ទាំងអ៊ុយក្រែន ទាំងរុស្ស៊ី នៅតែលាក់បំបាំង ចំនួនទាហានពលិជីវិតក្នុងសមរភូមិ

7News

ទាំងអ៊ុយក្រែន ទាំងរុស្ស៊ី នៅតែលាក់បំបាំង ចំនួនទាហានពលិជីវិតក្នុងសមរភូមិ

ចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥៖

សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនមានរយៈពេល គម្រប់ ៣ឆ្នាំ គត់ នៅថ្ងៃ ចន្ទទី ២៤ កុម្ភៈ។ នៅក្នុង សង្រ្គាម ៣ឆ្នាំមកនេះ ទាំងភាគីរុស្ស៊ី និងអ៊ុយក្រែន បាត់បង់ ទាហានរៀងៗខ្លួន ក្នុងចំនួន ដ៏ច្រើនមិនធ្លាប់មាននៅទឹកដីអឺរ៉ុប គិត ចាប់តាំងពី ចប់ សង្រ្គាមលោកលើកទី២។ យ៉ាងណាក៏ដោយ គេនៅតែមិនអាច ដឹង ពីចំនួនពិតនៃ ទាហាន ដែលស្លាប់ ដោយសារ សង្រ្គាម ព្រោះថា ទាំងភាគីរុស្ស៊ី និង ជាពិសេស អ៊ុយក្រែន បាន លាក់ បាំង មិន ចុះផ្សាយ ឲ្យគេដឹង ពី ទាហាន ពលិជីវិត នៅសមរភូមិអ៊ុយក្រែន។ អ្នកវិភាគ យោធា វាយតម្លៃថា រុស្ស៊ីអាច បាត់បង់ ទាហាន ច្រើនជាង អ៊ុយក្រែន ប៉ុន្តែ រុស្ស៊ីនៅតែ អាច មានកម្លាំង រុញច្រានវាយ ដណ្តើមយកដី ភាគខាងកើត របស់អ៊ុយក្រែនជាបន្តបន្ទាប់។

តុល្យការទាហាន ស្លាប់ នៅក្នុង សង្រ្គាម អ៊ុយក្រែន មានចំនួនច្រើនលើសលប់ មិនធ្លាប់ មាននៅទឹកដីអឺរ៉ុប គិត ចាប់តាំង ពីចប់ សង្រ្គាមលោកលើកទី២ កាលពី ៨០ឆ្នាំមុន។ ប៉ុន្តែ យ៉ាងណាក៏ដោយ គេនៅតែមិនអាចដឹងច្បាស់ពីតុល្យការពិតប្រាកដ មិនថា នៅខាងអ៊ុយក្រែន ឬ រុស្ស៊ី ព្រោះថា ព័ត៌មាននេះជា កិច្ចការសម្ងាត់ជាតិ។

គិតចាប់តាំង ពី សង្រ្គាម រុស្ស៊ី ឈ្លានពានអ៊ុយក្រែន នៅ ៣ឆ្នាំមកនេះ ភាគីជម្លោះទាំងពីរ បាន ព្យាយាម បិទរហូត មិន បញ្ចេញឲ្យដឹង ពីតួលេខនៃការខាតបង់ជីវិតមនុស្សនៅក្នុងសមរភូមិ ក៏ដោយសារតែ មិនចង់ បាក់មុខ ខូចយុទ្ធសាស្រ្ត សង្រ្គាម និងជាពិសេស មិនចង់ ឲ្យ ពលរដ្ឋរបស់ខ្លួន បាក់ទឹកចិត្ត ខ្លាច មិន ចូលបម្រើទ័ព។

ទាំង រុស្ស៊ី និង អ៊ុយក្រែនមិនត្រឹមតែ មិន បង្ហាញតួលេខ ពិតប្រាកដ ប៉ុន្តែ នៅបាន លេបខាយឲ្យគ្នាទៅវិញទៅមកថា អ្នកចាញ់ មានទាហាន ស្លាប់ច្រើន នៅក្នុង សមរភូមិ។

នៅពេល និយាយ ពីតួលេខ ទាហានស្លាប់ នៅក្នុង សង្រ្គាមអ៊ុយក្រែន មាន ប្រភពបី គឺរដ្ឋាភិបាល អ្នកតាមដានឯករាជ្យ និង ទិន្នន័យរបស់ លោកខាងលិច ដែលម្នាក់ៗ បង្ហាញ តួលេខផ្សេងៗគ្នា។

