អាល្លឺម៉ង់ រង “ភេរវកម្ម ” ឡានបើកកិន មនុស្ស
អាល្លឺម៉ង់ ជួប ឧប្បត្តិហេតុ ឡាន បើក បំបុក មនុស្ស ជា ថ្មីម្តង ទៀត នៅថ្ងៃព្រហស្បតិ៍ ទី ១៣ កុម្ភៈ ២០២៥ នៅ ក្រុង ម៉ុយនិក ។ មាន មនុស្ស ជិត ៣០នាក់ រង របួស ក្នុង នោះ ភាគ ច្រើន ជា របួស ធ្ងន់។ នេះបើតាម តុល្យការ បណ្តោះអាសន្ន ចុងក្រោយ។ អាជ្ញាធរ បាន ចាត់ ទុក ទង្វើ របស់ ជនសង្ស័យ ជាតិ អាហ្វហ្កានីស្ថាន ដែល ជា ជន ភៀសខ្លួនកំពុង សុំ សិទ្ធិ ជ្រកកោន នៅ អាល្លឺម៉ង់ ថាជា សកម្មភាពបែប ភេរវកម្ម។ ប្រមុខ រដ្ឋាភិបាល អាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុល៍ បាន សន្យា បណ្តេញ ជន ល្មើស សង្ស័យ នេះ ចេញ ពី ប្រទេស។
នៅវេលា ម៉ោង ១០កន្លះ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី ១៣ កុម្ភៈ ២០២៥ ជន ល្មើស បាន បើក ឡាន ថយ ទៅ បុក ឡាន មួយ រួច ហួសសំដៅ ទៅ កិន ក្បួន បាតុកម្ម ដែល រៀប ចំ ឡើង ដោយ ក្រុម សហជីព Verdi។ ប៉ូលិស អាច បញ្ឈប់ ឡាន និង ចាប់ ខ្លួន ជន ល្មើសបាន បន្ទាប់ ពី បាន បាញ់ កាំភ្លើង ជា ច្រើន គ្រាប់។ មាន អាយុ ២៤ ឆ្នាំ អ្នកបើក ឡាន បង្ក ហេតុ ទំនង ជា ជន ភៀស ខ្លួន កំពុង សុំ សិទ្ធិ ជ្រក កោន ដែល មាន ប្រវត្តិ ជា ចោរ លួច និង ប្រព្រឹត្ត បទ ល្មើស ពាក់ព័ន្ធ នឹង គ្រឿង ញៀន។
មក ទល់ ពេល នេះ ប៉ូលិសអាល្លឺម៉ង់ មិន ទាន់ អាច បញ្ជាក់ បាន ថា តើ ជន ល្មើស ធ្វើ សកម្មភាព ដោយ ចេតនា ឬ អត់ នោះ ទេ។ ប៉ុន្តែ អាជ្ញាធរ តំបន់ម៉ុយនិច យល់ ថា ជាទង្វើ បែប ភេរវកម្ម។
ការ វាយប្រហារ បែប ភេរវកម្ម ដោយ ការ បើក ឡាន បុក ហ្វូង មនុស្ស បាន កើត ឡើង ក្នុង ខណៈ ដែលក្រុង ម៉ុយនិច របស់ អាល្លឺម៉ង់ ត្រូវ បើក ជំនួប កំពូល ស្តីពី សន្តិសុខ ពី ថ្ងៃសុក្រ ទី ១៤ កុម្ភៈ ដល់ ថ្ងៃអាទិត្យ ទី ១៦ កុម្ភៈ២០២៥ ដោយ មាន ការ ចូល រួម ដូច ជា រៀង រាល់ ឆ្នាំ ពី សំណាក់ប្រមុខ ដឹកនាំ ជាន់ ខ្ពស់ នៃ បណ្តាប្រទេសនៅ ទូទាំង ពិភពលោក មាន ជាអាទិ៍ អនុប្រធានាធិបតី អាមេរិក លោក J.D. Vanceផង នា ពេល នេះ។
