ប្រធានាធិបតី អាមេរិក ប្រកាស ចង់ ធ្វើ ជា ម្ចាស់ កម្មសិទ្ធិតំបន់ ហ្កាហ្សា

7News

 ប្រធានាធិបតី អាមេរិក ប្រកាស ចង់ ធ្វើ ជា ម្ចាស់ កម្មសិទ្ធិតំបន់ ហ្កាហ្សា

ចេញផ្សាយថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៥៖

ក្នុង សន្និសីទ កាសែត ជាមួយ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល នៅ ទីក្រុង វ៉ាស៊ីនតោន លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាន ធ្វើ សេចក្តីប្រកាស ដ៏ គួរ ឱ្យ ភ្ញាក់ផ្អើល បំផុត ថា អាមេរិក ចង់ ក្លាយ ជា អ្នក ត្រួត ត្រា តំបន់ ហ្កាហ្សា ដែល រង ការ បំផ្លិចបំផ្លាញ ស្ទើរ គ្មាន សល់ ដោយ សង្គ្រាម ។ សំណើ របស់ លោក ដូណាល់ត្រាំនេះ អាច នឹង ប្តូរ ផ្លាស់ ប្រវត្តិសាស្ត្រ ។ នេះ បើ តាម ទស្សនៈ របស់ លោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល។ អង្គការ រំដោះ ប៉ាឡេស្ទីន និងចលនា ហាម៉ាសប៉ាឡេស្ទីន បានបញ្ចេញ ប្រតិកម្ម ភ្លាម ច្រាន ចោល គំនិត របស់ លោក ត្រាំ ដោយ បរិហារថា ជា គំនិត រើស អើង ពូជសាសន៍។

មិនមែន ជា សំដីថ្លោះ ធ្លោយដោយ ឥត ព្រាង ទុក ទេ ហើយ ក៏ មិន មែន ជា គំនិត លេង សើច ដែរ។ លោក ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាន ប្រកាស ចង់ត្រួត ត្រា តំបន់ ហ្កាហ្សា នៅ ក្នុង សន្និសីទ កាសែតរួម ជាមួយ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល នេតានយ៉ាហ៊ូ ពី សេតវិមាន។ លោក បាន ស្នើឱ្យ អាមេរិក ក្លាយ ជា ម្ចាស់ កម្មសិទ្ធិ តំបន់ ហ្កាហ្សា និង ជា អ្នក ទទួល ខុស ត្រូវ ដោះ មីន និងជាតិ ផ្ទុះ គ្រប់ ធុន រួច ឈូស ឆាយ សម្អាត អាគារ បាក់ បែក ហើយ អភិវឌ្ឍសេដ្ឋកិច្ច តំបន់ ហ្កាហ្សា ឡើងវិញ។

សេចក្តី ប្រកាសនេះ បាន បង្ក ការ ភ្ញាក់ផ្អើល យ៉ាង ខ្លាំង ដល់ ក្រុម អ្នក ជំនួយការ ព្រោះ លោក ដូណាល់ត្រាំ បាន ថែមទាំង អះអាងថា នឹងក្រសោប យក តំបន់ ហ្កាហ្សា ប្រើកម្លាំង បាយ ទៀត ផង។ ធ្លាប់ ជា អ្នក ជំនួញ ក្នុង វិស័យ អចលនវត្ថុដ៏ ចំណាន ប្រធានាធិបតី អាមេរិក ស្រមៃ ចង់ ប្រែក្លាយ តំបន់ ហ្កាហ្សា ទៅទី ក្រុង មាត់សមុទ្ទ ជា មួយ គម្រោង អចលនវត្ថុ ដ៏ សម្បើម មួយ នា ពេល អនាគត។

ចំណែក ឯ ប្រជាពលរដ្ឋ ប៉ាឡេស្ទីន នៅ ហ្កាហ្សា វិញ លោកត្រាំ បាន ស្នើ ផ្ទេរ ពួក គេ ឱ្យ ទៅ រស់ នៅ កន្លែង ផ្សេង ដូច ជា នៅ អេហ្ស៊ីប និង នៅ ហ្សកដានី។ ប្រទេស ទាំងពីរ បាន បដិសេធ រួច ហើយ ប្រឆាំង នឹង គំនិត ប្តូរផ្លាស់ ទី ពលរដ្ឋ ប៉ាឡេស្ទីននេះ។ ប៉ុន្តែ លោក ត្រាំមាន ជំនឿជាក់ ថានឹង អាច ជំរុញ ឱ្យប្រទេស ទាំងពីរ នេះ ប្តូរ ចិត្ត បាន។

