អនុប្រធានាធិបតីអាមេរិកធានាសន្តិភាពជានិរន្តរ៍នៅអ៊ុយក្រែន
ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥៖
នៅ អាល្លឺម៉ង់ ប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និង អនុប្រធានាធិបតីអាមេរិក លោក JD Vance បាន ជួប គ្នា ដោយ ផ្ទាល់ ជា លើកទី១ ក្នុង ឱកាសសន្និសីទអន្តរជាតិ ស្តីពី សន្តិសុខ ដែលជា ជំនួប ប្រជុំ ប្រមុខ ដឹកនាំ កំពូលៗ នៅលើ ពិភពលោក រៀបចំ នៅក្រុង ម៉ុយនិក ។ ក្នុង ជំនួប ដាច់ដោយឡែកជា លក្ខណៈ ទ្វេភាគី នាយប់ ថ្ងៃសុក្រ ទី ១៤ កុម្ភៈ លោក អនុប្រធានាធិបតីអាមេរិកបាន ធានាអះអាងអំពី «សន្តិភាពជានិរន្តរ៍»នៅអ៊ុយក្រែន។ ចំណែក ប្រធានាធិបតី ហ្សេឡេនស្គី មានប្រសាសន៍ ថា ប្រទេស របស់គាត់ ទំនង ជា មាន សង្ឃឹម រស់ តិច តួច ណាស់ ប្រសិន បើ គ្មាន ជំនួយ ពី សហរដ្ឋអាមេរិក។
ជំនួបទ្វេភាគីរវាង ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និងអនុប្រធានាធិបតីអាមេរិក លោក JD Vance នៅ ក្រុង ម៉ុយនិច ត្រូវ គេរំពឹង រង់ចាំជាខ្លាំង បន្ទាប់ ពីមានការ រិះគន់ច្រើន ជុំវិញ កិច្ច សន្ទនា តាម ទូរស័ព្ទ រវាង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង ប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពី សប្តាហ៍ មុន ។ ក៏ប៉ុន្តែ កិច្ចពិភាក្សា គ្នា ផ្ទាល់ ជា លើក ដំបូង រវាងលោក ហ្សេឡេនស្គី និងលោក JD Vance មាន ខ្លឹមសារ លម្អិត តិចតួចណាស់ ដែល បានត្រូវ ទម្លាយ ឲ្យ ដឹង ។ ភាគីថ្នាក់ដឹកនាំទាំងពីរ គ្រាន់តែ អះអាង រួម គ្នាថា ការ ពិភាក្សា ជារួមបាន ប្រព្រឹត្តទៅ យ៉ាងល្អក្នុង ការ ស្វែង រក មធ្យោ បាយ ដើម្បី ឈាន ទៅ កំណត់ កម្មវត្ថុ សន្តិភាព ។ អនុប្រធានាធិបតី JD Vance បញ្ជាក់ ហើយ បញ្ជាក់ ទៀត ថា សហរដ្ឋអាមេរិក ត្រៀម ខ្លួន ជាស្រេច ដើម្បីជំរុញ ឲ្យ បញ្ចប់ សង្គ្រាម អ៊ុយក្រែន ឲ្យ បាន ឆាប់ និង កសាង សន្តិភាព មួយ ជានិរន្តរ៍ ហើយ ជា សន្តិភាព ដែលយូរអង្វែង និង មិន បណ្តាល ឲ្យ ផ្ទុះ ជម្លោះ ជាថ្មី នៅ អឺរ៉ុប ខាងកើត នា ប៉ុន្មា នឆ្នាំ ខាងមុខ នោះឡើយ។ ដើម្បី សម្រេច កិច្ចការនេះគឺ នឹង មាន ជំនួប ចរចា ថ្នាក់កំពូលៗ ច្រើន ទៀត ដែលត្រូវរៀបចំ នៅ ពេលដ៏ខ្លី ខាងមុខ នេះ។