នៅក្នុងចំណែក អ៊ុយក្រែន ថ្មីៗនេះ ពោលគឺ នៅ ពាក់កណ្តាល ខែ កុម្ភៈ ជាលើកទី១ គិតចាប់តាំង ពីផ្ទុះសង្រ្គាមឈ្លានពាន របស់ រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន បាន ទទួលស្គាល់ នៅក្នុង បទសម្ភាសជាមួយ ទូរទស្សន៍អាមេរិក NBCថា អ៊ុយក្រែនបាត់បង់ទាហាន ជាង ៤ម៉ឺន ៦ពាន់នាក់ នៅក្នុង សង្រ្គាម ចំណែក ចំនួនទាហាន របួស មាន ជិត៤សែននាក់។

អ្នកកាសែត អ៊ុយក្រែនម្នាក់ ទទួល បាន ការគោរពច្រើននៅអ៊ុយក្រែន គឺ លោក Iourii Boutoussovបាន ស្រង់ព័ត៌មានពីប្រភពគួរឲ្យជឿជាក់ដែលថា អាចមានទាហានអ៊ុយក្រែន ស្លាប់ ច្រើនជាង ៧ម៉ឺននាក់ និងបាត់ខ្លួន ៣ម៉ឺន ៥ពាន់នាក់។ កាសែត លោកខាងលិច វិញស្រង់ ប្រភពមន្រ្តីលោកខាងលិច ដែល ថា សង្រ្គាមរុស្ស៊ីឈ្លានពាន អ៊ុយក្រែន សម្លាប់ទាហាន អ៊ុយក្រែន ចន្លោះពី ៥ម៉ឺន ទៅ ១សែននាក់។

រុស្ស៊ីឯណោះវិញ មិនបាន បញ្ចេញតួលេខពិតប្រាកដ ប៉ុន្តែ ទទួលស្គាល់ថា ទាហាន រុស្ស៊ី ប្រមាណ ៦ពាន់នាក់ ប៉ុណ្ណោះ ស្លាប់ នៅក្នុងសមរភូមិ។ វិបសៃតិ៍ឯករាជ្យមួយរបស់រុស្ស៊ីឈ្មោះ Mediazonaបានតាមដាន កំណត់អត្តសញ្ញាណ ទាហាន រុស្ស៊ីដែលស្លាប់ នៅក្នុង សង្រ្គាមអ៊ុយក្រែន រហូត ដល់ ចំនួន ជាង ៩ម៉ឺននាក់។ នៅចុងឆ្នាំ ២០២៤ រដ្ឋមន្រ្តីការពារ ជាតិ អាមេរិក លោក ឡយ អូស្ទីន បាននិយាយ ថា រុស្ស៊ីមានទាហាន ស្លាប់ និង របួស ជាង ៧សែននាក់។ នេះគេនៅមិនទាន់និយាយពីចំនួនទាហាន កូរ៉េខាងជើង ជាង ១ពាន់នាក់ នៅក្នុង ចំណោម ទាហាន ១៣០០០ ដែលព្យុងយ៉ាង បញ្ជូនទៅ ពាំងគ្រាប់ ជួយរុស្ស៊ីនៅក្នុង សង្រ្គាមអ៊ុយក្រែន។

ចំពោះអ្នកជំនាញ យុទ្ធសាស្រ្ត យោធា នៅទឹកដីអឺរ៉ុប រុស្ស៊ី មាន ទាហានស្លាប់ ច្រើន ទ្វេដង បើប្រៀបធៀបទៅ នឹង អ៊ុយក្រែន។ គេ សន្និដ្ឋានយ៉ាងដូច្នេះ ព្រោះថា ទាហាន រុស្ស៊ី ស្លាប់ភាគច្រើនដោយសារ គ្រាប់ប្លោង ដ្រូនទម្លាក់គ្រាប់ ហើយនិង គ្រាប់មីន ដែល អ៊ុយក្រែន កប់ក្រោមដី ដើម្បី ទប់ស្កាត់ ការវាយរុលចូលរបស់ កងទ័ពថ្មើរជើង។ ចំណែក កងទ័ព អ៊ុយក្រែនវិញ ដោយសារតែ ខ្លួនបោះទីតាំង ចាំតែទប់ទល់ មិន បោះជំហានទៅក្នុង តំបន់ ដែលរុស្ស៊ីវាយដណ្តើមយកបានកន្លងមក ពួកគេ មិនស្លាប់ ដោយសារ គ្រាប់មីនផ្ទុះ ប៉ុន្តែ ដោយសារ ដ្រូន មីស៊ីល និង គ្រាប់ប្លោង របស់ រុស្ស៊ី។

Nº.0470

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top