ជា ប្រតិកម្មនឹង សេចក្តីប្រកាស របស់ លោក ត្រាំ។ សូម្បី តែ លោក នាយករដ្ឋមន្ត្រី អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ដែលនៅ ក្បែរ នោះ ហាក់ មិនចង់ ជឿ ត្រចៀក ខ្លួន ឯងដែរ។ តែ សំណើ របស់ លោក ត្រាំ “អាចប្តូរ ប្រវត្តិសាស្ត្រ”។ នេះ ជា ប្រសាសន៍ របស់ លោក នេតាន់យ៉ាហ៊ូ ដោយអះអាង ថា កម្មវត្ថុ ចម្បង របស់ អ៊ីស្រាអែល គឺ ចង់ ធ្វើ យ៉ាង ណា ឱ្យ ហ្កាហ្សា លែង ជា ការ គំរាមកំហែង សម្រាប់ អ៊ីស្រាអែល តែ លោក ត្រាំមាន គម្រោង ហួសពី ការ ចង់ បាននេះ ទៅ ទៀត។ សម្រាប់ លោក នេតាន់យ៉ាហ៊ូ ប្រធានាធិបតី ត្រាំ ពិត ជា មិត្ត ដ៏ ល្អ បំផុតដែល អ៊ីស្រាអែលមិនធ្លាប់ បាន ស្គាល់ នៅ សេតវិមាន ឡើយ។

ប៉ុន្តែ សម្រាប់ប៉ាឡេស្ទីន អង្គការ រំដោះប៉ាឡេស្ទីន បាន ច្រាន ចោល ទាំង ស្រុង សំណើ របស់ លោក ដូណាត្រាំ។ ចលនាប៉ាឡេស្ទីន ហាម៉ាស យល់ ថា លោក ត្រាំកំពុង ងាក ទៅឈរ នៅ ខាង ក្រុម ជ្រុលនិយម អ៊ីស្រាអែល និង បញ្ចេញ ផែនការ បែប រើស អើង ពូជ សាសន៍។ សម្រាប់ មេដឹកនាំ ហាម៉ាស ការ ផ្ទេរ ជន ប៉ាឡេស្ទីន ចេញ ពី ហ្កាហ្សា ជា របៀប បង្កើត ភាព វឹកវរ។

ពលរដ្ឋ ប៉ាឡេស្ទីនក៏ បាន បញ្ចេញ ប្រតិកម្ម យ៉ាង ព្រោង ព្រាត នៅ លើ បណ្តាញ សង្គមដែរ ដោយ ខ្លះ បានសរសេរ បញ្ឈឺ ថា “ជាង ៨០% នៃ ជន ប៉ាឡេស្ទីន មាន ដើម កំណើត ក្នុង ស្រុក ភូមិ ដែលក្លាយ ជា ដី អ៊ីស្រាអែល នៅពេល បង្កើត រដ្ឋ នេះ ក្នុង ឆ្នាំ ១៩៤៨។ ដូច្នេះ ស្រួល បំផុត គឺ ពលរដ្ឋ ប៉ាឡេស្ទីន ត្រូវ ត្រលប់ ទៅ ដី កំណើត នៅ អ៊ីស្រាអែល”។

រលក កំហឹង និ ង ចរន្ត ប្រឆាំង ក៏ បានផ្ទុះ ឡើងដែរ ក្នុង រង្វង់ សហគមន៍ អន្តរជាតិ ។ ចិនប្រកាស ប្រឆាំង នឹង ការ ចាប់ បង្ខំ ពលរដ្ឋ ប៉ាឡេស្ទីន ឱ្យ ផ្លាស់ ទី។ បារាំង យល់ ថា អនាគត ហ្កាហ្សា ត្រូវ ឆ្លង កាត់ តាម ដំណោះស្រាយ បង្កើត រដ្ឋ ប៉ាឡេស្ទីន។ អេហ្ស៊ីប អំពាវនាវ ឱ្យ មាន ការ ស្ថាបនា ហ្កាហ្សា ដោយ គ្មាន ផែនការ ផ្លាស់ទី ពលរដ្ឋ និង ប្រកាស ពង្រឹង នយោបាយ និង សេដ្ឋកិច្ច ជាមួយ អាជ្ញាធរ ប៉ាឡេស្ទីន នៅ ហ្កាហ្សា៕

Nº.0426

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top