វៀតណាមនឹងធ្វើបដិវត្ត កាត់បន្ថយ បុគ្គលិក មន្រ្តីរដ្ឋ ២០% ក្នុងរយៈពេល ៥ឆ្នាំ
ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ច ឲ្យកាន់តែបោះជំហាន លឿនទៅមុខ បក្សកុម្មុយនិស្តវៀតណាម ចង់ធ្វើបដិវត្ត មួយធំ ដោយ កាត់បន្ថយ ចំនួនបុគ្គលិក តាម ស្ថាប័ន រដ្ឋ ឲ្យបាន ២០% ពីពេលនេះ រហូត ដល់ ឆ្នាំ ២០៣០។ ឆ្នាំដែល វៀតណាម ប្តេជ្ញា ចង់ក្លាយ ជា ប្រទេស មានប្រាក់ចំណូលមធ្យម មុន នឹង ហក់ចូលក្នុង ចំណោមប្រទេស មាន ប្រាក់ចំណូលខ្ពស់ ក្នុង រង្វង់ឆ្នាំ ២០៤៥។ តើ ប្រទេស កុម្មុយនិស្ត វៀតណាម អាច ធ្វើកំណែទម្រង់ ដោយ ការបណ្តេញ បញ្ឈប់ បុគ្គលិក រដ្ឋ តាមគោលដៅ របស់ខ្លួន ដែរឬទេ?
ប្រសិនបើយើងចង់ឲ្យខ្លួនជាសះស្បើយ គ្មានជំងឺ ពេលខ្លះ យើងត្រូវ លេបថ្នាំដ៏ល្វីង និងទ្រាំឈឺចាប់ មួយរយៈពេល ដើម្បីឲ្យការព្យាបាលអាច កម្ចាត់ មេរោគមហារីក”។ អគ្គលេខាធិការបក្ស កុម្មុយនិស្ត វៀតណាម លោក តូ ឡាំ បានប្រើ ន័យធៀប យ៉ាងដូច្នេះ នៅពេល លោក និយាយ ពី ចំនួន បុគ្គលិក នៅតាម ស្ថាប័ន រដ្ឋវៀតណាម។
កាលពី ខែ ធ្នូ ចុងឆ្នាំមុន ប្រធានបក្ស កុម្មុយនិស្ត វៀតណាមរូបនេះ ធ្លាប់ព្រមាន រួចហើយថា ទីភ្នាក់ងារ ស្ថាប័នរដ្ឋ មិនគួរ ជា កន្លែងលាក់ខ្លួន របស់ មន្រ្តីអន់ៗ គ្មានសមត្ថភាពនោះទេ។
ចាប់តាំង ពី លោក តូ ឡាំ ចូលកាន់ក្បាល ម៉ាស៊ីន ដឹកនាំ កាលពីពាក់ កណ្តាល ឆ្នាំមុន បក្ស កុម្មុយនិស្តវៀតណាម បាន ដាក់គោលនយោបាយ ថ្មី ចង់បាន រដ្ឋាភិបាល ទំនើបមួយ ដែល មាន ប្រព័ន្ធ ដឹកនាំ ស្រាល សកម្ម ដើម្បី សម្របខ្លួន នឹង បរិបទសេដ្ឋកិច្ច សកល។
កាត់បន្ថយ បុគ្គលិក ដើម្បី សម្រាលទម្ងន់ចំណាយ របស់រដ្ឋាភិបាល។ នៅ ថ្ងៃពុធ ទី ១២ កុម្ភៈ ខានស្អែកនេះ សភាវៀតណាម នឹងពិនិត្យ សេចក្តីព្រាងច្បាប់ ដែល ដៅកាត់បន្ថយ បុគ្គលិក នៅក្នុងមុខងារសាធារណៈ ឲ្យ បាន ២០% ពីពេលនេះ រហូត ដល់ ឆ្នាំ ២០៣០។
យោងតាម សេចក្តីព្រាងច្បាប់ ខាងលើ បក្សកុម្មុយនិស្ត វៀតណាម គ្រោង នឹង កាត់បន្ថយ ចំនួន ក្រសួង និងទីភ្នាក់ងារ ពី ៣០ មក នៅ ចំនួន ២២។
