អឺរ៉ុបចាប់រំជើបរំជួល ក្រោយឮប្រធានាធិបតីអាមេរិក ប្រកាស ដំឡើងពន្ធដែក និងអាលុយមីញ៉ូម ២៥%

7News

អឺរ៉ុបចាប់រំជើបរំជួល ក្រោយឮប្រធានាធិបតីអាមេរិក ប្រកាស ដំឡើងពន្ធដែក និងអាលុយមីញ៉ូម ២៥%

ចេញផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥៖

ចាប់តាំងពីត្រលប់ ចូលកាន់អំណាច ជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ប្រកាស ដំណឹងដែល ធ្វើ ឲ្យ ពិភពលោក រំជើបរំជួល សឹងមិនលស់ថ្ងៃ ជាពិសេស សង្រ្គាមពាណិជ្ជកម្ម ដំឡើងពន្ធគយ ដែលលោក សន្យា ដើម្បី ឈប់ឲ្យ អាមេរិក ចាញ់ប្រៀបគេ។ បន្ទាប់ ពី ប្រកាស ដំឡើងពន្ធ លើទំនិញ នាំចូល មក ពី ចិន ម៉ិកស៊ិក និង កាណាដា ដល់ ពេល លោកដូណាល់ ត្រាំ ប្រកាស ដំឡើងពន្ធ លើ ដែកថែប និង អាលុយមីញ៉ូម នាំចូលទៅអាមេរិក។ សង្រ្គាមដំឡើងពន្ធគយ របស់ លោកដូណាល់ ត្រាំនៅថ្ងៃចន្ទ ប៉ះគ្រប់គ្នា ជាពិសេស កូរ៉េខាងត្បូង និងអឺរ៉ុប ដែលជាសម្ព័ន្ធមិត្ត របស់អាមេរិក។ រដ្ឋមន្រ្តី ការបរទេសបារាំង បានអះអាងថា អឺរ៉ុប នឹង មិននៅស្ងៀមទេ។ អឺរ៉ុបនឹងឆ្លើយតប នឹង ការដំឡើងពន្ធ របស់អាមេរិក។

ការដំឡើងពន្ធលើទំនិញនាំចូលទៅអាមេរិក ជាបេះដូង នៃ នយោបាយ សេដ្ឋកិច្ច និង ការបរទេស របស់ រដ្ឋបាលលោកដូណាល់ ត្រាំ។ ចាប់តាំង ពី ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាន ប្រើ យុទ្ធសាស្រ្ត ដំឡើងពន្ធ លើទំនិញនាំចូល អាមេរិក ជាមធ្យោបាយ កាត់បន្ថយ ឱនភាពពាណិជ្ជកម្ម អាមេរិកផង និងដើម្បី ទាមទារ ចង់បាន សម្បទាន ពី ប្រទេស ដទៃ ដោយ មិន លើកលែង សូម្បី សម្ព័ន្ធមិត្ត។

នៅលើយន្តហោះ ធ្វើដំណើរ ទៅ រដ្ឋ New Orleans កាលពីថ្ងៃអាទិត្យទី ៩កុម្ភៈ ប្រធានាធិបតីអាមេរិក បាន ប្រកាស ថា អាមេរិក នឹង ដំឡើង ពន្ធ ២៥% លើដែក និងអាលុយមីញ៉ូម នាំចូលទៅអាមេរិក។ ចំណាត់ការថ្មី នឹង ប៉ះពាល់ខ្លាំងជាងគេ គឺប្រទេស កាណាដា ដែលជាអ្នកផ្គត់ផ្គង់ នាំចូល អាលុយមីញ៉ូម និងដែកថែប ច្រើនជាងគេ ទៅអាមេរិក។ បន្ទាប់មក គឺ ប្រេស៊ីល ម៉ិកស៊ិក និងកូរ៉េខាងត្បូង។

