន្ធនៃរដ្ឋ New York បានចេញដីកាជាបន្ទាន់ ហាមឃាត់មិនឲ្យក្រុមការងាររបស់នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE ដឹកនាំដោយលោក Elon Musk ចូលប្រើប្រាស់ទិន្នន័យបុគ្គល និងទិន្នន័យហិរញ្ញវត្ថុ របស់ប្រជាជនអាមេរិករាប់លាននាក់ ដែលស្តុកទុកក្នុងប្រព័ន្ធទូទាត់ប្រាក់របស់រតនាគារជាតិអាមេរិក។ ដីកានេះតម្រូវឲ្យលុបចោលរាល់នូវព័ត៌មានទាំងអស់ ដែលបានចូលយកប្រើប្រាស់ ចាប់តាំងពីថ្ងៃចន្ទ ទី២០ មករា ដោយបានបញ្ជាក់ពីហានិភ័យនៃគោលនយោបាយថ្មីរបស់លោក ដូណាល់ ត្រាំ ចំពោះការបញ្ចេញព័ត៌មានសម្ងាត់ និងព័ត៌មានរសើបៗ។ លោកចៅក្រមសហព័ន្ធរូបនេះ ក៏បានលើកឡើងពីហានិភ័យខ្ពស់ ដែលអាចបង្កគ្រោះថ្នាក់ជាងការលួចទិន្នន័យតាមប្រព័ន្ធអ៊ិនធ័រណែតទៅទៀត។


ដោយឡែក បើយោងតាមអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ New York បានលើកឡើងថា ការចូលប្រើប្រាស់ទិន្នន័យរបស់ DOGE អាចបង្កហានិភ័យខ្ពស់ និងប៉ះពាល់យ៉ាងខ្លាំងដល់មូលនិធិរដ្ឋនីមួយៗ និងទិន្នន័យនៃទូទាត់ប្រាក់របស់ប្រជាជនអាមេរិក។

ប៉ុន្មានម៉ោងក្រោយពីចេញដីការរបស់ចៅក្រមសហព័ន្ធ លោកមហាសេដ្ឋី Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X ថានេះជារឿងមិននឹកស្មានដល់ ពីព្រោះនាយកដ្ឋាន DOGE និង រតនាគារជាតិអាមេរិក បានយល់ព្រមគ្នាអំពីការប្រើទិន្នន័យទូទាត់ប្រាក់របស់រដ្ឋាភិបាល។ លោកមហាសេដ្ឋីរូបនេះ ក៏បានលើកឡើងដែរ អំពីបញ្ជីឈ្មោះអង្គភាពមួយចំនួនដែលមិនគួរទទួលការទូទាត់ប្រាក់ពីរដ្ឋាភិបាល។ ការទូទាត់ប្រាក់នេះទៀតសោត គួរតែមានតម្លាភាព និង ខ្ទង់ចំណាយច្បាស់លាស់ ដោយត្រូវធ្វើបច្ចុប្បន្នភាពយ៉ោងហោចណាស់មួយសប្តាហ៍ម្តង។ ប្រសិនបើអាចទៅរួច គឺត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃ។

សូមរំឭកថា លោក ដូណាល់ ត្រាំ បានចូលមកកាន់អំណាចជាមួយនឹងគោលនយោបាយ ចង់កាត់បន្ថយការចំណាយរបស់រដ្ឋ ដែលលោកតែងតែស្រែកក្តែងៗថា អាមេរិកចាយខ្ជះខ្ជាយ។ គោលនយោបាយនេះ ត្រូវជំរុញពីក្រោយយ៉ាងសកម្មដោយ លោក Elon Musk ។

Nº.0437

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top