អង្គការសហប្រជាជាតិ៖ បាន អំពាវនាវ រួម គ្នា រក ថវិកា ៦ពាន់ លាន ដុល្លារ អាមេរិក ដើម្បីផ្តល់ ជំនួយ ចាំបាច់ ដល់ ប្រជាពលរដ្ឋ ស៊ូដង់
ស៊ូដង់ធ្លាក់ក្នុង វិបត្តិ មនុស្សធម៌ ធ្ងន់ធ្ងរ ហួសប្រមាណ។ ហេតុដូច្នេះហើយ បាន ជា អង្គការ សហប្រជាជាតិអំពាវនាវ នៅ ថ្ងៃចន្ទទី ១៧កុម្ភៈ រក ថវិកា ចំនួន ៦ពាន់ លាន ដុល្លារ អាមេរិក ដើម្បីអាច ផ្តល់ ជំនួយ ចាំបាច់ដល់ ប្រជាពលរដ្ឋ ស៊ូដង់ដែល រស់ នៅក្នុង ប្រទេស និង ភៀសខ្លួនចេញ ពី ប្រទេស ក្នុង ចំនួន រាប់ លាន នាក់ សម្រាប់ ឆ្នាំ ២០២៥។ ស៊ូដង់ បាន ធ្លាក់ ក្នុង សង្គ្រាម តាំងពី ខែមេសា ឆ្នាំ ២០២៣ មក ។
ទីភ្នាក់ងារ មនុស្សធម៌ (OCHA) និង ទីភ្នាក់ងារ ទទួល បន្ទុក ជន ភៀស ខ្លួន (HCR) របស់ អង្គការ សហប្រជាជាតិ បាន អំពាវនាវ រួម គ្នា រក ថវិកា ៦ពាន់ លាន ដុល្លារ អាមេរិក ដើម្បីផ្តល់ ជំនួយ ចាំបាច់ ដល់ ប្រជាពលរដ្ឋ ស៊ូដង់។ អង្គការ សហប្រជាជាតិ ចង់ សម្រេច កម្មវត្ថុ ឆ្នាំ ២០២៥ ជួយពលរដ្ឋ ស៊ូដង់ ២១លាន នាក់ ដែល កំពុង រស់ នៅ ក្នុងផ្ទៃ ប្រទេស មាន ភ្លើង សង្គ្រាម ជា មួយ ទឹក ប្រាក់ ៤២០០លានដុល្លារ និង១៨០០ លានដុល្លារ សម្រាប់ ជួយ ជនភៀស ខ្លួនជាង ៤លាន ៨សែន នាក់ ព្រមទាំង សហគមន៍ អ្នក ទទួល ជនភៀស ខ្លួន។
ជា សរុប ប្រជាពលរដ្ឋ ស៊ូដង់ជាង ពីរ ភាគបី ត្រូវ ការ ជំនួយ មនុស្សធម៌ បន្ទាន់។ សម្រាប់ ស្ថាប័ន អង្គការ សហប្រជាជាតិ ទាំងពីរ ស៊ូដង់ ត្រូវ ការ ជំនួយ មនុស្សធម៌ បន្ទាន់ ខ្លាំង ហួស ប្រមាណ ព្រោះ ប្រទេសចាប់ មាន គ្រោះទុរ្ភិក្ស។ អំពើ ហិង្សា ផ្លូវ ភេទ កំពុង ចាប់ រាលដាល ហើយ ក្មេងៗ ចាប់ ស្លាប់ និងរង របួស ។ ជា ទុក្ខវេទនា ដែល ពិបាក ថ្លែង បំផុត។
ការ ប្រយុទ្ធ រវាងសម្ព័ន្ធមិត្ត ដែល ក្លាយ ជា គូសត្រូវនឹង គ្នា គឺ រវាង ក្រុមយុទ្ធជន ប្រដាប់ អាវុធ ក្រុមប្រតិកម្មរហ័សដឹកនាំ ដោយ Mohamed hamdane Daglo និង ក្រុម យោធាដឹកនាំ ដោយ ឧត្តមសេនីយ៍ Abdel Fattah al-Burhane បាន ផ្តាច់ ជីវិត មនុស្ស រាប់ សិប ពាន់ នាក់។ យោធា កាន់ កាប់ ភាគ ខាង កើត និង ខាង ជើង ស៊ូដង់ ឯ តំបន់ ដ៏ ធំ ទូលាយ ភាគ ខាង លិច គ្រប់ គ្រង ស្ទើរ ទាំង ស្រុង ដោយ ក្រុម យុទ្ធជន។ តាំងពី សង្គ្រាម ស៊ីវិល នេះ ចាប់ ផ្តើម នៅ ខែមេសា ឆ្នាំ ២០២៣ មក មាន មនុស្ស ប្រមាណ ១២ លាន នាក់ បាន ធ្វើ ផ្លាស់ ទី និង ភៀស ខ្លួន ចេញ ពី ប្រទេស។
ឥលូវ គ្រោះ ទុរ្ភិក្ស ក៏ កំពុង កើត មាន ដែរ នៅ តាម ជំរំ ជនភៀស ខ្លួន។ នេះ បើ តាម អង្គការ សហប្រជាជាតិ ដដែល ដែល អះអាងទៀត ថា ភាព អត់ ឃ្លាន នឹង កាន់ តែ ធ្ងន់ធ្ងរ បន្ថែម ទៀត នៅ រវាង ពី ពេល នេះ ដល់ ខែ ឧសភា។
ដូច្នេះ បើ គ្មាន ជំនួយថវិកា ភ្លាម ទេ នោះពីរភាគ បី នៃ ក្មេង ជនភៀស ខ្លួន ច្បាស់ ជា មិន បាន ទទួល ការ សិក្សា ហើយ អសុវត្ថិភាព ចំណីអាហារ នឹង រាលដាល ដល់ ប្រទេស ជិត ខាង ជា អ្នក ទទួល ជនភៀស ខ្លួន ប្រមាណ យ៉ាង ហោច ១,៨ លាននាក់ ផ្សេង ទៀត។ ចំណែក ប្រព័ន្ធ សុខាភិបាល វិញ អាច នឹង ត្រូវ រលត់ រលាយ តែ ម្តង ផង។
នៅ ឆ្នាំ ២០២៤ កន្លង ទៅ អង្គការ មនុស្ស ធម៌ អង្គការ សហប្រជាជាតិ បាន ទទួល ជំនួយ ថវិកា ១៨០០ លានដុល្លារ សម្រាប់ ស៊ូដង់ ឬ ស្មើ នឹង ៦៦% នៃ គម្រោង ថវិកា ស្នើសុំ ។ ជំនួយ ទាំង អស់ នោះ បាន ទៅ ដល់ ប្រជាពលរដ្ឋ ស៊ូដង់ ចំនួន ជាង ១៥, ៦លាន នាក់ និង បាន ទៅ ដល់ ក្នុង ទម្រង់ ជា ជំនួយ ស្បៀង អាហារ ចាំបាច់ សម្រាប់ រស់ ដល់ ប្រជា ជន ជិត ខាងស៊ូដង់ ប្រមាណ ជាងមួយលាន នាក់ទៀត៕
Nº.0461