សម្រាប់ អាជ្ញាធរ តំបន់ ទង្វើ របស់ ជនសង្ស័យ អាហ្វហ្កានីស្ថាន គ្មាន ពាក់ ព័ន្ធ នឹង ជំនួប កំពូល អន្តរជាតិ នេះ ទេ តែ អាច ជះ ឥទ្ធិពល ខ្លាំង ដល់យុទ្ធនាការ ឃោសនា បោះឆ្នោត សភាអាល្លឺម៉ង់ ដែល ដុត រោលនិង គ្រប ដណ្តប់ ដោយ បញ្ហា អន្តោប្រវេសន៍ និងអ សន្តិសុខ ផ្ទៃ ក្នុង ខ្លាំង ស្រាប់ ទៅ ហើយ។
អាល្លឺម៉ង់ ត្រូវ រៀប ចំ ការ បោះឆ្នោត សភា នៅ ថ្ងៃទី ២៣ កុម្ភៈ ខាង មុខ។ បើ តាម ការ ស្ទង់ មតិ ចុងក្រោយ ក្រុមស្តាំ និង អភិរក្ស និយមជ្រុល ដែល មាន និន្នាការ នយោបាយ ស្អប់ ជន អន្តោប្រវេសន៍ និង ជន ភៀស ខ្លួន បាន ឡើង សំឡេង ទ្វេ ដង លើ ឆ្នាំ ២០២១ ជាមួយ ចេតនាបោះឆ្នោត គាំទ្រ ឡើង ដល់ ២០% សម្រាប់ បក្ស ស្តាំ និយមជ្រុល និង ៣០% សម្រាប់ក្រុម អភិរក្ស និយម។ ក្រោយ ហេតុការណ៍ ភេរវកម្ម នៅ ម៉ុយនិក នេះ ភ្លាម តំណាង គណបក្ស ស្តាំនិយមជ្រុល អាល្លឺម៉ង់ (ជម្រើសសម្រាប់អាល្លឺម៉ង់) នេះ បាន អំពាវនាវភ្លែត ឱ្យ ពលរដ្ឋ អាល្លឺម៉ង់ បោះឆ្នោត ប្រឆាំង នឹង គណបក្ស កំពុង កាន់ អំណាច របស់ លោក ប្រមុខ រដ្ឋាភិបាល អូឡាហ្វ ស្ហុល៍ ដែល បណ្តោយ ឱ្យ មាន អំពើ អសន្តិសុខ ក្នុង ប្រទេស។
ក្រៅ អំពី បរិហារ ថា ជា ទង្វើ ដ៏ ស្មោកគ្រោក លោកប្រមុខ រដ្ឋាភិបាល អាល្លឺម៉ង់ អូឡាហ្វ ស្ហុល៍ បានសន្យា នៅថ្ងៃព្រហស្បតិ៍ ទី ១៣ កុម្ភៈ នេះ ថា នឹង ដាក់ ទោស ជន ល្មើស រួច បណ្តេញ ចេញ ពី ប្រទេសតែ ម្តង ទោះ បី ជា អាហ្វហ្កានីស្ថាន កំពុង ស្ថិត ក្រោម ការ ដឹកនាំ របស់ តាលីបង់ ក៏ ដោយ។ ដើម្បី បង្ហាញ ពី ជំហរ ម៉ឺងម៉ាត់ ប្រឆាំង នឹង បញ្ហា អន្តោប្រវេសន៍ អាល្លឺម៉ង់ បាន ចាប់ បញ្ជូន ជនមាន ទោស អាហ្វហ្កានីស្ថានឱ្យ ត្រលប់ ទៅ ប្រទេស ជា ថ្មីឡើង វិញ តាំងពី ថ្ងៃទី ៣០ សីហា២០២៤ មក។
មាន ជនអាហ្វហ្កានីស្ថានច្រើននាក់ បាន ប្រព្រឹត្ត អំពើ ហិង្សាភេរវកម្ម នៅអាល្លឺម៉ង់ មាន ជាអាទិ៍ ករណី ចាក់ សម្លាប់មនុស្ស ពីរ នាក់ នៅ Aschaffenbourg ក្នុង នោះ ម្នាក់ ជា ក្មេង ប្រុស អាយុ ២ ឆ្នាំ ម្នាក់ កាលពី ចុង ខែ មករា និងករណី សម្លាប់ ប៉ូលិស ម្នាក់ ភាគ ខាង ត្បូង នៃ ប្រទេស កាលពី រដូវ ផ្ការីក ឆ្នាំ មុន៕