ថៃសហការជាមួយរដ្ឋាភិបាលកម្ពុជា និងឡាវ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការបង្ក្រាបករណីមជ្ឈមណ្ឌលឆបោកអនឡាញក្បែរព្រំដែនប្រទេសភូមា

7News

 ថៃសហការជាមួយរដ្ឋាភិបាលកម្ពុជា និងឡាវ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការបង្ក្រាបករណីមជ្ឈមណ្ឌលឆបោកអនឡាញក្បែរព្រំដែនប្រទេសភូមា

ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥៖

រដ្ឋាភិបាលថៃអះអាងថា ខ្លួននឹងបន្តលុបបំបាត់បណ្តាញមជ្ឈមណ្ឌលឆបោកអនឡាញនៅតាមព្រំដែនជាមួយប្រទេសជិតខាង ដោយសហការជាមួយរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងឡាវ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបង្ក្រាបករណីមជ្ឈមណ្ឌលឆបោកអនឡាញក្បែរព្រំដែនប្រទេសភូមា។ យោងតាមសំណេរនៅលើហ្វេសប៊ុករបស់រដ្ឋមន្រ្តីការពារជាតិថៃលោក ភូមថាំ វីឆាយ៉ាឆៃ ដែលកាសែតថៃ បាងកកប៉ុស្តិ៍ស្រង់មកចុះផ្សាយនៅថ្ងៃអាទិត្យទី ២៣កុម្ភៈ ការឆបោកតាមប្រព័ន្ធអនឡាញនេះគឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលប៉ះពាល់ផ្ទាល់ដល់អាយុជីវិតរបស់ជនជាតិថៃ និងជនបរទេសដូចគ្នា។ 

កាសែតថៃបាងកកប៉ុស្តិ៍បានចុះផ្សាយនៅថ្ងៃអាទិត្យ ទី២៣ កុម្ភៈនេះថា រដ្ឋាភិបាលថៃនឹងបន្តចាត់វិធានការលុបបំបាត់សកម្មភាពឆបោកតាមអនឡាញនៅតាមព្រំដែនប្រទេសក្បែរខាងខ្លួន ក្នុងនោះមានកម្ពុជាផងដែរ។ បាងកកបុស្តិ៍បានស្រង់ប្រសាសន៍របស់ លោកភូមថាំ វីឆាយ៉ាឆៃ រដ្ឋមន្រ្តីការពារជាតិថៃ ដែលថាលោកបានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិថៃរៀបចំកិច្ចប្រជុំជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា ដើម្បីបង្កើតផែនការទប់ស្កាត់ការផ្លាស់ប្តូរទីតាំងរបស់បណ្តាញបោកប្រាស់តាមអនឡាញនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។

ជាក់ស្តែង នៅថ្ងៃសៅរ៍ទី ២២កុម្ភៈ សមត្ថកិច្ចថៃរួមជាមួយមន្រ្តីនគរបាលកម្ពុជាបានបើកប្រតិបត្តិការបង្រ្កាបទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដោយរំដោះបានជនបរទេសចំនួន ២១៥នាក់ ក្នុងនោះ ១០៩នាក់ ជាជនជាតិថៃ ប៉ាគីស្ថាន ៥០នាក់ ឥណ្ឌា ៤៨នាក់ តៃវ៉ាន់ ៥នាក់ និងឥណ្ឌូណេស៊ី ៣នាក់។ ប្រតិបត្តិការនេះបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់ កាលពីថ្ងៃសុក្ររវាងលោក Thatchai Pitaneelaboot អគ្គស្នងការនគរបាលថៃ និងមន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា ដើម្បីពិភាក្សាអំពីផែនការប្រតិបត្តិការលុបបំបាត់ក្រុមឆបោកតាមប្រព័ន្ធអនឡាញ។

យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ដដែល អគារនិងដីដែលជាទីតាំងមជ្ឈមណ្ឌលបោកប្រាស់អនឡាញនៅក្នុងក្រុងប៉ោយប៉ែត ដែលសមត្ថកិច្ចថៃ និងកម្ពុជាចូលបង្រ្កាប កាលពីថ្ងៃសៅរ៍ ជាកម្មសិទ្ធិរបស់មន្រ្តីជាន់ខ្ពស់ក្នុងខេត្តបន្ទាយមានជ័យ។

រដ្ឋមន្រ្តីការពារជាតិថៃ លោកភូមថាំ វីឆាយ៉ាឆៃ បានវាយតម្លៃថា ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ គេត្រូវការកាត់ផ្តាច់ប្រតិបត្តិការឧក្រិដ្ឋកម្ម ប៉ុន្តែ ផ្តល់ជំនួយដល់ជនរងគ្រោះ និងការបង្កើនកិច្ចសហការអន្តរជាតិជាមួយបណ្តាប្រទេសជាតិខាង ព្រោះថាគ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះតែម្នាក់ឯងបានទេ។

ទាក់ទងនឹងកិច្ចសហការជាមួយប្រទេសថៃក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញនាពេលនេះ មិនទាន់អាចសុំការអត្ថាធិប្បាយពីលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២៣ កុម្ភៈនេះ។ ប៉ុន្តែនៅពីពេលកន្លងទៅ លោកស្រី ជូន ប៊ុនអេង បានអះអាងថា ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបានបទល្មើសឆបោកតាមអនឡាញ និងជួញដូរមនុស្សជាក់ស្តែង ប្រមាណ ២០% ក្នុងចំណោមបទល្មើសជាង ៤០០ករណី។

សូមរំលឹកដែរថា កាលពីថ្ងៃទី១០ ខែកុម្ភៈ សមត្ថកិច្ច និងគណៈកម្មាធិការជាតិទូរគមនាគមន៍ថៃ បានសម្រេចកាត់ផ្ដាច់ប្រព័ន្ធផ្តល់សេវាទូរគមនាគមន៍ ទៅកាន់ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា បន្ទាប់ពីអាជ្ញាធរថៃស្រាវជ្រាវឃើញថា ក្រុមបោកប្រាស់អនឡាញក្នុងក្រុងប៉ោយប៉ែតបានប្រើប្រាស់បណ្ដាញអ៊ីនធ័រនែត និងប្រព័ន្ធទូរស័ព្ទពីប្រទេសថៃដើម្បីប្រតិបត្តិការឧក្រិដ្ឋកម្មអនឡាញខុសច្បាប់។

ក្រសួងប្រៃសណីយ៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា ការកាត់ផ្តាច់សេវាទូរគមនាគមន៍របស់ថៃគ្មានបង្កផលប៉ះពាល់ដល់ពលរដ្ឋនៅក្រុងប៉ោយប៉ែត ព្រោះថា ពលរដ្ឋនៅទីនោះសុទ្ធតែបានប្រើប្រាស់សេវាអ៊ីនធ័រនែត និងទូរស័ព្ទពីប្រតិបត្តិករក្នុងស្រុកដែលមានអាជ្ញាបណ្ណស្របច្បាប់។ ក្រសួងប្រៃសណីយ៍បានបន្ថែមទៀតថា កន្លងមកក្រសួងក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ប្រឆាំងនឹងការលួចដំឡើង បណ្តាញទូរគមនាគមន៍ខុសច្បាប់នៅតាមខេត្តក្រុង និងតំបន់ជាប់ព្រំដែនដែលបម្រើឱ្យសកម្មភាពរបស់កាស៊ីណូ ល្បែងអនឡាញ និងការឆបោកអនឡាញខុសច្បាប់៕




Nº.0472

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top