អឺរ៉ុប ឯណេះវិញ កំពុង ភ័យបារម្ភ ពីនយោបាយដំឡើងពន្ធថ្មី របស់ លោកដូណាល់ ត្រាំ ព្រោះថា អឺរ៉ុប នាំចូល ដែកថែប និងអាលុយមីញ៉ូម ច្រើនគួរសម ទៅ អាមេរិក។ កាលនៅអាណត្តិទី ១ ពី ឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២១ លោកដូណាល់ ត្រាំ ធ្លាប់ បាន ដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ម្តងហើយ ដើម្បី ការពារ ឧស្សាហកម្ម អាមេរិក ដែលលោកដូណាល់ ត្រាំ វាយតម្លៃថា រងគ្រោះ ដោយសារ ការប្រកួតប្រជែង មិនស្មោះត្រង់ ពីសំណាក់ ប្រទេសអាស៊ី និងអឺរ៉ុប។

អាល្លឺម៉ង់ ផ្ទាល់ដែលជា ក្បាលម៉ាស៊ីនសេដ្ឋកិច្ច របស់អឺរ៉ុប មិនលាក់លៀម ពីក្តីបារម្ភ នៅក្រោយ លឺលោកដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធ លើដែក និងអាលុយមីញ៉ូម។ អាល្លឺម៉ង់ ពឹងផ្អែក កាន់តែខ្លាំង លើ ការនាំចេញ ទំនិញ ទៅ អាមេរិក ដែលមាន តម្លៃជាង ១៦៣ ពាន់លាន អឺរ៉ូ ស្មើនឹង ១០,៥% នៃ ការនាំចេញសរុប របស់អាល្លឺម៉ង់។ អ្នកនាំពាក្យ របស់ ក្រសួង សេដ្ឋកិច្ច អាល្លឺម៉ង់ បាន ផ្តល់ យោបល់ ថា នយោបាយ ដំឡើងពន្ធគយ លើទំនិញនាំចូលមកពីអឺរ៉ុប នឹង បំផ្លាញប្រយោជន៍ទាំងអស់គ្នា គ្រប់ប្រទេស ដោយរាប់បញ្ចូលទាំងអាមេរិកដែរ។ ការដំឡើងពន្ធ លើ ដែកថែប និងអាលុយមីញ៉ូម នឹង ធ្វើ ឲ្យតម្លៃ ផលិត របស់ អឺរ៉ុប កើនឡើង។ ជាមួយគ្នានោះ ទំនិញ អឺរ៉ុប លក់ នៅទីផ្សារ អាមេរិក ក៏ នឹងមាន តម្លៃកើនឡើងដែរ។

ផ្ទុយពី រដ្ឋមន្រ្តីសេដ្ឋកិច្ច អាល្លឺម៉ង់ ដែលអះអាង ចង់ បន្ត នយោបាយសហការ ជិតស្និទ្ធ ជាមួយ អាមេរិក ដើម្បីប្រយោជន៍ទាំងសងខាង រដ្ឋមន្រ្តីការបរទេស បារាំង ឯណេះវិញ បាននិយាយប្រាប់ កាសែតក្នុងស្រុកថា ដោយ គ្មានការអល់អែក អឺរ៉ុប នឹង វាយបកវិញ ទៅនឹង នយោបាយដំឡើងពន្ធ របស់លោកដូណាល់ ត្រាំ។ រដ្ឋមន្រ្តីបារាំង មិនបាន បញ្ជាក់ថា តើ នយោបាយវាយបករបស់អឺរ៉ុប ជាអ្វីនោះទេ ប៉ុន្តែ គ្រាន់តែ ថា គណៈកម្មការអឺរ៉ុប មាន តួនាទីការពារ ផលប្រយោជន៍ របស់ ប្រទេស សមាជិក ដែល រងប៉ះពាល់ ដោយសារ នយោបាយ ដំឡើងពន្ធរបស់រដ្ឋបាលលោកដូណាល់ ត្រាំ។

អឺរ៉ុបកំពុងរៀបជើងព្រួល រួមកម្លាំងគ្នាជាធ្លុងមួយ នៅចំពោះមុខ លោកដូណាល់ ត្រាំ ដែល បាន ពន្លយរួចហើយថា លោក នឹង ប្រកាស វិធានការ ស្តីពី អឺរ៉ុប នាពេលឆាប់ៗខាងមុខ៕



Nº.0443

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top