បន្ទាប់ពី អូស្ត្រាលី និង អ៊ីតាលី ក្រសួង កូរ៉េខាងត្បូង២ហាម ឃាត់ការប្រើ បញ្ញា សិប្បនិម្មិត DeepSeek
ចេញផ្សាយថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៥៖
យ៉ាងហោចណាស់ មានក្រសួងកូរ៉េខាងត្បូងចំនួន ២ គឺក្រសួង ការពារជាតិ និង ក្រសួងពាណិជ្ជកម្ម ដែល បានសម្រេច ហាមឃាត់ជាបណ្ដោះអាសន្ន មិន ឲ្យ ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek របស់ចិន ។ មូលហេតុនៃការហាមឃាត់នេះ គឺបណ្តាល មកពី ក្រុមហ៊ុន DeepSeek មិនទាន់ពន្យល់លម្អិត ស្តីអំពី របៀប នៃការ ប្រមូល និង ការ គ្រប់គ្រងទិន្នន័យ ព័ត៌មានរបស់អ្នកប្រើ ប្រាស់ ។ គួរកត់សំគាល់ថា ក្រៅពីកូរ៉េខាងត្បូង រដ្ឋាភិបាល អ៊ីតាលីនិង អូស្ត្រាលី ក៏បានប្រកាសបន្តបន្ទាប់គ្នាដែរ ថាគេបានហាមឃាត់ ការប្រើបច្ចេកវិទ្យាDeepSeek របស់ចិន ដោយសារតែមានការព្រួយ បារម្ភ អំ ពីសន្តិសុខទិន្នន័យ ។
ក្រសួង ការពារជាតិកូរ៉េខាងត្បូងបាន បញ្ជាក់ប្រាប់នៅថ្ងៃទី ៦កុម្ភៈ ថា គេបានចាប់ផ្តើមចេញវិធានការ ហាមឃាត់ ការប្រើប្រាស់ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត DeepSeek នៅ លើម៉ាស៊ីនកុំព្យូទ័រទាំងអស់របស់ កងទ័ព ដែលមានភ្ជាប់ជាមួយបណ្តាញអ៊ីនធ័រនិត។ បទបញ្ជានេះ ត្រូវបាន ផ្សព្វផ្សាយ ឲ្យអនុវត្ត ទៅគ្រប់ផ្នែក គ្រប់កងពល និងគ្រប់ ទាហាន ទាំងអស់ របស់កូរ៉េខាងត្បូង ។
ដូចគ្នាដែរ ក្រសួងពាណិជ្ជកម្ម កូរ៉េខាងត្បូង ក៏បានចេញបញ្ជា ហាមឃាត់ជាបណ្តោះអាសន្ន នូវ ការប្រើ ប្រាស់ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត DeepSeekដែរ សម្រាប់គ្រប់ម៉ាស៊ីនកុំព្យូទ័រទាំងអស់របស់ក្រសួង ។ មន្ត្រីម្នាក់នៃ ក្រសួងពាណិជ្ជកម្ម កូរ៉េខាងត្បូង បានប្រាប់AFPថា វិធានការបង្ការរបស់ ក្រសួងនេះ គឺដោយសារតែ ក្រុមហ៊ុន បច្ចេកវិទ្យាចិនDeepSeek នៅមិនទាន់បានឆ្លើយតបទៅនឹងការ អង្កេតស្រាវជ្រាវ របស់ គណៈកម្មការការពារ ទិន្នន័យ ផ្ទាល់ ខ្លួន កូរ៉េខាងត្បូង ។ មិនទាន់ហាមឃាត់ដូចក្រសួងទាំង២ខាងលើ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងវិញ បានឲ្យដឹងដែរថា គេបានជូនដំណឹងឲ្យបុគ្គលិកក្រសួង មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារទិន្នន័យរសើបនិងសម្ងាត់ មុននឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣១មករា អាជ្ញាធរ កូរ៉េខាងត្បូងទទួលបន្ទុក ការពារ ទិន្នន័យ ផ្ទាល់ខ្លួន បាន ឲ្យ ដឹងថាគេបាន បញ្ជូន នូវសំណួរ ជាច្រើន ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាDeepSeek របស់ចិន ដើម្បី ឲ្យ ក្រុមហ៊ុននេះ ពន្យល់ឲ្យ បានល្អិតល្អន់ ស្តីអំពី របៀបនៃការប្រមូល ទិន្នន័យ និង ការការពារ ទិន្នន័យ របស់ អ្នកប្រើប្រាស់។ ជាវិធានការដែលអាជ្ញាធរប្រទេសមួយចំនួន ដូចជា បារាំងនិងអៀរឡង់ជាដើម ក៏បាន ធ្វើដូចគ្នាដែរ។
