អង្គការ សុខភាព ពិភពលោក ថា អឺរ៉ុប មាន កុមារ
ចេញផ្សាយថ្ងៃទី២៦ កុម្ភៈ ២០២៥
របាយការណ៍ របស់ អង្គការ សុខភាព ពិភពលោក ចេញ ផ្សាយ នៅថ្ងៃអង្គារ ទី ២៥ កុម្ភៈ ២០២៥ នេះ បាន អះអាង ថា ក្នុង មួយ ឆ្នាំៗ មាន កុមារ អឺរ៉ុប ជិត ៧៦០០០នាក់ បាន ស្លាប់ នៅ អាយុ ក្រោម ៥ ឆ្នាំ ដោយ មូលហេតុចម្បង ៥ ។ តែ មូលហេតុខ្លះ អាច បញ្ចៀស បាន។
នៅ ឆ្នាំ ២០២២ មាន កុមារ អាយុ ក្រោម ៥ ឆ្នាំ ចំនួន ៧៥៦៤៧ នាក់ បាន ស្លាប់។ នេះ បើ តាម របាយការណ៍ របស់ អង្គការ សុខភាព ពិភពលោក ដែល ចេញ ផ្សាយជា រៀង រាល់ បី ឆ្នាំ ម្តង នៅ ថ្ងៃ អង្គារ ទី ២៥ កុម្ភៈ ២០២៥។ ផលវិបាក នៃ ការ កើត មិន គ្រប់ ខែ ថប់ ដង្ហើម ពេល កើត ឬ មានការ បង្ក រោគ ព្រម ទាំង ភាព មិន ប្រក្រតី ពី កំណើត នៃ សរីរាង្គ បេះដូង ឬ ជំងឺ មានបាក់ តេរី ក្នុង ឈាម សុទ្ធ សឹង ជា មូលហេតុ ចម្បង នៃ មរណភាព ទារក និង កុមារក្រោម អាយុ ៥ ឆ្នាំ នៅ អឺរ៉ុប។ ក្នុង ចំណោម មូល ហេតុ ធំៗ ទាំង នេះ មួយ ភាគ អាច បញ្ចៀស បាន ។ ហេតុ ដូច្នេះហើយ បាន ជា អង្គការ សុខភាពពិភព លោកសរសេរ នៅក្នុង របាយការណ៍ ថា មាន ទារក និង កុមារ ច្រើននាក់ នៅ អឺរ៉ុប បាន ស្លាប់ ដោយ គ្មាន មូលហេតុ សមរម្យ។
អ្នក ទទួល ខុស ត្រូវ ផ្នែក សុខភាព សាធារណៈ របស់ អង្គការ សុខភាព ពិភពលោក ប្រចាំ តំបន់ អឺរ៉ុប បាន អះអាង ថា ថ្វីបើ អត្រា មរណៈ កុមារ ក្រោម ៥ ឆ្នាំនៅ អឺរ៉ុប មាន កំរិត ទាប ខ្លាំង មែន តែមាន គម្លាតឆ្ងាយ ណាស់ រវាង ប្រទេស មាន ចំណាត់ ថ្នាក់ ខ្ពស់ និង ចំណាត់ ថ្នាក់អន់ ។ នៅ សហភាព អឺរ៉ុប អត្រាមរណៈ ទារក និង កុមារ ស្ថិត ក្នុង ចន្លោះ ១,៥ ទៅ ៤,១ ក្នុង ចំណោម កំណើត ទារក ១ពាន់ នាក់ តែដល់ ទៅ ១៨,២ និង ៤០,៤នៅប្រទេស តួកម៉េនីស្ថាននិង តាហ្ស៊ីគីស្ថាន។
សិក្សា នៅក្នុង ប្រទេស ចំនួន ៥៣ នៅ ទ្វីប អឺរ៉ុបនិង អាស៊ីកណ្តាល របាយការណ៍ បាន ចាត់ ទុក គម្លាត នៃ អត្រាមរណៈ កុមារ ជា វិញ្ញាសា មួយ ដែល ត្រូវ ជំនះ ឱ្យ បាន ព្រោះ សូម្បី តែ តំបន់ ដែល ល្បី ខាង មាន ប្រព័ន្ធ សុខាភិបាល រឹង មាំ ជាង គេ បំផុត នៅលើ ពិភពលោក ក៏ស្ថានភាព ផ្នែក សុខភាព កុមារ និង ក្មេង ជំទង់ ចាប់ ទ្រឹង និង ធាក់ ថយ ដែរ។ ក្រៅ អំពី បញ្ហាមរណភាព ទារក និង កុមារ ក្រោម ៥ ឆ្នាំ សុខភាព ក្មេង ជំទង់ និង យុវជន ក៏ កំពុង ចោទ ខ្លាំង ដែរ។ បើ តាម របាយការណ៍ របស់ អង្គការ សុខភាព ពិភពលោក មួយ ភាគ ប្រាំ នៃ ក្មេង ជំទង់ មាន បញ្ហា ខួរក្បាល ។ អត្តឃាត ជា មូលហេតុ ទី មួយ នៃមរណភាព របស់ យុវវ័យ អាយុចន្លោះ ពី ១៥ទៅ ២៩ ឆ្នាំ។ យុវតី មាន សុខមាលភាព ខួរក្បាល ទាប ជាង ក្មេង ប្រុស។ ១៥% ជា ជន រងគ្រោះ នៃ ការ គំរាមកំហែង តាម អ៊ីនធ័រនែត។ ក្មេង ម្នាក់ ក្នុង ចំណោម ១០នាក់ ចេះជក់ បារី នៅអាយុ ពី ១៣ទៅ ១៥ ឆ្នាំ។ មួយ ភាគ បី នៃកុមារគ្រប់ អាយុ ចូល សាលា មាន អាការៈ ធាត់លើស ធម្មតា ១/៨ មាន ជំងឺ ធាត់ ជ្រុល។
អង្គការ សុខភាព ពិភពលោក អឺរ៉ុប បាន ផ្តើម យុទ្ធនាការ ពិគ្រោះ យោបល់ ក្នុង រដ្ឋជា សមាជិក ទាំង ៥៣ ប្រទេស ដើម្បី កំណត់អាទិភាព និង សកម្មភាព ថ្មី ដែល ត្រូវ សម្រេច ឱ្យ បាន នៅ ៥ ឆ្នាំ ខាង មុខ។ អឺរ៉ុប ចាំបាច់ ត្រូវ ធ្វើ កំណែទម្រង់ ព្រោះ ប្រជាពលរដ្ឋ ចាស់ (+៦៥ឆ្នាំ) មាន ចំនួន ច្រើន ជាង ក្មេង ជំទង់ (- ១៥ ឆ្នាំ) ហើយ មាន របៀប របប រស់ នៅ គួរ ឱ្យ ព្រួយ បារម្ភ៕
Nº.0474