រុស្ស៊ី និង អាមេរិក ព្រមព្រៀងគ្នាសហការដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥៖
រដ្ឋាភិបាលទី ក្រុង ម៉ូស្គូ ប្រកាសនៅ ថ្ងៃសៅរ៍ទី ១៥ ខែកុម្ភៈ ថា ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ និង សមភាគីអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បាននិយាយគ្នាតាមទូរស័ព្ទ ហើយក៏ព្រមព្រៀងគ្នាស្តារឡើងវិញ កិច្ចសន្ទនាក្នុងគោលដៅសហការគ្នាដើម្បីខណ្ឌបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ការ នាំមកនូវ សន្តិភាព ឲ្យ អ៊ុយក្រែន ជា សេចក្តីអំពាវនាររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែល បាន និយាយ គ្នា តាម ទូរស័ព្ទ ជាមួយ សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីសប្តាហ៍ មុន ។
ក្នុងសេចក្តីថ្លែងការណ៍ ពី ថ្ងៃសៅរ៍ទី ១៥ ខែកុម្ភៈ ក្រសួងការបរទេសរុស្ស៊ី បញ្ជាក់ថា លោកប្រមុខការទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ និង សមភាគីអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ ត្រៀមធ្វើការងារដើម្បីស្តារឡើងវិញ កិច្ចសន្ទនាអន្តររដ្ឋាភិបាល ឈរលើស្មារតីគោរពគ្នាទៅវិញទៅមក ស្របនឹងប្រសាសន៍បន្លឺឡើង ដោយប្រធានាធិបតីប្រទេសទាំងពីរ។ មេការទូតរុស្ស៊ីនិងអាមេរិក បានព្រមព្រៀងគ្នា តាំងឡើងវិញទំនាក់ទំនង នឹងគ្នាជារឿយៗ បូកទាំង ការរៀបចំជំនួបកំពូលរុស្ស៊ី-អាមេរិក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិក បានសម្តែងដូចគ្នានូវឆន្ទៈសហការគ្នា លើបញ្ហាអន្តរជាតិចម្បងៗ ជាអាទិ៍ លើដំណោះស្រាយជុំវិញជម្លោះនៅអ៊ុយក្រែន ស្ថានការណ៍នៅប៉ាឡេស្ទីន និង មជ្ឈិមបូព៌ា ជាទូទៅ ។
ពីចំណែកខ្លួន លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ ដែលថ្ងៃសៅរ៍បានវត្តមានមានមុខក្នុងសន្និសីទស្តីពីសន្តិសុខនៅក្រុងអាល្លឺម៉ង់ម៉ុយនិច មុនទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលទៅតាមការគ្រោងទុក បានបញ្ជាក់ជាថ្មីពីភាពប្តេជ្ញារបស់លោកប្រធានាធិបតី ត្រាំ ដោះស្រាយឲ្យទាល់តែបានដូចចិត្តជម្លោះនៅអ៊ុយក្រែន។ បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce លម្អិ តថាប្រមុខការទូតអាមេរិក និង រុស្ស៊ី បានពិភាក្សាអំពីលទ្ធភាពធ្វើការងាររួមគ្នា លើបញ្ហាទ្វេភាគីមួយចំនួនទៀត។
សេចក្តីអំពាវនាវបន្លឺឡើង ដោយប្រមុខការទូតទាំងពីរ គឺជាការបន្តទៅនៃកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធកន្លងទៅរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង លោក ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែលជាលទ្ធផល គឺបានចុះសម្រុងគ្នាត្រូវតែចាប់ផ្តើមធ្វើកិច្ចចរចា «ជាបន្ទាន់»ដើម្បីខណ្ឌបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។
ចៅហ្វាយសេតវិមានអាមេរិក លោក ដូណាល់ ត្រាំ ក៏បានឲ្យដឹងដែរថា គាត់នឹងជួបលោក វ៉្លាឌីមៀរ ពូទីន ដោយផ្ទាល់ នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត ក្នុងថ្ងៃដែលគូភាគីនឹងកំណត់ឲ្យបានច្បាស់លាស់ ។
ដោយមិនលម្អិតអ្វីច្រើន អ្នកមុខអ្នកការអាមេរិក គ្រាន់តែ ទម្លាយឲ្យដឹងថា ទីប្រឹក្សាប្រធានាធិបតីអាមេរិក ខាងសន្តិសុខជាតិ លោក Mike Waltz និង ប្រេសិតពិសេសទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ព្រមទាំង លោករដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីយ៉ូ អញ្ជើញ ទៅកាន់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត៕
Nº.0459