លោក ដូណាល់ ត្រាំនិយាយថា “អ៊ុយក្រែនអាចក្លាយជា របស់ រុស្ស៊ី ក៏ថាបាន នៅថ្ងៃណាមួយ”

7News

លោក ដូណាល់ ត្រាំនិយាយថា “អ៊ុយក្រែនអាចក្លាយជា របស់ រុស្ស៊ី ក៏ថាបាន នៅថ្ងៃណាមួយ”

ចេញផ្សាយថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៥៖

ជាថ្មីម្តងទៀត លោក ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាននិយាយសម្តី បង្កឲ្យ មានភាពស្រពេចស្រពិល ទាក់ទិននឹងអនាគតរបស់ទឹកដី អ៊ុយក្រែន ដែល កំពុងតែរងគ្រោះដោយ សង្គ្រាមឈ្លានពាន របស់ រុស្ស៊ី ។ កាលពីថ្ងៃចន្ទ ទី ១០ កុម្ភៈ នៅតាមកញ្ចក់ទូរទស្សន៍ FOX News លោក ដូណាល់ ត្រាំ បាននិយាយ ក្នុងន័យ បញ្ឆិតបញ្ឆៀងថា ថ្ងៃណាមួយ អ៊ុយក្រែន អាចក្លាយជារបស់រុស្ស៊ី ក៏ថាបាន ។ លោកដូណាល់ ត្រាំបានអះអាងទៀតថា អ៊ុយក្រែន ត្រូវតែ សងត្រលប់មកអាមេរិក វិញជាធនធានរ៉ែ ស្មើនឹង ទំហំទឹកប្រាក់ដែលអាមេរិក បានជួយ កន្លងមក។

ឆ្លើយនៅក្នុងបទសម្ភាសន៍ មួយ ផ្សាយតាមកញ្ចក់ទូរទស្សន៍ FOX News លោក ដូណាល់ ត្រាំ បាននិយាយ ថា អ៊ុយក្រែន អាច ចរចា សម្រេចបានកិច្ចព្រមព្រៀង ឬមួយ ក៏អាចគ្មានកិច្ចព្រមព្រៀង។ ហើយនៅថ្ងៃណាមួយ អ៊ុយក្រែនក៏អាចក្លាយជារបស់រុស្ស៊ី ឬុមួយ ក៏ មិន មែនជារបស់ រុស្ស៊ី ក៏ថាបាន ។ សំដីរបស់ លោក ដូណាល់ ត្រាំ នេះ បានញ៉ាំងឲ្យ មានការងឿងឆ្ងល់ ព្រោះវា ហាក់ មានន័យថាលោកដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតី សហរដ្ឋអាមេរិក មហាអំណាចប្រជាធិបតេយ្យ ដ៏ធំជាងគេ គឺលោក មិនខ្វល់ សូម្បី បន្តិចឡើយណា ថាអ៊ុយក្រែនក្លាយ ទៅជាអ្វី ទាំងដែល បច្ចុប្បន្ននេះ គឺអ៊ុយក្រែន កំពុងត្រូវបានរុស្ស៊ីជាអ្នកធ្វើសង្គ្រាមឈ្លានពានទឹកដី ។

ប្រតិកម្ម ដោយ ក្តីពេញចិត្ត ចំពោះ សំដីរបស់ លោកដូណាល់ ត្រាំ នេះ លោក Dmitri Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានអះអាង ថា៖ ការពិតជាក់ស្តែងគឺវាដូច្នេះមែន គឺថាមួយ ភាគធំនៃប្រជាជនអ៊ុយក្រែន បានបង្ហាញចេតនា ចង់ ក្លាយជារុស្ស៊ី ។ សំដីលើកឡើងរបស់ លោក Dmitri Peskov នេះ គឺទំនងជាចង់សំដៅទៅលើ ការបោះឆ្នោតព្រមចុះចូលជាមួយរុស្ស៊ី ដែលរុស្ស៊ី បានរៀបចំធ្វើ នៅតាមតំបន់ទាំង៤របស់អ៊ុយក្រែន ដែលរុស្ស៊ីវាយដណ្តើមបាន គឺតំបន់ Lougansk Donetsk Kherson និង Zaporijjia។ ជាការបោះឆ្នោត ដែលត្រូវបាន អ៊ុយក្រែននិង សហភាពអឺរ៉ុបចាត់ទុកថាជាឆាកល្ខោន ។