ដោយឡែក លោក Kim Jong-hwa សាស្ត្រា បញ្ញាសិប្បនិម្មិតនៅសកលវិទ្យាល័យ Cheju Halla កូរ៉េខាងត្បូង បាន លើកឡើងថា វាអាចមានហេតុផលភូមិសាស្ត្រនយោបាយ នៅពីក្រោយ ការហាមឃាត់នេះ ក្នុងបរិបទមួយដែល អាមេរិក និងចិន ប្រជែងគ្នា ហើយ កូរ៉េខាងត្បូង ស្ថិត នៅខាងអាមេរិក ។ លោកសាស្ត្រាចារ្យរូបនេះ បានពន្យល់ ប្រាប់ថា ធាតុពិតទៅ បើនិយាយពី ចំណុចបច្ចេកទេស សូម្បីតែបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតChatGPT របស់អាមេរិក ក៏នៅតែមាន បញ្ហាទាក់ទិននឹងកត្តាសន្តិសុខ និងការការពារទិន្នន័យ របស់ អ្នកប្រើប្រាស់ដែរ ។ គិតមកទល់ពេលនេះ គេពុំទាន់មាន ដំណោះស្រាយទាំងស្រុង នៅឡើយ ទេ តែ កូរ៉េខាងត្បូង ក៏ មិនបានហាមឃាត់ មិន ឲ្យ ប្រើChatGPTឯណា ។ តែទន្ទឹមគ្នាដែរ លោក សាស្ត្រាចារ្យ បាន ទទួលស្គាល់ថា សម្រាប់ ពេលនេះ គេនៅកំពុងធ្វើការ វិភាគ និងវាយតម្លៃលម្អិត ថាតើ បច្ចេកវិទ្យាDeepSeekរបស់ចិននេះ វាអាចបង្កហានិភ័យកម្រិត ណាដល់សន្តិសុខទិន្នន័យ ។ ដូច្នេះ ការហាមឃាត់ មិន ឲ្យ ប្រើប្រាស់វានៅពេលនេះ ក៏វាមិនជាធ្ងន់ធ្ងរហួសហេតុពេកដែរ ព្រោះបង្ការវាប្រសើរជាងព្យាបាល ។
ប្រតិកម្ម ពីភាគីចិន លោកGuo Jiakun អ្នកនាំពាក្យ ក្រសួងការបរទេសចិន បាន អះអាងថា រដ្ឋចិន មិនដែល ទៅ ចេញបញ្ជាប្រាប់ក្រុមហ៊ុន ឯកជនណាមួយរបស់ចិន ឲ្យទៅ ដើរលួចប្រមូលស្តុកទិន្នន័យ ដោយខុសច្បាប់នោះទេ។ អ្នកនាំពាក្យរូបនេះ បន្ថែមទៀតថា ចិន សូមប្រឆាំងដាច់ខាត ទៅនឹងការពង្រីក ដោយ ជ្រុលហួសហេតុ នូវខ្លឹមសារនៃពាក្យ “សន្តិសុខជាតិ” ដែលនៅពីក្រោយ នេះ គឺវាមានបង្កប់ដោយ ចេតនានយោបាយ ក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬបច្ចេកវិទ្យា ។
គួរកត់សំគាល់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek របស់ក្រុមហ៊ុនចិន បាន លេចមុខមកធ្វើ ឲ្យរញ្ជួយ វិស័យ នេះតែម្តង។ ផ្អែកតាមអ្នកជំនាញ DeepSeek របស់ចិនមានកម្លាំងសមត្ថភាព ប្រហាក់ប្រហែលនឹងបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុនអាមេរិក តែអ្វីដែលពិសេសនោះ គឺវាមានតម្លៃថោកជាងខ្លាំងសឹងហៅមិនឮ។ ជាមួយនឹងការកោតសរសើរចិន ក៏មានផងដែរនូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខទិន្នន័យ ព្រោះថាគេមិនទុក ចិត្តបច្ចេកវិទ្យាចិន ដែលអាចមានពាក់ព័ន្ធជាមួយ នឹងរដ្ឋចិន ។ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសកាលពីថ្ងៃពុធទី៥ កុម្ភៈ ហាមមិនឲ្យ ប្រើប្រាស់ DeepSeek នៅលើម៉ាស៊ីនកុំព្យូរទ័រនិងទូរស័ព្ទដៃ របស់គ្រប់ស្ថាប័នរដ្ឋ ។ ដូចគ្នាដែរ អាជ្ញាធរអ៊ីតាលីក៏បានហាមមិនឲ្យ DeepSeek ចូលទៅប្រមូលទិន្នន័យ របស់អ្នកប្រើប្រាស់នៅអ៊ីតាលី និង បានបើកការស៊ើបអង្កេត ស្តីពីហានិភ័យ សន្តិសុខ បង្កឡើងដោយ បញ្ញាសិប្បនិម្មិតរបស់ចិននេះ ៕
Nº.0430