ពីចំណែកខ្លួន ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី លើកឡើង ថា លោក នឹង សុខចិត្ត ជួប ចរចាជាមួយ ចៅហ្វាយ វិមាន ក្រេមឡាំង លោក វ្ល៉ាឌីមៀរ ពូទីន ល្គឹកណាតែ មាន ផែនការ សន្តិភាព រួម មួយ ច្បាស់ លាស់ ដែល មាន ភាគី សហរដ្ឋអាមេរិកនិង អឺរ៉ុប ចូលរួម ផង។ ទន្ទឹម នឹង គ្នា នេះដែរ ថ្នាក់ដឹកនាំ បារាំង និង អាល្លឺម៉ង់ ដែល ជា ក្បាលម៉ាស៊ីន អឺរ៉ុប មិន យល់ស្រប សោះឡើយចំពោះ ការ ចរចា សន្តិភាពឲ្យ អ៊ុយក្រែន ដោយ គ្មានការ ចូលរួមសម្រេច ពីសំណាក់ អ៊ុយក្រែនខ្លួន ឯង ។
" សេរីភាព បញ្ចេញមតិ សុទ្ធតែ ដើរថយក្រោយ "
ចំពោះ ទំនាក់ទំនង ជាមួយ សម្ព័ន្ធមិត្ត អឺរ៉ុប អនុប្រធានាធិបតីអាមេរិក បែរជាបាន រិះគន់ចំពោះ លំហ សេរីភាព បញ្ចេញ មតិ នៅ បណ្តា ប្រទេស អឺរ៉ុបថា ហាក់ កំពុងតែ រួញ តូច។ បើតាម លោក JD Vance មិនថា នៅ អង់គ្លេសនិងបណ្តាប្រទេសក្នុង សហភាពអឺរ៉ុបនោះទេ សេរីភាព បញ្ចេញមតិ សុទ្ធតែ ដើរថយក្រោយ។ ក្នុង សុន្ទរកថា នៅសន្និសីទអន្តរជាតិស្តីពីសន្តិសុខ លោក JD Vance ក៏បាន រិះគន់ សេចក្តី សម្រេច របស់ តុលាការ កំពូលរូម៉ានី ដែល បាន សម្រេច លុប ចោល ការ បោះឆ្នោត ប្រធានាធិបតី ពីព្រោះតែ សង្ស័យ បន្តិចបន្តួច ពី សំណាក់ ក្រុម ចារកិច្ច ជុំវិញការលូក ដៃ ពីបរទេស។ រូម៉ានីធ្វើ ដូច្នេះក៏ ព្រោះតែ រងសម្ពាធ ធ្ងន់ ពីប្រទេស អឺរ៉ុប ជិតខាង។ បើតាម អនុប្រធានាធិបតីអាមេរិកដដែល ប្រសិន បើ ប្រជាធិបតេយ្យ ក្នុង ប្រទេស របស់ អ្នក អាច ត្រូវ បំផ្លាញ ដោយសារតែ ការ ឃោសនា ផ្សាយ ពាណិជ្ជកម្ម របស់ ប្រទេស ដទៃ បាន សេចក្តីថា ប្រជាធិបតេយ្យ នោះ មិន ខ្លាំងឡើយ។
មិនតែប៉ុណ្ណោះ ក្នុង វិស័យ សន្តិសុខ ការពារជាតិនិង សំណុំ រឿង អង្គការ អូរតង់ លោក JD Vance បាន អំពាវនាវ ត្រង់ ៗ ឲ្យ អឺរ៉ុប គិតគូរ ពី ស្វយ័តភាព ការពារ សន្តិសុខ ដោយខ្លួនឯង។ បាន សេចក្តីថា ត្រូវតែ វិនិយោគទុន និង បង់លុយវិភាគទាន ឲ្យ ច្រើនៗ ចំពោះ វិស័យ ការពារជាតិ ហើយ កុំ រំពឹងអាង តែទៅលើ កិច្ចការពារ របស់សហរដ្ឋអាមេរិក ។ ក្នុង ស ម្តីដូចគ្នា នេះដែរ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Pete Hegseth ថ្លែង បញ្ជាក់ពីក្រុង វ៉ាសូវី ថា ល្មមដល់ពេលហើយដែល អឺរ៉ុប ត្រូវ វិនិយោគទុនលើវិស័យ ការពារជាតិ និង មិនត្រូវ ពឹងផ្អែក លើ វត្តមាន ទាហាន អាមេរិក តែ រហូត នោះឡើយ ។
ជា ចម្លើយតប ប្រធានាធិបតី បារាំង អេម៉ានុយអែល ម៉ាក្រុង បាន អះអាងថា អឺរ៉ុប នឹង ពង្រឹង សន្តិសុខ រួមគ្នា និងការពារ ខ្លួនឲ្យ ឯករាជ្យស្វយ័ត ហើយ ប្រទេស បារាំង នឹង ដើរ តួនាទីដ៏ សំខាន់ដើម្បី ជំរុញ កិច្ចការនេះ៕
Nº.0457