ក្រសួងវប្បធម៌តម្រូវឱ្យអ្នកនិពន្ធចម្រៀងបញ្ឈប់ជាបន្ទាន់ ការប្រើពាក្យអសុរោះ និងគ្រោតគ្រាត
ចេញផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥៖
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១៤ ខែកុម្ភៈ បានចេញសេចក្តីណែនាំឱ្យបញ្ឈប់ជាបន្ទាន់ នូវរាល់ការតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀង ឬសម្តែងសិល្បៈនានាដែលមានអត្ថន័យ និងខ្លឹមសារអសុរោះដែលប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គម។ ការណែនាំរបស់ក្រសួងវប្បធម៌នាពេលនេះ ធ្វើឡើងក្រោយសិល្បៈករ និងតារាចម្រៀងមួយចំនួនបន្តតែងនិពន្ធចម្រៀងដោយប្រើប្រាស់ពាក្យពេចន៏មិនសមរម្យ គ្រោតគ្រាត និងអសុរោះ ដែលបង្កប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងកិត្យានុភាពជាតិ។
ក្នុងសេចក្តីណែនាំចេញផ្សាយនាថ្ងៃទី១៤ កុម្ភៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសង្កេតឃើញថា អ្នកសិល្បៈ និងបុគ្គលល្បីមួយចំនួនក្នុងបណ្តាញសង្គម បានតែងនិពន្ធ ច្រៀងបទចម្រៀង និងផលិតស្នាដៃសិល្បៈចំនួនបង្កប់នូវខ្លឹមសារគ្រោតគ្រាត អសុរោះ ដែលជាហេតុបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពជាតិ ពិសេសប៉ះពាល់ដល់អនីតិជនជាកុមារ។ ទោះយ៉ាងណា ក្រសួងវប្បធម៌ក៏មិនភ្លេចកោតសរសើរដល់អ្នកនិពន្ធ សិល្បករ សិល្បការិនីជាច្រើនទៀត ដែលបានលើកស្ទួយវប្បធម៌ជាតិនោះឡើយ។
គួរជម្រាបថា ការចេញសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ គឺធ្វើឡើងបន្ទាប់ពីក្រសួងកត់សម្គាល់ឃើញថា អ្នកនិពន្ធចម្រៀង តារារ៉េបមានឈ្មោះបោះសំឡេងមួយចំនួននាពេលសព្វថ្ងៃ បានប្រើប្រាស់ពាក្យពេចន៏មិនសមរម្យ ជេរប្រទិចផ្តាសា ប្រើពាក្យអសុរោះ ដែលបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលខ្លួនឯង និងអ្នកដទៃ ពិសេសប៉ះពាល់ដល់សង្គមជាតិ។ តែក្រសួងវប្បធម៌មិនបានបង្ហាញឈ្មោះអ្នកចម្រៀង ឬសិល្បកររូបណាដែលបាន ធ្វើ ប៉ះពាល់ វប្បធម៌ជាតិនោះឡើយ។
តែក្រសួងដដែល បានអះអាងថា ក្រោយសង្កេតឃើញអ្នកតែងនិពន្ធចម្រៀងមួយចំនួនកំពុងដើរហួសបន្ទាត់នៃក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរ ដែលទាមទារឱ្យអ្នកទាំងនោះបញ្ឈប់ជាបន្ទាន់ និងលុបចោលនូវរាល់ការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលជះផលអវិជ្ជមានដល់សង្គម ពិសេសការប្រើប្រាស់ពាក្យពេចន៏អសុរោះ គ្រោតគ្រាត ប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គម។
បើតាមក្រសួងវប្បធម៌ដដែល ចំពោះបុគ្គលដែលធ្វើអាជីវកម្មក្នុងបណ្តាញសង្គម ក៏ត្រូវតែបញ្ឈប់សកម្មភាពចែកចាយ ឬធ្វើអធិប្បាយបញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមានទាំងនោះ ក្នុងគោលបំណងដើម្បីបានប្រយោជន៍លាភសក្ការៈរបស់ខ្លួន។ ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ផងដែរថា ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពអវិជ្ជមានទាំងអស់ និងសង្ឃឹមថា អ្នកសិល្បៈ រួមនឹងបុគ្គលល្បីៗ អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នឹងស្តាប់តាមសេចក្តីណែនាំដោយការទទួលខុសត្រូវខ្ពស់៕
Nº.0458