សូមបញ្ជាក់ដែរ ថានៅក្នុងបទសម្ភាសន៍ ដដែលនេះ លោក ដូណាល់ ត្រាំ បាន និយាយបញ្ជាក់ជាថ្មី ម្តង ទៀតថា លោកនឹងទាមទារឲ្យ អ៊ុយក្រែន សងមកឲ្យ អាមេរិក វិញ ឲ្យ បាន ស្មើនឹងទំហំទឹកប្រាក់ ប្រមាណ ៥០០ពាន់លានដុល្លារ ដែលអាមេរិក បានជួយអ៊ុយក្រែន ជិត ៣ឆ្នាំមកនេះ ។ សំណងនេះ គឺអ៊ុយក្រែនត្រូវតែសង តាមរយៈការបើក ទ្វារ ឲ្យ អាមេរិក ចូលទៅ គាស់យកធនធាន រ៉ែដីកម្រ នៅក្នុងទឹក ដី អ៊ុយក្រែន ។

គួរកត់សំគាល់ថា ក្រោយ លោកដូណាល់ ត្រាំ ចូលកាន់អំណាច អ៊ុយក្រែនហាក់ដូចជារងនូវសំពាធយ៉ាងខ្លាំង ណាអាមេរិក ប្រកាសថាលែងជួយ ណានៅសមរភូមិ កងទ័ពរុស្ស៊ីវាយឈ្នះរុលទៅមុខកាន់តែខ្លាំង។ កាលពីសប្តាហ៍ កន្លងទៅ លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានបញ្ជាក់ ថា អ៊ុយក្រែនត្រៀមបើកទ្វារ ចាំទទួលការ វិនិយោគ ពីខាងក្រុម ហ៊ុន អាមេរិក ដែលចង់មករកស៊ី ជីករ៉ែនៅអ៊ុយក្រែន ។ លោកហ្សេឡេនស្គី បានទទួលស្គាល់ទៀតថា អ៊ុយក្រែន សុខចិត្តចរចាជាមួយរុស្ស៊ី ប្រសិន បើគ្មានជម្រើសផ្សេង តែការចរចានេះ ត្រូវតែមាន អាមេរិក និងអឺរ៉ុបចូលរួមដឹងឮដែរ ។ ទន្ទឹមគ្នានេះ លោកហ្សេឡេនស្គី បានទាមទារលក្ខខណ្ឌថា ត្រូវ តែ មានការ ធានាការពារសន្តិសុខឲ្យ អ៊ុយក្រែនទៅថ្ងៃអនាគត ដូចជាការ សម្រេចឲ្យអ៊ុយក្រែនចូលក្នុងអូតង់ ឬការ ដាក់ពង្រាយ កងទ័ពរក្សាសន្តិភាពនៅតាមព្រំដែនជាដើម។ លោក ហ្សេឡេនស្គីអះអាងថា ប្រសិនបើគ្មានលក្ខខណ្ឌការពារទាំងនេះទេ នោះថ្ងៃមុខ រុស្ស៊ី នឹងធ្វើអំពើឈ្លានពាន បែបនេះសារជាថ្មីម្តងទៀត។

គួរបញ្ជាក់ដែរថា គិតត្រឹមពេលនេះ មិនទាន់មានតម្រុយអ្វី ជាក់លាក់ទេ ទាក់ទិននឹងការចរចាសន្តិភាព។ រដ្ឋបាលថ្មីរបស់ លោកដូណាល់ ត្រាំ ទើបតែចាប់ផ្តើម ភ្ជាប់ទំនាក់ទំនងជាមួយភាគីអ៊ុយក្រែនតែប៉ុណ្ណោះ។ នៅសុក្រ ទី ១៤កុម្ភៈនេះ លោក JD Vance អនុប្រធានាធិបតី អាមេរិក នឹងទៅជួប លោក ហ្សេឡេនស្គី នៅ ក្នុងឱកាសសន្និសីទស្តីពីសន្តិសុខនៅទីក្រុងមុយនិច។ លោក Keith Kellogg ប្រេសិតអាមេរិកទទួលបន្ទុក សំណុំរឿងអ៊ុយក្រែន និង លោក រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ក៏នឹងមានវត្តមាននៅក្នុងសន្និសីទនេះដែរ។ ហើយតាមការគ្រោងទុក លោក Keith Kellogg នឹងធ្វើដំណើរទៅទីក្រុងកៀវ នៅ ថ្ងៃទី ២០ កុម្ភៈ៕




Nº.0445

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top