កងទ័ពចិន ធ្វើ សមយុទ្ធ នៅក្នុង សមុទ្រ តាសម៉ាន ចន្លោះអូស្ត្រាលីនិង នូវែលសេ ឡង់ ប្រើ គ្រាប់ពិត ដោយ មិនជូន ដំណឹងជាមុន
ចេញផ្សាយថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៥៖
កងទ័ពជើងទឹកចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុង សមុទ្រ តាសម៉ាន (Tasman) ចន្លោះអូស្ត្រាលីនិង នូវែលសេ ឡង់ កាលពីថ្ងៃសុក្រទី ២១ កុម្ភៈ។ ផ្អែកតាម ក្រសួងការពារជាតិ អូស្ត្រាលី គឺ នាវាចម្បាំងចិនទំនងជាបានប្រើគ្រាប់ពិតថែមទៀតផង ដែល បង្កឲ្យ មានការព្រួយបារម្ភជាខ្លាំង ព្រោះវាអាចប៉ះពាល់ ដល់សន្តិសុខ របស់ អាកាសចរណ៍ ស៊ីវីល ។
នៅថ្ងៃទី ២១កុម្ភៈ កងទ័ពអូស្ត្រាលី និង នូវែលសេឡង់ បានជូនដំណឹងថា គេកំពុងតាមដាន ជាប់ជានិច្ច នូវនាវា កងទ័ពជើងទឹក ចិន ចំនួន ៣គ្រឿង ដែលកំពុងបើកក្នុងដែនទឹកអន្តរជាតិ មិនឆ្ងាយ ប៉ុន្មានពីប្រទេសទាំង២។ នៅតាម បណ្តាញទូរទស្សនជាតិ ABC លោក Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី បានអះអាងថា ភាគីចិន បានជូនដំណឹងមកថា នាវាកងទ័ពចិនបានត្រៀម ហាត់សមដោយ បាញ់ គ្រាប់ពិតៗ ក្នុងពេល បើក ឆ្លងកាត់សមុទ្រតាសម៉ាន ចន្លោះអូស្ត្រាលីនិង នូវែលសេឡង់។
លោករដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបាន អះអាងថា ភ្លាមៗនោះគេក៏ បានប្រញេបប្រញាប់ ផ្ញើសារ ប្រាប់ទៅ ប្រព័ន្ធរលកសញ្ញា របស់ យន្តហោះ អាកាសចរណ៍ដឹកអ្នកដំណើរស៊ីវីល អំពី ការបាញ់ហាត់សម ដោយ ប្រើគ្រាប់ពិត របស់កងទ័ពចិន ។ លោក រដ្ឋមន្ត្រីអូស្ត្រាលី ទទួលស្គាល់ ថា ពិតមែនហើយ នាវារបស់កងទ័ពចិនស្ថិតនៅក្នុងដែនទឹក អន្តរជាតិ អាចមានសិទ្ធិធ្វើអ្វីក៏បាន ។ ក៏ប៉ុន្តែ លោកអះអាងតាមធម្មតា បើកងទ័ពអូស្ត្រាលីធ្វើសមយុទ្ធដូចគ្នានេះ គឺគេប្រកាសដំណឹង ឲ្យ ដឹងមុន យ៉ាងហោចណាស់ ក៍ ១២ ទៅ ២៤ម៉ោងមុនដែរ ដើម្បី ឲ្យ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវីល មានពេលវេលាគ្រប់គ្រាន់ ត្រៀមខ្លួន ជាមុន ។ តែករណីចិននេះ គឺមិនបានជូន ដំណឹង ជាមុន ទេ ធ្វើ ឲ្យក្រុមហ៊ុនអាកាសចរណ៍ ភ័យជ្រួលច្របល់នៅនាទីចុងក្រោយ តែសំណាងល្អដែល ពួកគេ ស្វែងរកផ្លូវ វាង បានទាន់ពេលវេលា ។
ផ្អែកតាមលោក Richard Marles រដ្ឋាភិបាលអូស្ត្រាលី បានស្នើសុំការពន្យល់ពី ខាងភាគីចិន ថាហេតុអ្វីបានជាកងទ័ពចិន មក ធ្វើលំហាត់សម បាញ់គ្រាប់ពិត នៅក្នុងតំបន់សមុទ្រចន្លោះអូស្ត្រាលីនិង នូវែលសេឡង់ទៅវិញ? ហើយថាតើ ហេតុអ្វី បានជាចិន មិនជូនដំណឹងឲ្យ គេដឹងមុន ច្រើនម៉ោងជាងនេះ ដើម្បីបញ្ចៀសបញ្ហាចលាចល ?