គិតត្រឹម ឆ្នាំ ២០២២ វៀតណាម មាន បុគ្គលិករដ្ឋ ប្រមាណ ជាង ២លាននាក់។ បើតាម រដ្ឋាភិបាល ១ភាគ៥នៃចំនួន ការងារ នៅតាម ស្ថាប័នរដ្ឋ នឹង ត្រូវ កាត់ជម្រុះចោល ក្នុងរយៈពេល ៥ឆ្នាំទៅមុខ។ មន្រ្តីរដ្ឋការ ប្រមាណ ១សែននាក់ នៅតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប៉ូលិស និង តាម ជួរកងទ័ព នឹង ត្រូវ បណ្តេញចេញពីការងារ ឬបង្ខំ ឲ្យ ចូលនិវត្តន៍មុនកាលកំណត់។
អាជ្ញាធរវៀតណាមវាយតម្លៃថា ការកាត់បន្ថយ បុគ្គលិករដ្ឋ ជាង ១សែននាក់ នឹង ធ្វើ ឲ្យ រដ្ឋសន្សំ បានថវិកា ៤,៣ពាន់លាន ដុល្លារ ក្នុង រយៈពេល ៥ឆ្នាំ ខណៈដែល ការចំណាយ លើ ប្រាក់បំណាច់ឈប់ពីការងារ និង ប្រាក់ចូលនិវត្តន៍មុនកាលកំណត់ មានចំនួន ច្រើនជាង ដល់ ទៅ ៥ពាន់លាន ដុល្លារ។ ទោះការចំណាយ លើ ការកាត់បន្ថយ បុគ្គលិក មាន ច្រើន នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ ប៉ុន្តែ បក្សកុម្មុយនិស្ត វៀតណាម សំឡឹង ឃើញ ប្រយោជន៍ នៅថ្ងៃអនាគត នៅពេល រដ្ឋាភិបាលមានបន្ទុកចំណាយ កាន់តែតិច ទៅលើប្រាក់ខែ របស់ មន្រ្តី បុគ្គលិករដ្ឋ។
ដោយ ធ្វើកំណែទម្រង់ តាមរយៈ ការកាត់បន្ថយ ចំនួន បុគ្គលិករដ្ឋ ដើម្បីកាត់បន្ថយ ការចំណាយរបស់ រដ្ឋ ដូច អាមេរិក របស់ លោកដូណាល់ ត្រាំ និង អាហ្សង់ទីន របស់ ប្រធានាធិបតី រ៉ាវីយ៉េ មីឡី បក្សកុម្មុយនិស្ត វៀតណាម កំពុង ធ្វើ បដិវត្តដ៏ធំមួយ ដែលជៀសមិនផុត នឹង ជួប ឧបសគ្គ។ ចំពោះ អ្នកជំនាញ ដោយប្រកាស កាត់បន្ថយ បុគ្គលិករដ្ឋ ដើម្បីកាត់បន្ថយ ការចំណាយ រដ្ឋវៀតណាម មិនប្រាកដថា នឹង អាច សម្រេចគោលដៅ ដែលចង់បាន រដ្ឋាភិបាល មួយដែល ស្រាល និង មាន សមត្ថភាព។ ទោះជា បក្សកុម្មុយនិស្តវៀតណាម ប្រកាស បើកយុទ្ធនាការប្រឆាំង អំពើពុករលួយ ដូចជា ចាប់ខ្លួន កាត់ទោស មន្រ្តីបក្ស មហាសេដ្ឋីគ្រាក់ៗ ដែលប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែ វៀតណាម នៅតែ ប្រទេសមួយដែល ល្បីខាង បក្សពួកនិយមខ្លាំង និង ជាប់នៅ ចំណាត់ ថ្នាក់ លេខ ៨៣ ក្នុងចំណោម ប្រទេស ចំនួន ១៨០ ស្តីពីទស្សនៈ លើ អំពើពុករលួយ និង តម្លាភាព។
ប្រជាជន វៀតណាមមួយចំនួន វាយតម្លៃថា មហិច្ឆតា បណ្តេញ បុគ្គលិក ដើម្បី កាត់បន្ថយ ការចំណាយ នឹងអាចធ្វើ ឲ្យ រដ្ឋ រហូតបាត់ បុគ្គលិក ដ៏មាន សមត្ថភាពពូកែ។ ពួកគេ ទាំងនោះ អាច សុខចិត្ត ទទួល យកប្រាក់បំណាច់ ឈប់ពីការងារ រដ្ឋ ប៉ុន្តែ ទៅ បន្ត ស្វែងរក ផលប្រយោជន៍ នៅ តាម ក្រុមហ៊ុន ឯកជន៕
Nº.0440