ភ្លាមៗនៅថ្ងៃសុក្រ លោក Guo Jiakun អ្នកនាំពាក្យ ក្រសួងការបរទេសចិន បាន បញ្ជាក់ថា កងទ័ពចិនពិត ជាបាន ធ្វើសមយុទ្ធ ពិតមែន តែជាសមយុទ្ធដ៏ស្របច្បាប់និង មានសន្តិសុខបំផុត ។ ដោយ មិនបញ្ជាក់ថាក្នុង សមយុទ្ធនេះ មាន ប្រើ គ្រាប់ពិតឬក៏អត់ អ្នកនាំពាក្យ ចិនរូបនេះបានត្រឹមអះអាងថា សមយុទ្ធបានដំណើរការទៅ ដោយ សុវត្ថិភាព ប្រកបដោយ ភាពជំនាញ ត្រឹមត្រូវ ពីដើមរហូតដល់ចប់ ។
ដោយឡែក លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានលើកឡើង កាលពីថ្ងៃសុក្រ ថាចិន ខ្វះតម្លាភាព ទាក់ទិន ការធ្វើសមយុទ្ធ ដែល ប្រើគ្រាប់ពិត ពោលគឺមានការលាក់បាំងខ្លាំងណាស់ ។ លោកស្រីអះអាងថា នឹងលើកយកបញ្ហានេះទៅនិយាយជាមួយ សមភាគីចិន នៅក្នុងកិច្ចប្រជុំ G20 នៅឯ ក្រុងJohannesburg ។ តែយ៉ាងណាលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អត់តូនី អាល់បានេស បញ្ជាក់ថាគិតត្រឹមពេលនេះ មិនមានគ្រោះថ្នាក់ណាមួយចោទមក លើ កងកម្លាំងអូស្ត្រាលី ឬនូវែលសេឡង់ទេ។
គួរបញ្ជាក់ថា យោងតាម បណ្តាញ ព័ត៌មានអូស្ត្រាលី គឺនាវារបស់កងទ័ពចិន ចំនួន ៣គ្រឿង បានរំកិលខ្លួន ចូល មកកៀកចម្ងាយ ប្រមាណ ១៥០miles ពីឆ្នេរអូស្ត្រាលី កាលពី ដើមសប្តាហ៍ នេះ មុននឹង ចាប់ផ្តើម ធ្វើសមយុទ្ធ ។ បន្ទាប់ពីមានការសង្ស័យថា កងទ័ពចិន អាចប្រើគ្រាប់ពិត ទីភ្នាក់ងារសន្តិសុខ អាកាសចរណ៍ស៊ីវីលអូស្ត្រាលី បានជូនដំណឹងឲ្យ ក្រុមហ៊ុនអាកាសចរណ៍ ដែលមានជើងហោះហើរក្នុងតំបន់ឆ្លងកាត់រវាង អូស្ត្រាលីនិងនូវែលសេឡង់ ត្រូវតែ ប្តូរផ្លូវហោះហើរជាបន្ទាន់។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដូចជា Qantas Jestar Virgin Australia និង Air New Zealand សុទ្ធតែបាន បញ្ជាក់ ថាគេបាន ប្តូរផ្លូវហោះហើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
សូមរំលឹកថា កាលពី ថ្ងៃទី ១៣កុម្ភៈថ្មីៗនេះ អូស្ត្រាលីបាន ចោទ ថា យន្តហោះចម្បាំងចិន មួយ គ្រឿង ប្រភេទ Shenyang J-16 បាន ហោះចូលមកប្រកៀកនិងយន្តហោះចម្បាំង អូស្ត្រាលី ដែល កំពុង ហោះល្បាតនៅ តំបន់ សមុទ្រចិន ខាងត្បូង ហើយ បាន បាញ់ ពន្លឺភ្លើងធ្វើឲ្យ ចាំងភ្នែក។ ដូចគ្នាដែរ កាលពីឆ្នាំ ២០២៤ អូស្ត្រាលីបានចោទថា យន្តហោះចម្បាំង ចិន បានបាញ់គ្រាប់ពន្លឺ ភ្លើងធ្វើ ឲ្យចាំងភ្នែក មក លើឧទ្ធម្ភាគចក្រ មួយគ្រឿងរបស់ អូស្ត្រាលីនៅក្នុងដែនអាកាសអន្តរជាតិ ។ ចំណែក កាលពី ឆ្នាំ ២០២៣ នៅមិនឆ្ងាយ ប៉ុន្មាន ពីឆ្នេរសមុទ្រជប៉ុន នាវាចម្បាំងមួយគ្រឿងរបស់ចិន បាន បាញ់គ្រាប់ បំផ្ទុះដោយ ប្រើ កម្លាំងសូណារ ទៅលើ អ្នកជំនាញមុជទឹកបាតសមុទ្រនៃកងទ័ពអូស្ត្រាលី បណ្តាល ឲ្យ មនុស្សច្រើន នាក់រងរបួស៕
Nº.0468